នាយករដ្ឋមន្ត្រីកម្ពុជាគាំទ្រចំពោះគម្រោងកែច្នៃសំរាមទៅជាថាមពលរបស់ក្រុមហ៊ុនកូរ៉េនៅកម្ពុជា

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​ប្រកាស​គាំទ្រ​ចំពោះ​គម្រោង​កែ​ច្នៃ​សំរាម​ទៅ​ជា​ថាមពល​របស់​ក្រុមហ៊ុន​អេកូ​ខាម​របស់​កូរ៉េ​នៅ​ប្រទេស​កម្ពុជា​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្តម អ៊ា​ង សុ​ផល្លែ​ត ជំនួយការ​ផ្ទាល់ សម្រេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​នៅ​ក្រោយ​ជំនួប​រវាង សម្ដេច​តេ​ជោ ហ៊ុន សែន ជាមួយ​លោក ប៉ាក ហឹ​ង​ឃ្យុ​ង (Park Heung Kyeong) ឯកអគ្គរដ្ឋទូត​កូរ៉េ ប្រចាំ​កម្ពុជា នា​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២២ ថា លោក PARK Heung-Kyeong បាន​អបអរសាទរ​ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ រួម​ទាំង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អឺរ៉ុប​បាន​យ៉ាង​ជោគជ័យ​។

លើស​ពី​នេះ លោក PARK Heung-Kyeong ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​មន្ត្រីរាជការ​ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​ទាំងអស់​បាន​ផ្ដល់​នូវ​កិច្ច​សហប្រតិបត្តិការ​ល្អ ញ៉ាំង​ឱ្យ​បេសកកម្ម​ការទូត​របស់​លោក​នៅ​កម្ពុជា ទទួល​បាន​ជោគជ័យ ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ រួម​ទាំង​កិច្ច​សហប្រតិបត្តិការ​របស់​ប្រទេស​ទាំង​ពីរ​កាន់តែ​រីក​ចម្រើន​ឡើង​ថែម​ទៀត ជា​ពិសេស​តាម​រយៈ​ការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់ សម្ដេច​តេ​ជោ​ទៅ​កាន់​ប្រទេស​កូរ៉េ និង​ការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​កូរ៉េ​មក​កាន់​កម្ពុជា​,​ការ​ចូល​ជា​ធរមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​, កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួត​គ្នា និង​ជា​ពិសេស​ដំណើរការ​ឆ្លង​នៃ​គម្រោង​សាងសង់​ស្ពាន​មិត្តភាព​សាធារណរដ្ឋ​កូរ៉េ​-​កម្ពុជា ឆ្លងកាត់​ទន្លេសាប និង​ទន្លេមេគង្គ​ដែល​ចាប់ផ្ដើម​ចេញពី​ផ្សារ​ចាស់​ទៅ​អរិ​ក្សត្រ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ លោក PARK Heung-Kyeong បាន​គោរព​សុំ​ការ​គាំទ្រ អំពី​សម្ដេច​តេ​ជោ ហ៊ុន សែន នូវ​គម្រោង​កែ​ច្នៃ​សំរាម​ទៅ​ជា​ថាមពល​របស់​ក្រុមហ៊ុន​អេកូ​ខេ​ម​។​ជា​ការ​ឆ្លើយ​តប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ លោក​អគ្គរដ្ឋទូត​, និង​រដ្ឋាភិបាល​កូរ៉េ​ដែល​បាន​គាំទ្រ​ភាព​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា ហើយ​បាន​សម្ដែង​ការ​រីករាយ​ជាមួយនឹង​សមិទ្ធផល​ធំ​ៗ​ដែល​កម្ពុជា​ទទួល​បាន​ពី​ទំនាក់ទំនង​ល្អ កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​។

សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​ថា ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ ជា​សារ​បញ្ជាក់​អំពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា និង​កូរ៉េ​។​ចំពោះ​ករណី​គម្រោង​កែ​ច្នៃ​សំរាម​ទៅ​ជា​ថាមពល​របស់​ក្រុមហ៊ុន​អេកូ​ខាម​នោះ សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការ​គាំទ្រ ហើយ​បាន​ជូន​ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ធ្វើ​ការងារ​ជា​បន្ត​ជាមួយ​លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​សាលា​រាជធានី​ភ្នំ ពេញ​ផង​ដែរ​៕

Powered by Blogger.