កូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទិករំលងជប៉ុនដែលតម្រូវឲ្យមានការប្រកាសឲ្យពលរដ្ឋរត់ចូលក្នុងជម្រកសុវត្ថិភាព
កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកជាច្រើនគ្រាប់នៅថ្ងៃព្រហស្បតិ៍នេះ រួមទាំងមួយគ្រាប់ដែលបានធ្វើឲ្យមានការប្រកាសអាសន្នឲ្យពលរដ្ឋក្នុងតំបន់មួយចំនួននៃភាគកណ្ដាល និងខាងជើងប្រទេសជប៉ុនរត់ចូលក្នុងជម្រកសុវត្ថិភាព ជាការបាញ់សាកល្បងមីស៊ីលដ៏ច្រើនបំផុតក្នុងរយៈពេល ១ឆ្នាំដោយប្រទេសអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។
នាយករដ្ឋមន្ត្រីជប៉ុនបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា មួយក្នុងចំណោមមីស៊ីលដែលកូរ៉េខាងជើងបានបាញ់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អាចជាមីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM)។ ចំណែកយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីល ៣គ្រាប់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្នុងនោះមួយគ្រាប់ទំនងជាមីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) និង ២គ្រាប់ទៀតអាចជាមីស៊ីលរយៈចម្ងាយខ្លី។ ការបាញ់ទាំងនេះមានឡើងមួយថ្ងៃ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលយ៉ាងហោចណាស់ ២៣គ្រាប់ជាចំនួនច្រើនបំផុតក្នុងរយៈពេលតែមួយថ្ងៃ រួមទាំងមួយគ្រាប់ដែលបានធ្លាក់ក្បែរឆ្នេរសមុទ្រកូរ៉េខាងត្បូងជាលើកដំបូង។
ប្រជាពលរដ្ឋក្នុងខេត្ត Miyagi, Yamagata និងខេត្ត Niigata ក្នុងភាគខាងជើងជប៉ុន ត្រូវបានព្រមាននៅថ្ងៃព្រហស្បតិ៍នេះឲ្យពលរដ្ឋរត់ចូលក្នុងជម្រកសុវត្ថិភាព នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយការប្រកាសអាសន្នរបស់ជប៉ុន។ ការព្រមាននេះបាននិយាយថា មីស៊ីលមួយគ្រាប់បានហោះរំលងលើប្រទេសជប៉ុន។ ក្រោយមកក្រសួងការពារជាតិជប៉ុនបាននិយាយថា មីស៊ីលពុំបានហោះរំលងទឹកដីរបស់ប្រទេសជប៉ុនទេ។ ប្រព័ន្ធផ្សព្វផ្សាយ FNN បានរាយការណ៍ដោយសំអាងប្រភពនានាពីរដ្ឋាភិបាលថា រយៈពេលប្រមាណ ២៥នាទីបន្ទាប់ពីការបាញ់លើកដំបូងត្រូវបានរាយការណ៍។ ឆ្មាំសមុទ្រជប៉ុនបាននិយាយថា មីស៊ីលមួយគ្រាប់បានធ្លាក់។ មីស៊ីលនេះបានធ្លាក់នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកចម្ងាយ ១,១០០គីឡូម៉ែត្រភាគខាងកើតប្រទេសជប៉ុន៕
Post a Comment