ឯកឧត្តម ស សុខា ដឹកនាំកិច្ចប្រជុំរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នៅខេត្តកំពត និងខេត្តកែប
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អនុប្រធានអចិន្ត្រៃយ៍ទទួលបន្ទុករួមរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ និងជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយលោក អ៊ឹង ឆាយ អភិបាលរង នៃគណៈអភិបាលខេត្តកំពត និងលោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តកែប នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំការប្រកួតកីឡាទូកប្រពៃណី សម្រាប់ខេត្តកំពត និងកីឡាទ្រីយ៉ាត្លុត សម្រាប់ខេត្តកែប នៅក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នៅសាលាខេត្តកំពត ។
ថ្លែងក្នុងឱកាសនោះឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា សម្រាប់ខេត្តកំពត នឹងក្លាយជាម្ចាស់ផ្ទះលើប្រភេទកីឡាទូកប្រពៃណី ដែលជាប្រភេទកីឡាមួយ តែងតែរៀបចំជារៀងរាល់ឆ្នាំ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ទាំងនៅថ្នាក់ជាតិ និងតាមបណ្តាខេត្ត ។ ចំណែកឯខេត្តកែប ជាម្ចាស់ផ្ទះលើប្រភេទកីឡាទ្រីយ៉ាត្លុង ដែលមាន ៣ប្រភេទ ដូចជា ៖ កីឡាហែលទឹក រត់ និងកីឡាធាក់កង់ ។ ឯកឧត្តម ស សុខា ក្នុងនាមឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិក សមាជិកាគណៈកម្មការចំពោះកិច្ច ដែលបាននិងកំពុងខ្នះខ្នែង ខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ ក្នុងការពន្លឿនវឌ្ឍនភាពការងារ និងត្រៀមខ្លួនរៀបចំការប្រកួតនាពេលដ៏ខ្លីខាងមុខនេះ ។ ជាមួយគ្នានោះឯកឧត្តម ស សុខា ក៏បានស្នើដល់រដ្ឋបាលខេត្តទាំងពីរ ផ្តល់កិច្ចសហការក្នុងការរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នេះ ឲ្យទទួលបានជោគជ័យ ពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់ សុខាភិបាល ការស្នាក់នៅ ការហូបចុក របស់គណៈប្រតិភូកីឡា កីឡាករ កីឡាការិនី ព្រមទាំងអ្នកទស្សនាផងដែរ ។កិច្ចប្រជុំពិភាក្សាការងាររៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៣ រួមបញ្ចូលគ្នារវាងខេត្តកែប និងខេត្តកំពត នាព្រឹកនេះ គឺមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធានអង្គភាពចំណុះអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ស្នងការនគរបាល ស្នងការរង មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថ កងទ័ពជើងទឹក មន្ទីរ អង្គភាពជុំវិញខេត្ត តំណាងសហព័ន្ធ ព្រមទាំងសមាជិក សមាជិកាជាច្រើនរូប។សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នេះ ចាប់ផ្តើមប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លើទីតាំង ៥រាជធានី ខេត្ត ដូចជា ៖ រាជធានីភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប ។ ចំពោះប្រភេទកីឡាដែលដាក់ឲ្យប្រកួតប្រជែង មាន ៣៨ប្រភេទ ស្មើនឹង ៣៥៦វិញ្ញាសា ។ ចំណែកប្រភេទកីឡាប៉ារ៉ាអូឡាំពិក ចំនួន ៧ មានវិញ្ញាសា ចំនួន ៤៩ ។ ក្នុងនោះប្រតិភូកីឡា កីឡាករ កីឡាការិនី អញ្ជើញចូលរួមចំនួន ៥ ០៤៩នាក់ មកពីក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរាជធានី ខេត្តទាំង២៥ ។សូមបញ្ជាក់ផងដែរថា ចំពោះពិធីបើក និងបិទព្រឹត្តិការណ៍ប្រកួតនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕
Post a Comment