កិច្ចប្រជុំអាស៊ាននៅពេលខាងមុខនេះក្រសួងមហាផ្ទៃកម្ពុជា ប្ដេជ្ញាការពារសន្តិសុខកិច្ចប្រជុំកំពូលអាស៊ានឱ្យបានល្អបំផុត

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ ស្ដីពីការត្រៀមការពារសុវត្ថិភាពកិច្ចប្រជុំកំពូលអាស៊ាន នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំកម្រិតនយោបាយនៃក្រសួងមហាផ្ទៃ រួមទាំងថ្នាក់ដឹកនាំកម្រិតបច្ចេកទេសនៃក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងនោះមាន ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងមន្រីជាន់ខ្ពស់មួយចំនួនទៀត។



សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តីបានរម្លឹកថាឆ្នាំនេះគឺជាលើកទី៣ហើយដែលកម្ពុជាទទួលតួនាទីជាប្រធានអាស៊ានប្ដូរវេន ហើយដែលកិច្ចប្រជុំលើកនេះក៏មិនខុសពីកិច្ចប្រជុំដែលកម្ពុជាធ្លាប់រៀបចំនិងបណ្ដាប្រទេសសមាជិកអាស៊ានបានរៀបចំជារៀងរាល់ឆ្នាំនោះដែរ គឺមានការអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំអាស៊ាន និងបណ្ដាមេដឹកនាំបណ្ដា
ប្រទេសដៃគូអាស៊ានផ្សេងទៀត។



សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកកិច្ចប្រជុំអាស៊ាននេះថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត និងជាការផ្ដល់កិត្តិយសមួយទៀតដែរ សម្រាប់កម្ពុជាលើឆាកអន្តរជាតិ ដែលក្នុងនោះក៏ទាមទារឱ្យមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការធានាសុវត្ថិភាពឱ្យបានល្អប្រសើរបំផុត និងដាច់ខាតសម្រាប់ថ្នាក់ដឹកនាំនានា ពិសេសគឺប្រធានប្រតិភូទាំងអស់ដែលនឹងអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។



សូមបញ្ជាក់ថា មានគណៈប្រតិភូបរទេសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២នៅកម្ពុជា ប្រមាណ២៨គណៈប្រតិភូ ដូចជាគណៈប្រតិភូប្រទេសសមាជិកអាស៊ានដោយមិនរាប់កម្ពុជា គណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន គណៈប្រតិភូដៃគូពិភាក្សាប្រមាណ១០គណៈប្រតិភូទៀត និងគណៈប្រតិភូដៃគូអភិវឌ្ឍន៍ រួមទាំងវិស័យផ្សេងៗប្រមាណ៨ទៀត៕ 




Powered by Blogger.