ពលរដ្ឋ ចំនួន៣ គ្រួសារ នៅប៉ោយប៉ែត ដែលអះអាងថា បានបាត់សមាជិក របស់ខ្លួន ក្នុងហេតុការណ៍ឆេះកាស៊ីណូនោះ មកទល់ពេលនេះ រកមិនទាន់ឃើញ
គ្រួសារចំនួន៣នៅក្រុងប៉ោយប៉ែតបានអះអាងប្រាប់សារព័ត៌មាន ក្នុងស្រុក ថា ពួកគាត់បានបាត់សមាជិកខ្លួនក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះកាស៊ីណូ កាលពីពេលកន្លងមក ។ គ្រួសាទី១-ប្តីឈ្មោះសំសៀត អាយុ៦៥ឆ្នាំ ប្រពន្ធឈ្មោះលីន រី អាយុ៦១ឆ្នាំ មានទីលំនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
គ្រួសានេះបន្តថា កូនស្រីបង្កើតរបស់គាត់ឈ្មោះសំ ស្រីមុំ អាយុ៣៣ឆ្នាំ ជាបុគ្គលិកផ្នែកអនាម័យនៅកាស៊ីណូហ្គ្រេន ដាយម៉ឹនស៊ីធី បានបាត់ខ្លួនតាំងពីយប់ទី២៨ ធ្នូ ២០២២ ដែលជាថ្ងៃអគ្គិភ័យបានឆាបឆេះកាស៊ីណូនោះមកទល់ពេលនេះ មិនទាន់ឃើញវិលត្រឡប់មកផ្ទះនៅឡើយទេ បន្សល់ទុកកូនប្រុសស្រី៣នាក់ ឲ្យបុរសជាប្តីជាជនពិការ និងពួកគាត់ជាតាយាយមើលថែនឹងចិញ្ចឹមបីបាច់ទាំងលំបាក។
គ្រួសាទី២-ប្តីឈ្មោះហៀង ប៊ុននឿន អាយុ៥៨ឆ្នាំ ប្រពន្ធឈ្មោះសំ សូនី អាយុ៥៦ឆ្នាំ មានទីលំនៅភូមិអូរជ្រៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ គ្រួសាទី២នេះអះអាងថា ប្អូនស្រីរបស់គាត់(ប្អូនស្រីបង្កើតខាងប្រពន្ធ)ឈ្មោះអឿ ធី ជាបុគ្គលឹកកាស៊ីណូហ្គ្រេន ដាយមិនស៊ីធី ផ្នែកអនាម័យបានបាត់ខ្លួនតាំងពីយប់អគ្គិភ័យឆាបឆេះកាស៊ីណូខាងលើ មិនទាន់ឃើញវិលត្រឡប់មកផ្ទះនៅឡើយដែរ។
គ្រួសាទី៣-ប្តីឈ្មោះផល រ៉េត អាយុ៥៨ឆ្នាំ ប្រពន្ធឈ្មោះឃុត រ៉ានី អាយុ៥៥ឆ្នាំ រស់នៅភូមិទួលពង្រ សង្កាត់អូរប្ញស្សី ក្រុងប៉ោយប៉ែត បានប្រាប់ថា ក្មួយគាត់(ក្មួយបង្កើតខាងប្តី) ឈ្មោះកែវ វិសុទ្ធ ភេទប្រុស អាយុ៥៧ឆ្នាំ ជាបុគ្គលិកកាស៊ីណូខាងលើ បានបាត់ខ្លួនទាំងមនុស្សទាំងម៉ូតូម៉ាកសង់ស៊េរីឆ្នាំ២០២២មួយគ្រឿង តាំងពីយប់ដែលមានអគ្គិភ័យឆាបឆេះកាស៊ីណូដូចគ្នា។ ឈ្មោះឃឹម វង្ស អាយុ៣២ឆ្នាំ ជាប្តីស្ត្រីរងគ្រោះនៃគ្រួសាទី១(សំស្រីមុំ)ប្រាប់ថា មុនហេតុការណ៍អគ្គិភ័យឆាបឆេះកាស៊ីណូខាងលើ ប្រពន្ធគាត់បានចេញទៅធ្វើការដូចសព្វមួយដងគឺចូលម៉ោង៨យប់ចេញម៉ោង៨ព្រឹក ប៉ុន្តែបាត់ខ្លួនតាំងពីយប់នោះមិនទាន់ឃើញវិលត្រឡប់មកផ្ទះវិញ។
ហើយថា ក្រោយហេតុការណ៍កើតឡើងប្រហែល១០ថ្ងៃ មានមនុស្ស៣នាក់ ថៃ២នាក់ ខ្មែរម្នាក់ បានទៅផ្ទះគាត់ដោយយកប្រាក់ឲ្យចំនួន១ម៉ឺនប្រាំពាន់បាត ដោយនិយាយថា ជាប្រាក់ចូលរួមរំលែកទុក្ខនឹងឲ្យទិញទឹកដោះគោឲ្យកូនស្រីតូច ។ ចំណែកគ្រួសាទី២និយាយថា ក្រោយហេតុការណ៍អគ្គិភ័យកើតឡើងនឹងដោយសារមិនឃើញជនរងគ្រោះត្រឡប់មកផ្ទះសង្ស័យថា ស្លាប់សាច់ញាតិបានចាត់ចែងធ្វើបុណ្យ។
ក្នុងពិធីបុណ្យនោះ ក៏មានជនជាតិថៃនិងខ្មែរសង្ស័យតំណាងឲ្យខាងក្រុមហ៊ុនកាស៊ីណូបានយកប្រាក់ចំនួន១៥០០០បាតទៅចូលរួមរំលែកទុក្ខ ហើយអះអាងថា នឹងជួយថវិការចំនួន៥០០០បាតជួយគ្រួសារងគ្រោះ ដើម្បីចិញ្ចឹមកូនចំនួន៣ខែបន្តទៀត។សាច់ញាតិគ្រួសារងគ្រោះទាំង៣ខាងលើ អះអាងថា ក្រោយហេតុការណ៍ឆាបឆេះកាស៊ីណូនឹងបាត់សមាជិកខ្លួនពួកគាត់បានទៅដាក់ពាក្យបណ្តឹងទាមទារឲ្យអាជ្ញាធរនឹងសមត្ថកិច្ចជួយស្វែងរកសាច់ញាតិនឹងទាមទាររកយុត្តិធម៍រួចហើយ។
ដ្បិតគ្រួសាទី១នឹងទី២អះអាងថា ទទួលបានថវិកាមួយចំនួនពីជនជាតិថៃ សង្ស័យតំណាងឲ្យក្រុមហ៊ុនកាស៊ីណូដែលរងការឆាបឆេះ ប៉ុន្តែពួកគាត់ពិសេសគ្រួសាទី៣ផង សុំអំពាវនាវដល់រាជរដ្ឋាភិបាលជួយរកយុត្តិធម៌ពោល គឺចង់បានសំណងសមរម្យ ព្រោះសមាជិកគ្រួសារពួកគាត់បាត់ខ្លួនក្នុងម៉ោងការងារ ។ មិនតែប៉ុណ្ណោះ ពូមីងជនរងគ្រោះទី៣និយាយថា តាំងពីករណីអគ្គិភ័យកើតឡើងមកដល់ពេលនេះ ប្រពន្ធជនរងគ្រោះនៅតែបន្តស្វះស្វែងរកយុត្តិធម៌នៅឡើយ ហើយប្រាប់ពួកគាត់ថា នាងមិនទាន់ទទួលបានសំណងអ្វីទាំងអស់។
ជុំវិញករណីខាងលើ នេះ មិនអាចទំនាក់ទំនងខាងក្រុមហ៊ុនកាស៊ីណូដែលរងកាឆាបឆេះសុំកាបំភ្លឺបានទេព្រោះមិនស្គាល់លេខទូរស័ព្ទ ។ ចំពោះអភិបាលក្រុង វិញ បានសាកសួរតាមបណ្តាញសង្គមតេឡេក្រាម ដើម្បីចង់ដឹងថា តើក្រោយ ហេតុការណ៍ឆាបឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែត មានពលរដ្ឋខ្មែរដាក់ពាក្យបណ្តឹងស្វះស្វែងរកសាច់ញាតិឬទេ ? លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត មិនមានកាអត្ថាធិប្បាយតបឡើយ។
ដោយឡែក លោកវរសេនីយ៍ឯកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតប្រាប់ អោយដឹងថា ពិតជាមានពលរដ្ឋមួយចំនួនបានដាក់ពាក្យបណ្តឹងទាមទារឲ្យអាជ្ញាធរនឹងសមត្ថកិច្ចជួយស្វែងរកសាមាជិកខ្លួនដែលអះអាងថាបាត់ក្នុងហេតុការណ៍អគ្គីភ័យឆេះកាស៊ីណូនាពេលកន្លងមកមែន ប៉ុន្តែលោកថាពេលនេះ ថ្នាក់ដឹកនាំក្នុងខេត្តដែលបានបង្កើតគណៈកម្មការកំពុងបន្តស្រាវជ្រាវយ៉ាងសស្រាក់សស្រាំនៅឡើយ ។
Post a Comment