G20 ចេញសេចក្ដីថ្លែងការណ៍រួម ថ្កោលទោស រុស្ស៊ី ចំពោះសង្គ្រាមនៅ អ៊ុយក្រែន
ក្រុមប្រទេស G20 នៅថ្ងៃពុធនេះបានចេញសេចក្ដីថ្លែងការណ៍រួមមួយគឺអំពាវនាវឲ្យរុស្ស៊ី “ដកកងទ័ពដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ចេញពីទឹកដីអ៊ុយក្រែន” ។
សេចក្តីថ្លែងការណ៍រួមដែលត្រូវបានអនុម័តក្នុងកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី បានលើកឡើងថា “សមាជិកភាគច្រើនបានថ្កោលទោសយ៉ាងខ្លាំងចំពោះសង្រ្គាមនៅអ៊ុយក្រែន” ។
សេចក្ដីថ្លែងការណ៍រួមនោះបានបន្ថែមថា “សង្រ្គាមកំពុងបណ្តាលឲ្យមនុស្សរងទុក្ខវេទនាយ៉ាងសម្បើម និងធ្វើឲ្យមានភាពផុយស្រួយកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងសេដ្ឋកិច្ចពិភពលោក ក៏ដូចជា កើនឡើងអតិផរណា, រំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់, ការបង្កើនថាមពល និងអសន្តិសុខស្បៀង និងបង្កើនហានិភ័យស្ថិរភាពហិរញ្ញវត្ថុផងដែរ” ។
ជាចុងក្រោយ សេចក្ដីថ្លែងការណ៍រួមបញ្ជាក់ថា “វាចាំបាច់ណាស់ក្នុងការថែរក្សាច្បាប់អន្តរជាតិ និងប្រព័ន្ធពហុភាគីដែលការពារសន្តិភាព និងស្ថិរភាព ហើយការប្រើប្រាស់ ឬការគំរាមកំហែងនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺមិនអាចទទួលយកបានទេ ។ ការដោះស្រាយជម្លោះដោយសន្តិវិធី និងការខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិ រួមជាមួយការទូត និងការសន្ទនា គឺមានសារៈសំខាន់ណាស់ ហើយពិភពលោកសម័យបច្ចុប្បន្ន មិនត្រូវមានសង្រ្គាមនោះទេ” ៕
Post a Comment