កិច្ចប្រជុំកំពូលអាស៊ាន៤ថ្ងៃ បានអនុម័តឯកសារ និងសេចក្តីប្រកាសចំនួន៧០

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២២ បានថ្លែងថា ក្នុងរយៈពេល៤ថ្ងៃ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានអនុម័ត និងកត់សម្គាល់នូវឯកសារសមិទ្ធផល និងសេចក្តីប្រកាសចំនួន៧០ ដែលគ្រប់ដណ្ដើមទៅលើសសរស្ដម្ភទាំង៣ របស់អាស៊ាន និងបានអនុម័តក្របខណ្ឌកិច្ចសហប្រតិបត្តិការមួយចំនួន ជាមួយនឹងដៃគូសន្ទនានានា ។

ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុងរយៈពេល នេះ យើងសម្រេចបាននូវកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយ និងប្រកបដោយផ្លែផ្កាលើកិច្ចការបន្តទៅមុខ ដើម្បីពង្រឹងមជ្ឈភាពអាស៊ាន និងគុណតម្លៃរបស់យើង ក្នុងកិច្ចទំនាក់ទំនងជាមួយដៃគូខាងក្រៅ ជាពិសេសនៅពេលដែលសកលលោក កំពុងជួប្រទះនឹងបញ្ហាស្មុគស្មាញក្នុងតំបន់ និងជាអន្តរជាតិ ដែលប្រែប្រួលយ៉ាងឆាប់រហ័ស ។

សម្ដេចតេជោ បន្តថា សម្រាប់ការអនុម័ត និងចេញសេចក្តីប្រកាសលើឯកសារសមិទ្ធផល នៃកិច្ចប្រជុំរយៈពេល៤ថ្ងៃនេះ ដើម្បីបន្ត និងពង្រឹងទំនាក់ទំនងជាមួយដៃគូ ។ ក្នុងនោះអាស៊ានបយល់ព្រមបញ្ចូលអ៊ុយក្រែន ក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (TAC) នាកិច្ចប្រជុំកំពូលអាស៊ាននេះ ។ អាស៊ានបានចេញនូវសេចក្តីថ្លែងការណ៍រួម នៃខួបអនុស្សាវរីយ៍លើកទី២០ នៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្ដាភាគី នៅសមុទ្រចិនខាងត្បូង (DOC) ដើម្បីប្រារព្ធរំលឹកខួបអនុស្សាវរីយ៍លើកទី២០ នៃការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីកាប្រតិបត្តិនេះ នាឆ្នាំ២០២២ ។

ប្រធានអាស៊ានឆ្នាំ២០២២ បន្ថែមថា សម្រាប់ការកសាងសហគមន៍អាស៊ានវិញ យើងបានអនុម័តសេចក្តីថ្លែងការណ៍ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពី “អាស៊ានរួមគ្នា ដោះស្រាយបញ្ហាប្រឈមទាំងអស់” សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីខួបលើកទី៥៥ របស់អាស៊ាន និងសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្តីពី របៀបវារៈនៃការតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ ។ កិច្ចប្រជុំក៏បានអនុម័ត សេចក្តីថ្លែងការណ៍ ស្តីពីការកសាងអនាគតប្រកប ដោយចីរភាព បរិយាបន្ន និងភាពធន់ តាមរយៈការបំផុសសហគ្ររិនភាពស្ត្រីអាស៊ាន បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានលើកទី២ ប្រកបដោយជោគជ័យ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ។


សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជាមួយគ្នានេះ អាស៊ានមានសេចក្តីសោមនស្ស ដែលមានលទ្ធភាពរៀបចំជាលើកទី២ នូវកិច្ចសន្ទនាសកលអាស៊ាន (ASEAN Global Dialogue) ដើម្បីផ្លាស់ប្តូរទស្សនៈ សម្រាប់ការកសាងអាស៊ានប្រកបដោយចីរភាព និងបរិយាបន្ន ក្នុងសម័យកាលក្រោយជំងឺកូវីដ-១៩ ៕


Powered by Blogger.