ខេត្តបាត់ដំបងនឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារអបអរសាទរបុណ្យចូលឆ្នាំសាកល
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំអាជ្ញាធរក្រុង និងមន្ទីរជំនាញពាក់ព័ន្ធចុះ ពិនិត្យមើលទីតាំងត្រៀមរៀបចំការដាក់តាំងបង្ហាញពិព័រណ៍មុខម្ហូបខ្មែរ របស់អ្នកខេត្តបាត់ដំបង ដែលល្បីល្បាញ ដើម្បីបង្ហាញជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងចូលរួមលេងកម្សាន្តក្នុងខេត្តបាត់ដំបង នាឱកាសពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល។
រដ្ឋបាលខេត្ត បានសហការត្រៀមរៀបចំពិធីបុណ្យឆ្លងឆ្នាំសាកល២០២២ ឈានចូលឆ្នាំថ្មី២០២៣ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២២ ដោយកំណត់យកទីតាំងខាងមុខសាលាខេត្ត បរិវេណមន្ទីរទេសចរណ៍ខេត្ត តាមដងផ្លូវភ្លោះចាប់ពីស្ពានថ្មថ្មី១៣មករា ខាងមុខសាលាខេត្តចាស់រហូតដល់សួនច្បារស្តុបសួនយុវ័ន ក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង។
ឯកឧត្តម សុខ លូ បានជំរុញដល់មន្ទីរ និងស្ថាប័នពាក់ព័ន្ធ ត្រូវនាំយកនូវមុខម្ហូបខ្មែរដែលបាត់បង់ និងកំពុងតែមានការពេញនិយមល្បីៗនៅក្នុងខេត្តមកដាក់តាំងបង្ហាញ និងបំផុសអ្នកដែលមានថ្វីដៃក្នុងការចម្អិនដាំស្លរប្រភេទមុខម្ហូបទាំងនោះបានចូលរួមបង្ហាញឲ្យគេបានឃើញ បានដឹង បានស្គាល់ និងអាចភ្លក់រសជាតិម្ហូបខ្មែរ របស់អ្នកខេត្តបាត់ដំបង តាមរយៈពិព័រណ៍ម្ហូបនេះ។លោក អ៊ុចអ៊ុំ ភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានថ្លែងឲ្យដឹងថា នៅកម្ពុជាគឺមានមុខម្ហូបប្លែកៗទៅតាមតំបន់នីមួយៗ ហើយភាពសម្បូរបែប ភាពច្នៃប្រឌិត និងថ្វីដៃនៃការចម្អិនម្ហូបអាហារឱ្យមានរសជាតិឆ្ងាញ់ ក៏បញ្ជាក់ពីភាពស៊ីវិល័យ និងជាតឹកតាងដែលឆ្លុះបញ្ចាំងបង្ហាញនូវអត្តសញ្ញាណរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់នីមួយៗ។
ប្រធានមន្ទីរទេសចរណ៍ បានរៀបរាប់បន្ថែមថា ជាការពិតណាស់ ខេត្តបាត់ដំបង គឺជាខេត្តមួយដែលមានប្រវត្តិសាស្ត្រ វប្បធម៌ ទំនៀមទំលាប់យ៉ាងសម្បូរបែបតាំងពីដើមរៀងមក ហើយអ្វីដែលជាការកត់សម្គាល់ទៀតសោតនោះ គឺភ្ញៀវទេសចរភាគច្រើន ជាពិសេសភ្ញៀវទេសចរក្នុងស្រុក ពេលដែលលឺឈ្មោះបាត់ដំបង គេតែងតែនឹកឃើញដល់បទចម្រៀងរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលបានរៀបរាប់ពីមុខម្ហូបចំណីអាហារដ៏ឈ្ងុយឆ្ងាញ់ដែលអ្នកនិពន្ធបានចងក្រងនូវប្រវត្តិនៃមុខម្ហូបដ៏ពេញនិយមនិងឈ្ងុយឆ្ងាញ់ ដូចជា៖ អាម៉ុកត្រី, ផ្អកត្រីប្រៃ, ណែមត្រី, ក្រូចពោធិ៍សាត់, ដូងខ្ទិះ... ដែលមានឱជារសឆ្ងាញ់ពិសារ ហើយក៏ជាស្នាដៃរបស់អ្នកបាត់ដំបង រហូតពេលខ្លះបានទាក់ទាញដល់ភ្ញៀវទេសចរឱ្យមកលេង ដើម្បីបានភ្លក់ និងស្គាល់នូវរសជាតិ និងមុខម្ហូបខ្លះៗ ។
ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងពិធីអបសាទរបុណ្យចូលឆ្នាំសាកល រដ្ឋបាលខេត្តបាត់ដំបង គ្រោងរៀបចំឱ្យមានការដាក់តាំងពិព័រណ៍ផលិតផល ការសម្តែងសិល្បៈរបាំប្រពៃណី និងរបាំប្រជាប្រិយ ការសម្តែងសៀករបស់អង្គការហ្វាពន្លឺសិល្បៈកម្ពុជា ការប្រគុំតន្ត្រីខ្នាតតូច-ធំ និងការអុជកាំជ្រួច ឆ្លងឆ្នាំ នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ៕
Post a Comment