រូបសំណាក«មេទ័ព»ខ្មែរ១២រូបត្រូវបានសាងសង់ដើម្បីជាគំរូសម្រាប់យុវជនជំនាន់ក្រោយ
រូបសំណាក«មេទ័ព»ខ្មែរដែលមានប្រវត្តិអង់អាចក្លាហាននាសម័យអង្គរចំនួន១២រូប ត្រូវបានក្រសួងព្រះបរមរាជវាំងសាងសង់ ដាក់តាំងបង្ហាញនៅក្នុងសួនព្រះរាជដំណាក់ក្រុងសៀមរាប។ការសាងសង់នេះ ក្នុងគោលបំណង ដើម្បីជាគំរូសម្រាប់យុវជនជំនាន់ក្រោយ។
ក្នុងចំណោមរូបសំណាក«មេទ័ព»ខ្មែរទាំង ១២រូប គឺត្រូវបានជ្រើសរើសចេញពីមេទ័ពដែលកើត និង បំរើការាជការនៅសម័យបាពួន ២រូប សម័យអង្គរ ៧រូប និង សម័យបាយ័ន ៣រូប ដែលមានប្រវត្តិអង់អាចក្លាហាន និង ទិន្នន័យគ្រប់គ្រាន់ ដើម្បីចងក្រងជាឯកសារ និង បានធ្វើការសាងសង់រចនាឱ្យចេញជារូបរាងឡើង ដើម្បីយកមកដាក់តាំងក្នុងបរិវេណសួនសម្រាប់កូនខ្មែរគ្រប់រូប។
បើតាមក្រសួងព្រះបរមរាជវាំង «មេទ័ព»ខ្មែរទាំង ១២រូបនេះ ក្រុមការងារក្រសួងបានស្រាវជ្រាវនូវឯកសារសារជាច្រើន និង ចុះទៅពិនិត្យរូបចម្លាក់មេទ័ពនៅតាមជញ្ជាំងប្រាសាទនានា ដូចជាប្រសាទបន្ទាយឆ្មា បាពួន បាយ័ន អង្គរវត្ត ហើយបានរកឃើញថា ជាមេទ័ពដែលមានស្នាដៃ ជាពិសេស ឥទ្ឋិពលធំធេងសម្រាប់ជាតិក្នុងរជ្ជកាលរបស់ខ្លួន។
រូបសំណាកទាំង១២ ត្រូវបានសាងសង់ឡើងអំពីលោហ:ស្ពាន់ រចនាឡើងជាចម្លាក់មូល គឺមានលក្ខណ: និង ទ្រង់ទ្រាយពេញលេញមានកម្ពស់ ២ម៉ែត្រ ១តឹកដូចៗគ្នា ដោយមិនគិតពីជើងទម្រ និង មានទម្ងន់ពី២០០ ទៅ៣០០គ.ក្រ ទៅតាមរូបរាងសណ្ឋាន អាវុធបរិក្ខានៃរូបមួយៗ។ ទ្រង់ទ្រាយមុខមាត់នៃរូបសំណាកទាំងនេះ គឺសូន និង ច្នៃឡើងតាមទម្រង់មុខ អត្តចរឹតខ្មែរបុរាណសុទ្ធសាធ ទៅតាមសម័យកាលដែលមេទ័ពនោះរស់នៅ និង បំរើការរាជការ តាមរយ:រូបភាព និង ចម្លាក់នៅលើជញ្ជាំងប្រាសាទ។
ក្រសួងព្រះបរមរាជវាំង បានសង្កត់ធ្ងន់ថា ថ្វីត្បិតតែជាសមិទ្ធផលនៃស្នាដៃកូនខ្មែរសម័យថ្មី ប៉ុន្តែស្នាដៃដែលលេចឡើងនេះ ត្រូវបានរក្សា និង អនុលោមយោងទៅតាមឯកសារប្រវត្តិសាស្ត្រជានិច្ច ដោយមិនចាកឆ្ងាយពីប្រវត្តិសាស្ត្រយើងនោះឡើយ៕
Post a Comment