ផ្លូវល្បឿនលឿន«ភ្នំពេញ-បាវិត»គ្រោងនឹងបញ្ចប់ការសាងសង់ឆ្នាំ២០២៧ តំណាលផ្លូវល្បឿនលឿន«ហូជីមិញ-ម៉ុកបៃ »ប្រទេសវៀតណាម

 ផ្លូវ​ល្បឿន​លឿនទី​២«​ភ្នំពេញ​-​បា​វិត​»​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២៣ ហើយ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ក្នុង​ឆ្នាំ​២០២៧​ខាង​មុខ​តំណាលគ្នា​ជាមួយ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​«​ហូ​ជី​មិ​ញ​-​ម៉ុ​ក​បៃ​» របស់​វៀតណាម​។​នេះ​បើ​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​។

យោង​តាម​បណ្តាញ​សង្គម​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​ជំរុញ​ការងារ​សិក្សា​សមិទ្ធិ​លទ្ធភាព និង​ពង្រាង​កិច្ចសន្យា​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​បា​វិត ដោយ​មានការ​ចូលរួម​ផង​ដែរ​ពី​ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​វត្តមាន​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​។

ក្រសួង​បាន​លើក​ឡើង​ថា ចំណុច​សំខាន់​ៗ​នៃ​ការងារ​សិក្សា​សមិទ្ធិ​លទ្ធភាព និង​កិច្ចសន្យា​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​បា​វិត ត្រូវ​បាន​លើកយក​មក​ពិនិត្យ​ពិភាក្សា​បន្ត ដើម្បី​ជំរុញ​ឱ្យ​បាន​ចប់​សព្វគ្រប់​ហើយ​ឈាន​ទៅ​រក​ការ​ចុះ​កិច្ចសន្យា​បាន​តាម​ការ​គ្រោងទុក​នា​ពេល​ខាង​មុខ​។

ប្រភព​បាន​លើក​ឡើង​ថា កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បី​ពិនិត្យ​ពិភាក្សា​រិះរក​ដំណោះស្រាយ​ធ្វើ​យ៉ាងណា​ឱ្យ​ការងារ​សិក្សា​សមិទ្ធិ​លទ្ធភាព និង​ពង្រាង​កិច្ចសន្យា​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​បា​វិត មាន​ខ្លឹមសារ​គ្រប់​ជ្រុងជ្រោយ​អាច​ទទួលយក​បាន និង​អាច​អនុវត្ត​ដោយ​រលូន​នៅ​ពេល​អនាគត​ប្រក​ដោយ​គុណភាព និង​ប្រសិទ្ធភាព​ការងារ​ខ្ពស់ ជា​ពិសេស ដើម្បី​ឈាន​ទៅ​រក​ការ​ចុះ​កិច្ចសន្យា​ពេល​ខាង​មុខ​តាម​ផែនការ​ដែល​បាន​គ្រោងទុក​។

ក្រសួង​ក៏​បាន​លើក​ឡើង​ថា គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត​នឹង​ក្លាយជា​ផ្លូវ​ល្បឿន​លឿនទី​ពីរ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​គ្រោង​នឹង​បើក​ការដ្ឋាន​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២៣​ខាង​មុខ​ហើយ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ក្នុង​ឆ្នាំ​២០២៧​។​ដោយ​រំពឹង​ទុក​ថា នឹង​បញ្ចប់​តំណាលគ្នា​ជាមួយ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ហូ​ជី​មិ​ញ​-​ម៉ុ​ក​បៃ​របស់​វៀតណាម ហើយនឹង​ធ្វើការ​ត​ភ្ជាប់​គ្នា​នៅ​ត្រង់​ចំណុច​ដែល​ទទួល​បានការ​ឯកភាព​ទ្វេភាគី​តែ​ម្តង​៕


Powered by Blogger.