នាមជាប្រធានអាស៊ានប្ដូរវេន កម្ពុជាដាក់ចេញគោលដៅយុទ្ធសាស្ត្របន្ថែមចំនួន ៤ ដើម្បីស្ដារសេដ្ឋកិច្ចអាស៊ានក្រោយកូវីដ១៩
ពិភពលោក ក៏ដូចអាស៊ាន បានរងគ្រោះយ៉ាងធ្ងន់ធ្ងរពីវិបត្តិកូវីដ១៩ទៅលើសង្គម និងសេដ្ឋកិច្ចអាស៊ាន។ ក្រោយពីទទួលបានភាពស្រាកស្រាន្តពីការគំរាមរបស់កូវីដ១៩ អាស៊ាន បានធ្វើកិច្ចការរួមគ្នាជាច្រើន ដើម្បីដោះស្រាយនូវវិបត្តិកូវីដ១៩ កាត់បន្ថយផលប៉ះពាល់ មកលើសង្គមសេដ្ឋកិច្ច។ ក្នុងនាមជាប្រធានប្ដូរវេនរបស់អាស៊ាន ២០២២ កម្ពុជា បានសម្រេចដាក់គោលដៅយុទ្ធសាស្ត្រ៤បន្ថែម។
នេះបើតាមសុន្ទរកថារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ២០២២ ក្រោមមូលបទ "អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា" នាព្រឹកថ្ងៃទី ១០ វិច្ឆិកានេះ។តាមសម្ដេចតេជោ ប្រធានបទនៃកិច្ចប្រជុំកំពូលនេះ មានលក្ខណៈស្របទៅនឹងមូលបទរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក្នុងគោលបំណងពន្លឿន និងសម្របសម្រួល នូវកិច្ចខិតខំជារួមរបស់អាស៊ាន ដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅនូវរបៀបវារៈសមាហរណកម្មសេដ្ឋកិច្ច និងការកសាងឡើងវិញប្រកបដោយបរិយាបន្ន ភាពប្រកួតប្រជែង ភាពធន់រឹងមាំ និងសមធម៌ ក្រោយវិបត្តិកូវីដ១៩។
ជិត ៣ឆ្នាំមកនេះ អាស៊ាន បានខិតខំរួមគ្នាអត់ស្រាកស្រាន្ត ក្នុងការដាក់ចេញនូវវិធានការណ៍ គោលនយោបាយ និងគំនិតផ្ដួចផ្ដើមនានា ដើម្បីដោះស្រាយនូវវិបត្តិកូវីដ១៩ កាត់បន្ថយផលប៉ះពាល់ មកលើសង្គមសេដ្ឋកិច្ច។ ជាពិសេសបានដាក់ចេញនូវក្របខណ្ឌស្ដារសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរបស់អាស៊ាន សំដៅអភិវឌ្ឍវិស័យឌីជីថលក្នុងអាស៊ាន និងការធ្វើឲ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមជាមួយកិច្ចសម្រួលពាណិជ្ជកម្មនានា ដើម្បីស្ដារឡើងវិញពីវិបត្តិកូវីដ១៩។
តាមការវាយតម្លៃ និងព្យាករណ៍របស់ការិយាល័យ ស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ សេដ្ឋកិច្ចអាស៊ាន បាន និងកំពុងងើបឡើងវិញជាមួយនឹងការកំណើនផលិតផលក្នុងស្រុកសរុបក្នុងអត្រា ៣,១% ឆ្នាំ ២០២១ និងសង្ឃឹមថា នូវកំណើន ៥,៣% និង ៤,៩% ឆ្នាំ ២០២២ និង ២០២៣រៀងគ្នា។
នាមជាប្រធានអាស៊ានប្ដូរវេន ២០២២ កម្ពុជា ក៏បានកំណត់បន្ថែមនូវគោលដៅយុទ្ធសាស្ត្រចំនួន ៤ ក្រោមសរសេរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានរួមមាន៖
១.ការពង្រឹងការតភ្ជាប់ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ២.ការកត់បន្ថយគម្លាតភាពអភិវឌ្ឍ ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន ៣.ជំរុញសមាហរណកម្មបរិយាបន្នភាពធន់ និងភាពប្រកួតប្រជែងរបស់អាស៊ានឲ្យខ្លាំងជាងមុន ៤.អាស៊ានជាសាកល សម្រាប់ភាពរីកចម្រើន និងការអភិឌ្ឍន៍សំដៅជំរុញកំណើនសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ផងដែរ៕
Post a Comment