សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍៥ចំណុចដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៩ ដែលក្លិបអ្នកកាសែតកម្ពុជា បានរៀបចំឡើង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ។
ជាមួយនឹងការអបអរសាទរនេះ សម្តេចក៏បានផ្តល់អនុសាសន៍មួយចំនួនដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ធ្វើជាមូលដ្ឋានក្នុងការពិភាក្សា និងរៀបចំទិសដៅសម្រាប់អនុវត្ត។
សម្ដេចតេជោ ហ៊ុន សែន សូមផ្ដល់អនុសាសន៍មួយចំនួនដល់ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ធ្វើជាមូលដ្ឋានក្នុងការពីភាក្សា និងរៀបចំទិសដៅសម្រាប់អនុវត្តដូចខាងក្រោម៖
១- ពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌ និងវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងប្រឆាំងជនឱកាស និយមជ្រកក្រោមស្លាកសារព័ត៌មានដើម្បីរក្សាគុណតម្លៃ និង់សេចក្ដីថ្លៃថ្នូររបស់ស្ថាប័ន សារព័ត៌មាន។
២- បណ្តុះបណ្តាលអ្នកសារព័ត៌មានទាំងផ្នែកវិជ្ជាជីវៈ និងបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីឱ្យអ្នកសារព័ត៌មានរបស់យើងដើរទាន់ការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយទំនើបនាពេល បច្ចុប្បន្ន។
៣- ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងមិនត្រូវធ្វើជាភ្នាក់ងារចែកចាយព័ត៌មាន ក្លែងក្លាយបំពុលសង្គមដែលធ្វើឱ្យប្រទេសធ្លាក់ទៅក្នុងភាពចលាចល បាត់បង់សណ្តាប់ធ្នាប់ សង្គម។
៤- បន្តផ្សព្វផ្សាយនូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យ កាន់តែសកម្មថែមទៀត និងណែនាំឱ្យបងប្អូនប្រជាពលរដ្ឋបានទៅចាក់វ៉ាក់សាំងកូវីដ-១៩ បានគ្រប់ៗគ្នា។
៥- ផ្សព្វផ្សាយដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះឱ្យបានទូលំទូលាយ និងជ្រួតជ្រាបដល់គ្រប់ស្រទាប់មហាជន។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៩ ដែលក្លិបអ្នកកាសែតកម្ពុជា បានរៀបចំឡើងដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និពន្ធនាយក និងអ្នកសារព័ត៌មានកម្ពុជា បានជួបជុំពិភាក្សាផ្លាស់ប្ដូរយោបល់ ចែករំលែកបទពិសោធន៍ និងដោះស្រាយ បញ្ហាដែលបានអនុវត្តនាពេលកន្លងមក ព្រមទាំងលើកទិសដៅសម្រាប់អនុវត្តនាពេលខាងមុខ ដើម្បីលើកកម្ពស់សមត្ថភាព គុណភាព និងកិត្យានុភាពនៃស្ថាប័នសារព័ត៌មាន ព្រមទាំងពង្រឹងការអនុវត្ត ក្រុមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាការលើកស្ទួយសេរីភាពនៃការបញ្ចេញមតិ សេរីភាព ខាងសារព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
Post a Comment