អាមេរិក គាំទ្របាតុកម្មប្រឆាំងគោលនយោបាយ “សូន្យកូវីដ” នៅ ចិន
មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានគាំទ្រសិទ្ធិរបស់ប្រជាជនចិនចំពោះការ “ធ្វើបាតុកម្មដោយសន្តិវិធី” ក្នុងទីក្រុងជាច្រើនប្រឆាំងនឹងគោលនយោបាយ “សូន្យកូវីដ ” របស់រដ្ឋាភិបាលចិន ហើយអាមេរិកក៏នឹងតាមដានស្ដានការណ៍នេះយ៉ាងដិតដល់ផងដែរ ។
អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា “ប្រជាជនគួរតែត្រូវបានអនុញ្ញាតឲ្យមានសិទ្ធិក្នុងការប្រមូលផ្តុំ និងតវ៉ាប្រឆាំងគោលនយោបាយ ក៏ដូចជាវិធានការរឹតបន្តឹងជំងឺកូវីដ ១៩ ដោយសន្តិវិធី” ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរូបនេះ បាននិយាយទៀតថា មនុស្សគ្រប់រូបមានសិទ្ធិតវ៉ាដោយសន្តិវិធីនៅក្នុងសហរដ្ឋអាមេរិក និងជុំវិញពិភពលោក រួមទាំងនៅក្នុងប្រទេសចិនផងដែរ ។
មន្ត្រីរូបនេះបញ្ជាក់ថា វាពិតជាពិបាកណាស់សម្រាប់ប្រទេសចិន ក្នុងការទប់ស្កាត់មេរោគតាមរយៈយុទ្ធសាស្ត្រសូន្យកូវីដរបស់ខ្លួន ដោយសារតែគោលនយោបាយនេះគឺរឹតបន្តឹងខ្លាំងពេក ។
គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះជំងឺរាតត្បាត ប្រទេសចិនបានដាក់ចេញនូវគោលនយោបាយ “សូន្យកូវីដ” ដោយបានអនុវត្តយុទ្ធសាស្ត្របិទខ្ទប់យ៉ាងតឹងរ៉ឹង សូម្បីតែនៅក្នុងតំបន់ដែលមានការឆ្លងត្រឹមមួយករណីក៏ដោយ ខណៈការដាក់កំហិតទាំងនេះ អាចមានរយៈពេលច្រើនខែ ដោយមនុស្សមិនអាចចាកចេញពីផ្ទះរបស់ពួកគេបានឡើយ ៕
Post a Comment