អាមេរិកដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការស្ដារឡើងវិញនៃតំបន់អាស៊ាន ចេញពីវិបត្តិជំងឺកូវីដ-១៩
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងថា សហរដ្ឋអាមេរិក បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការជួយស្ដារឡើងវិញ នៃប្រទេសក្នុងតំបន់អាស៊ាន ចេញពីវិបត្តិនៃជំងឺកូវីដ-១៩ រួមទាំងជួយដោះស្រាយបញ្ហាជាច្រើនទៀត ។
សម្ដេចតេជោ បានបន្តថា ទន្ទឹមនឹងនេះ ការគាំទ្រ និងការចូលរួមរបស់សហរដ្ឋអាមេរិក នៅក្នុងដំណើរការ នៃការកសាងសហគមន៍អាស៊ាន ពិតជាមានសារសំខាន់ ជាពិសេសក្នុងបរិការណ៍ នៃការជំរុញការស្ដារអាស៊ានឡើងវិញ ចេញពីវិបត្តិកូវីដ-១៩ ការពង្រឹងភាពធន់នៅក្នុងតំបន់ ព្រមទាំងការដោះស្រាយបញ្ហាប្រឈមចម្បងៗ រួមមានការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀងអាហារ និងថាមពលជាដើម ។
ប្រធានអាស៊ានឆ្នាំ២០២២ បានបន្ថែមថា ក្នុងកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ិនតោននាពេលកន្លងទៅ ថ្នាក់ដឹកនាំអាស៊ានសម្ដែងនូវការប្ដេជ្ញាចិត្ត ក្នុងការពង្រឹងទំនាក់ទំនង រវាងអាស៊ាន-អាមេរិក ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដូចត្រូវបានរំលេចនៅក្នុងសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួម នៃកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ដើម្បីរំលែកខួបលើកទី៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-អាមេរិក ។
សម្ដេចតេជោ ហ៊ុន សែន បានរំពឹងថា កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០នេះ នឹងមានការផ្លាស់ប្តូរមតិយោបល់ល្អៗ ហើយជឿជាក់ថា ស្មារតីរួមគ្នាធ្វើទាំងពីរភាគី នឹងអាចនាំមកនូវលទ្ធផលជាក់ស្ដែង សម្រាប់ការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពអាស៊ាន-អាមេរិក ក្នុងរយៈពេលជាច្រើនឆ្នាំទៅខាងមុខទៀត ៕
Post a Comment