ធនាគារពិភពលោក សម្រេចផ្ដល់ឥណទាន ២៧៤លានដុល្លារ សម្រាប់ជួយកម្ពុជាស្ដារសេដ្ឋកិច្ច
ធនាគារពិភពលោកបានសម្រេចអនុម័តផ្ដល់ហិរញ្ញប្បទានថ្មីចំនួន២៧៤លានដុល្លារថែមទៀតសម្រាប់ប្រតិបត្តិការគោលនយោបាយកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍ភាពធន់របស់កម្ពុជា បន្ទាប់ពីរងការប៉ះទង្គិចពីវិបត្តិនាពេលថ្មីៗ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកនាពេលថ្មីៗនេះបានឱ្យដឹងថា «ហិរញ្ញប្បទានដែលទើបនឹងត្រូវបានក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោកអនុម័តរួចនឹងជួយដល់កំណែទម្រង់សម្រាប់ជំរុញកំណើន និងពង្រឹងភាពធន់របស់កម្ពុជា»។
ធនាគារពិភពលោក បានលើកឡើងថា សេដ្ឋកិច្ចរបស់កម្ពុជាបានរងការខូចខាតធ្ងន់ធ្ងរពីសំណាក់ជំងឺរាតត្បាតកូវីដ-១៩ ដោយធ្វើឲ្យផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះដក៣.១ភាគរយក្នុងឆ្នាំ២០២០ ដែលជាការធ្លាក់ចុះដ៏ខ្លាំងលើកដំបូងក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។ការវិភាគទិន្នន័យបានបង្ហាញថា អត្រានៃភាពក្រីក្របានកើនឡើងចំនួន២.៨ភាគរយ ដោយរុញមនុស្សប្រហែល៤៦០០០០នាក់ ឲ្យធ្លាក់ក្នុងភាពក្រីក្រវិញ។
រដ្ឋាភិបាលបានឆ្លើយតបយ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាពទៅនឹងជំងឺរាតត្បាតតាមរយៈអន្តរាគមន៍ជួយដល់អាជីវកម្ម និងគ្រួសារដែលងាយរងគ្រោះ ប៉ុន្តែដោយសារចំណាយពាក់ព័ន្ធមានការកើនឡើងរដ្ឋាភិបាលចាំបាច់ត្រូវពង្រឹងមូលដ្ឋានសារពើពន្ធឲ្យបានរឹងមាំ ចាប់ពីពេលនេះទៅមុខទៀត។
ធនាគារពិភពលោកបន្ថែមថា បើទោះជាសេដ្ឋកិច្ចបានងើបឡើងវិញ នៅឆ្នាំ២០២១ និង២០២២ មែនក្តីបរិយាកាសចុះខ្សោយនៅខាងក្រៅមានន័យថា លទ្ធភាពវិលទៅទទួលបានអត្រាកំណើនដ៏រឹងមាំដែលធ្លាប់មាននៅមុនការផ្ទុះជំងឺរាតត្បាត ពិតជានឹងមិនងាយរកបានទេ។សង្គ្រាមដែលនៅតែបន្តមានក្នុងប្រទេសអ៊ុយក្រែនការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា និងកំណើនយឺតនៅក្នុងប្រទេសចិនកត្តាទាំងអស់នេះនឹងជះឥទ្ធិពលមិនល្អមកលើទស្សនវិស័យពាណិជ្ជកម្មរបស់កម្ពុជា។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា ប្រទេសនេះក៏ងាយរងគ្រោះខ្លាំងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុផងដែរ ដោយសារត្រូវប្រឈមនឹងទឹកជំនន់ និងគ្រោះរាំងស្ងួតញឹកញាប់។ហិរញ្ញប្បទាននេះ ទ្រទ្រង់ដល់កំណែទម្រង់ដែលនឹងសម្រួលដំណើរការចុះបញ្ជីអាជីវកម្ម, លើកកម្ពស់ការប្រកួតប្រជែង និងពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម។កំណែទម្រង់ផ្សេងទៀតនឹងបង្កើនភាពធន់នៃសារពើពន្ធ រួមទាំងការកែលម្អការគ្រប់គ្រងភាពជាដៃគូរវាងផ្នែកសាធារណៈ និងឯកជន និងការសម្រួលដល់ការលក់ប័ណ្ណបំណុលរបស់រដ្ឋាភិបាលក្នុងទីផ្សារក្នុងស្រុក។
ប្រតិបត្តិការរបស់ហិរញ្ញប្បទាននេះក៏នឹងជួយសម្រួលដល់ការផ្តល់ជំនួយទាន់ពេលវេលាដល់ក្រុមគ្រួសារដែលងាយរងគ្រោះក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ ឬវិបត្តិសេដ្ឋកិច្ចណាមួយកើតឡើង។
លោកស្រី ម៉ារៀម សាលីម ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំកម្ពុជាមានប្រសាសន៍ថា«ខណៈដែលយុទ្ធសាស្ត្រ «រស់ជាមួយកូវីដ-១៩» បានជួយស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែងាយរងគ្រោះដោយសារតែចរន្តធ្លាក់ចុះនូវតម្រូវការក្រៅប្រទេស និងការរអាក់រអួលនានានៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកលនៅឡើយ។ប្រតិបត្តិការរបស់ហិរញ្ញប្បទាននេះនឹងជួយកម្ពុជាក្នុងការជំរុញភាពប្រកួតប្រជែងរបស់ផ្នែកឯកជន, ពង្រឹងស្ថានភាពសារពើពន្ធរបស់កម្ពុជា និងផ្តល់ជំនួយដល់ប្រជាជនងាយរងគ្រោះបំផុតរបស់ខ្លួន»។
សូមរំលឹកថា ហិរញ្ញប្បទាននេះឈរលើផែនការរបស់រដ្ឋាភិបាល សម្រាប់ស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយសម័យជំងឺរាតត្បាតដែលមានគោលបំណងទូលំទូលាយបី គឺការស្តារសេដ្ឋកិច្ច, កំណែទម្រង់ និងការបង្កើនភាពធន់ និងបន្ថែមពីលើហិរញ្ញប្បទានចំនួន២០០លានដុល្លារអាមេរិក សម្រាប់ Cambodia Relief, Recovery, and Resilience Development Policy Financing ដែលត្រូវបានអនុម័តនៅក្នុងឆ្នាំ២០២១៕
Post a Comment