ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរ មីទ្ទិញរំឮកខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩-០៧.០១.២០២៣) និងពិធីសម្ពោធទីស្នាក់ការគណបក្សក្រុងប៉ោយប៉ែត

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរ មីទ្ទិញរំឮកខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩-០៧.០១.២០២៣) និងពិធីសម្ពោធទីស្នាក់ការគណបក្សក្រុងប៉ោយប៉ែត

ប៉ោយប៉ែត៖ ព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរ មីទ្ទិញរំឮកខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩-០៧.០១.២០២៣) និងពិធីសម្ពោធទីស្នាក់ការគណបក្សក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យពី សម្ដេចតេជោ ហ៊ុន សែន សម្ដេចហេង សំរិន សម្ដេចស ខេង សម្ដេចសាយ ឈុំ សម្តេចទៀ បាញ់ លោកជំទាវ ម៉ែន សំអនជូនចំពោះសមាជិក សមាជិកាគណបក្សនិងជនរួមជាតិទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ សូមប្រកបតែនឹងពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ ។
ក្នុងនាមគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានសម្តែងនូវការគោរពដឹងគុណ និងសេចក្តីស្រឡាញ់ដ៍ជ្រាលជ្រៅបំផុត ចំពោះជនរួមជាតិដែលតែងតែផ្តល់ការជឿជាក់និងគាំទ្រយ៉ាងធំធេងចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្រ្តកម្ពុជា និងគោរពនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានប្រយុទ្ធតស៊ូធ្វើពលិកម្មដើម្បីឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដី និងវឌ្ឍនភាពនៃមាតុភូមិកម្ពុជា ។
ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តដោយសង្កត់ធ្ងន់ថា មូលដ្ឋានគ្រឹះនៃជ័យជម្នះ ៧មករា បានផ្តល់ឱកាសឱ្យយើងអាចកសាងសន្តិភាពបានទាំងស្រុងនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស យើងបានជំនះរាល់ឧបសគ្គ និងការលំបាករាប់ម៉ឺនជំពូក នាំប្រទេសជាតិចេញផុតពីគ្រោះប្រល័យពូជសាសន៍ មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រមទាំងបានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃមានឯកភាពជាតិ ទឹកដី រំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ពួកឧទ្ទាមបង្កើតបាននូវសន្តិភាព និតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាទៀងទាត់ ដោយទទួលបានការគាំទ្រ និងសាទរពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ។

រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានអភិវឌ្ឍគោលនយោបាយសង្គមកិច្ចជាលំដាប់ប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបដំណើរវិវត្តន៍នៃសង្គមជាតិ ព្រមទាំងទទួលបានជោគជ័យយ៉ាងធំធេងក្នុង ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សង្គ្រោះបានអាយុជីវិតប្រជាជនសារជាថ្មី និងបើកឲ្យដំណើរការប្រទេសឡើងវិញ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានណែនាំរួមគ្នាការពារដាច់ខាតសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់នូវរាល់ការបង្កចលាចលរបស់ពួកប្រឆាំងនិយម និងមជ្ឈដ្ឋានអគតិមួយចំនួន ដែលតែងតែយាយី បន្ទុចបង្អាក់ដល់ការអភិវឌ្ឍប្រទេសជាតិ និងរុញសង្គមជាតិឱ្យធ្លាក់ ក្នុងគ្រោះមហន្តរាយដូចអតីតកាលជាលើកទី២ បានឡើយ ។ ព្រមទាំងណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបម្រើប្រជាពលរដ្ឋឲ្យបានល្អ ឲ្យបានលឿន និងឆាប់រហ័ស ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបន្តចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។


Powered by Blogger.