ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ឆ្នាំ២០២២ លើកទី២៩ នៅកម្ពុជា
ថ្ងៃព្រហស្បតិ៍ ៨ កើត ខែមិគសិរ ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅសាលសន្និសីទចតុម្មុខ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់បំផុតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងឱកាសប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ (លើកទី២៩ នៅកម្ពុជា) ក្រោមប្រធានបទ“ធ្វើឱ្យមានសមភាព”។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី ពាំនាំនូវការកោតសរសើរ និងអរគុណពី សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមការដឹកនាំរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ វិស័យឯកជន សាសនា អង្គការជាតិ អន្តរជាតិទាំងអស់ ដែលបានសម្រេចនូវសមិទ្ធផលធំៗជាច្រើន ក្នុងការកាត់បន្ថយការរាលដាលនៃមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា ជាពិសេសក្នុងស្ថានភាពដែលកម្ពុជា និងពិភពលោកបានជួបប្រទះនូវវិបត្តិកូវីដ-១៩ ក្នុងរយៈពេលកន្លងមកនេះ។
ជាមួយគ្នានេះ ក្នុងនាម សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ និងអរគុណជាថ្មីម្តងទៀតចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកដោយមិននឿយហត់ក្នុងការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៤៣ និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូកលើកទី៩ ទទួលបាននូវជោគជ័យយ៉ាងត្រចះត្រចង់ ដែលជាសក្ខីភាពមួយបានបង្ហាញថា នេះមិនមែនគ្រាន់តែជាជោគជ័យសម្រាប់ជំនាន់យើងប៉ុណ្ណោះទេ តែជាជោគជ័យជាប្រវត្តិសាស្រ្តសម្រាប់សហគមន៍អាស៊ាន ប្រទេសកម្ពុជា និងកូនចៅជំនាន់ក្រោយរបស់យើងថែមទៀត។
តាមរយៈសាររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា និងរបាយការណ៍របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រមទាំងចំណាប់អារម្មណ៍របស់នាយិកាកម្មវិធីសហប្រជាជាតិរួមគ្នាស្តីពីមេរោគអេដស៍/ជំងឺអេដស៍ប្រចាំនៅកម្ពុជា (UNAIDS) តំណាងអង្គការសង្គមស៊ីវិល នៃគណ:កម្មាធិការសម្របសម្រួលប្រយុទ្ធនឹងជំងឺអេដស៍ រួមទាំងចំណាប់អារម្មណ៍របស់តំណាងបងប្អូនគ្រួសាររងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា សមិទ្ធិផលនេះគឺជាសក្ខីភាពជាក់ស្តែងមួយ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ទស្សនៈរបស់យើង ក្នុងការកសាងសង្គមមួយដែលគ្មានការគំរាមកំហែងពីមេរោគអេដស៍ និងជំងឺអេដស៍ អាចធ្វើទៅបាន និងមានន័យថាកម្ពុជាកំពុងតែស្ថិតនៅលើផ្លូវត្រូវ ដែលនឹងឈានទៅសម្រេចបាននូវ “គោលដៅ ៩៥ ៩៥ ៩៥” គឺ ៩៥% នៃអ្នកផ្ទុកមេរោគ អេដស៍បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន ៩៥% នៃអ្នកដែលដឹងស្ថានភាពផ្ទុកមេរោគអេដស៍ បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង៩៥% នៃអ្នកដែលបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយចំនួនមេរោគអេដស៍នៅក្នុងខ្លួន ដូចបានកំណត់ត្រឹមឆ្នាំ២០២៥ នៅក្នុងប្រទេសយើង និងនៅត្រឹមឆ្នាំ២០៣០ ដោយអង្គការសហប្រជាជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី បានស្នើឲ្យ ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការជាតិ អង្គការអន្តរជាតិ អង្គការសង្គមស៊ីវិល បណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងបណ្តាញប្រជាជនគន្លឹះ ក៏ដូចជាបងប្អូនជនរួមជាតិទាំងអស់ បន្តការយកចិត្តទុកដាក់ឱ្យបានខ្ពស់ និងចូលរួមឱ្យបានកាន់តែសកម្មថែមទៀតជាមួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយហានិភ័យនៃការឆ្លងរាលដាលមេរោគអេដស៍ ជំងឺអេដស៍ ឱ្យមានប្រសិទ្ធភាព និងទាន់ពេលក្នុងដំណើរការឆ្ពោះទៅបញ្ចប់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ នាឆ្នាំ២០២៥។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំបន្ថែមឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តអនុវត្តឲ្យបានដាច់ខាតនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល ហើយចំពោះប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ត្រូវទៅចុះឈ្មោះបោះឆ្នោត និងរួមគ្នាបន្តប្រយុទ្ធនឹងការរីករាលដាលជំងឺកូវីដ-១៩។
Post a Comment