អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការសាងសង់ «វិមានព្រះពុទ្ធបដិមា» នៅលើភ្នំបូកគោ ដែលខ្ពស់ជាងគេលើពិភពលោក ជារចនាបទខ្មែរ ប្រាសាទទេពប្រណម្យសម័យអង្គរ
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាចំពោះការរសាងសង់ «វិមានព្រះពុទ្ធបដិមា» ដែលខ្ពស់ជាងគេលើពិភពលោក មានកំពស់រហូតដល់ ១០៨ម៉ែត្រ ក្រោមទឹកចិត្ដជ្រះថ្លារបស់ អ្នកឧកញ៉ា សុខ គង់ និងសប្បុរសជនដទៃទៀតនៅលើភ្នំបូកគោ បន្ទាប់ពីទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលប្រជាជាតិខ្មែរទាំងក្នុង និងក្រៅប្រទេស កំពុងផ្ទុះការចាប់អារម្មណ៍ និងសាទរនេះ គឺជាព្រះពុទ្ធបដិមា រចនាបទខ្មែរប្រាសាទទេពប្រណម្យសម័យអង្គរ ស្ថិតក្នុងទីតាំងអង្គរធំ។
ប្រាសាទទេពប្រណម្យ ជាបុរាណស្ថានព្រះពុទ្ធសាសនាដ៏សំខាន់មួយក្នុងរាជធានីអង្គរធំ ស្ថិតនៅខាងជើងលានស្តេចព្រះគម្លង់ តាមផ្លូវឆ្ពោះទៅប្រាសាទបាលិលេយ្យ បើគេធ្វើដំណើរពីប្រាសាទបាយ័នឆ្ពោះទៅខ្លោងទ្វារដីឆ្នាំងគឺស្ថិតនៅខាងឆ្វេងដៃ ជាប្រាសាទកសាងទ្បើងក្នុងរាជព្រះបាទយសោវរ្ម័នទី១ ចុងស.វ.ទី៩។
លោក រត្ន័ សណ្ដាប់ បន្ដថារាជធានីអង្គរធំ មានក្រុមប្រាសាទសំខាន់ៗ យ៉ាងច្រើនដូចជា៖ ប្រាសាទបាយ័ន ប្រាសាទបាភួន ប្រាសាទភិមានអាកាស ព្រះបរមរាជវាំង ប្រាសាទបាលិលេយ្យ ប្រាសាទទេពប្រណម្យ លានស្ដេចព្រះគម្លង់ លានជល់ដំរី ក្រុមប្រាសាទសួព្រ័ត្រ ប្រាសាទឃ្លាំងខាងជើង ប្រាសាទឃ្លាំងខាងត្បូង ក្រុមប្រាសាទព្រះពិធូរ ប្រាសាទតុបខាងកើត ប្រាសាទតុបខាងលិច វត្តព្រះងោក វត្តតាំងតុ វិហារប្រាំពីរល្វែង ជាដើម។ ប្រាសាទទេពប្រណម្យ ជាកន្លែងគោរពបូជាព្រះពុទ្ធសាសនាដំបូងគេបង្អស់នាសម័យអង្គរ ហើយមានសារៈសំខាន់ខាងប្រវត្តិសាស្ត្រ និងប្រវត្ដិសិល្បៈពុទ្ធសាសនិកសម័យអង្គរ។
ចំពោះពាក្យថាទេព ជាភាសាសំស្រ្ដឹតមានន័យថា «ព្រះ» និងពាក្យថា ប្រណម្យ ជាភាសាសំស្រ្ដឹតមានន័យថា «សំពះ» លុតជង្គង់ឱនគោរព។
លោក រត្ន័ សណ្ដាប់ បន្ដថាបើក្រទ្បេកមើលរាជធានីអង្គរធំត្រូវបានសង់ទៅតាមបែបផែនទ្រឹស្ដីព្រះពុទ្ធសាសនា។ ព្រោះ ក្នុងប្រព័ន្ធជំនឿព្រះពុទ្ធសាសនា យល់ថានៅចំកណ្ដាលចក្រវាលមានភ្នំមួយយ៉ាងធំដែលគេឲ្យឈ្មោះថាភ្នំព្រះសុមេរុ។ ភ្នំនេះមានកំពូលប្រាំ ហើយនៅលើកំពូលភ្នំ មានស្ថានសួគ៌បីជាន់ ឯការសាងសង់អង្គរធំ គឺឈរលើទស្សន:ហ្នឹងឯង ជាទីក្រុងមួយរាងបួនជ្រុងដែលនៅចំកណ្ដាលមានប្រាសាទមួយជាតំណាងភ្នំព្រះសុមេរុ គឺប្រាសាទបាយ័ន។
ហេតុនេះចំពោះទឹកចិត្ដជ្រះថ្លារបស់អ្នកឧកញ៉ា សុខ គង់ និងសប្បុរសជនដទៃទៀត ដែលបានចូលរួម កសាងវិមានព្រះពុទ្ធបដិមា ដែលធំជាងគេលើពិភពលោកនេះ គឺជារឿងប្រពៃថ្លៃថ្លាណាស់ ព្រោះជាគំនិតមួយដើម្បីបង្ហាញពីភាពកតញ្ញូឧទ្ទិសដល់ឪពុកម្ដាយជីដូនជីតា និងបុព្វការីជនមានគុណបំណាច់លើជាតិ មាតុភូមិ ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយៗទៀតគោរពបូជា ហើយក៏សន្សំកុសលផលបុណ្យសម្រាប់ខ្លួន នាពេលអនាគតផងដែរ៕
Post a Comment