ឥណ្ឌាថ្លែងអំណរគុណដល់កម្ពុជា ដែលគាំទ្រខ្លួនជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ឯកឧត្តម Jagdeep Dhankha បានថ្លែងអំណរគុណដល់រាជរដ្ឋា ភិបាលកម្ពុជា ដែលបានគាំទ្រខ្លួនជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈសម្តេចតេជោ បានសម្តេចតេជោ បានថ្លែងអំណរគុណរដ្ឋាភិបាលឥណ្ឌាដែលបានផ្តល់ជំនួយលើការអភិវឌ្ឍធនធានមនុស្ស ការអភិរក្សប្រាសាទបុរាណ និងការអភិវឌ្ឍធនធានទឹកសម្រាប់វិស័យកសិកម្មនៅកម្ពុជាជាដើម។
យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពី លទ្ធផលនៃកិច្ចជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយឯកឧត្តម Jagdeep Dhankha អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បាន ឲ្យដឹងថា នៅក្នុងកិច្ចជំនួប ភាគីទាំងពីរបានសម្តែងនូវសេចក្ដីពេញចិត្ត ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីដែលកំពុងមាននាពេលបច្ចុប្បន្ន និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងឥណ្ឌា ជាពិសេស នៅលើវិស័យនយោបាយ សេដ្ឋកិច្ច អប់រំ និងវប្បធម៌ជាដើម។
តាមសេចក្តីប្រកាសព័ត៌មានបានលើកឡើងថា« សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់កម្ពុជា ចំពោះប្រទេសឥណ្ឌាជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយ ឯកឧត្តម Jagdeep_Dhankha បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅរបស់រដ្ឋាភិបាលឥណ្ឌ សម្រាប់ការគាំទ្រនេះ»។
នៅក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនង ខណៈដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយក្តីសោមនស្សរីករាយចំពោះការកើនឡើងនូវទំហំពាណិជ្ជកម្មទ្វេភាគី និងបានលើកទឹកចិត្តឱ្យភាគីទាំងពីរស្វែងរកលទ្ធភាពដើម្បីជំរុញទំហំពាណិជ្ជកម្មបន្ថែមទៀត។
សម្ដេចតេជោ ក៏បានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីនផងដែរ ដើម្បីជួយកម្ពុជាឱ្យសម្រេចបាន នូវគោលដៅរបស់ខ្លួន«កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥»។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណរដ្ឋាភិបាលឥណ្ឌាដែលបានផ្តល់ជំនួយលើការអភិវឌ្ឍធនធានមនុស្សការអភិរក្សប្រាសាទ បុរាណ និងការអភិវឌ្ឍធនធានទឹកសម្រាប់វិស័យកសិកម្ម ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដដែលក៏បានឲ្យដឹងផងដែរថា នៅក្រោយជំនួបទ្វេភាគីនេះ សម្តេចតេជោហ៊ុន សែន និង ឯកឧត្តមJagdeep_Dhankhបានអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរ ឯកសារដែលចុះហត្ថលេខារួចចំនួនបួនផងដែរដោយក្នុងនោះរួមមាន៖ ១.អនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានបច្ចេកវិទ្យា ឥណ្ឌាជូដពរ (IT Jodhpur) ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឌីជីថលូបនីយកម្មតំបន់ បេតិកភណ្ឌកម្ពុជា ។
២. អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវៈចម្រុះ ការ គ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្ត្រស្តារសត្វខ្លាធំ និងទីជម្រករបស់វា រវាង ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថាន ព្រៃឈើ និងបម្រែបម្រួលអាកាសធាតុឥណ្ឌា។
៣. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខភាព និងឱសថ រវាងក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខាភិបាល និងសង្គមកិច្ចគ្រួសារឥណ្ឌា។ និងទី៤.កិច្ចព្រមព្រៀងហិរញ្ញវត្ថុរវាងរដ្ឋាភិបាលកម្ពុជា និងឥណ្ឌា លើការជួសជុល និងអភិរក្សគំនូរវត្តរាជបូណ៌ខេត្តសៀមរាប៕
Post a Comment