លោក ប្រាយុទ្ធ ថ្លែងយ៉ាងប្រយ័ត្នពីអនាគតនយោបាយ ក្រោយវិលមកកាន់តំណែងវិញ
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-o-cha) នៅថ្ងៃចន្ទ ទី ៣ តុលានេះបានរក្សាភាពស្ងៀមស្ងាត់ពីអនាគតនយោបាយរបស់លោក ខណៈលោកវិលត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីតុលាការធម្មនុញ្ញសម្រេចឱ្យលោកវិលមកកាន់តំណែងជានាយករដ្ឋមន្ត្រីវិញ។
លោកគេចវេសឆ្លើយសំណួរ ដោយលោកគ្រាន់តែឆ្លើយប្រាប់អ្នកកាសែតដូច្នេះថា «អនាគតគឺអនាគត» ខណៈលោកចាកចេញពីក្រសួងមហាផ្ទៃ និងធ្វើដំណើរទៅកាន់វិមានរដ្ឋាភិបាល។
កាតព្វកិច្ចដំបូងរបស់អតីតឧត្តមសេនីយ៍យោធារូបនេះគឺត្រូវស្តាប់ពីស្ថានភាពទឹកជំនន់ពីសំណាក់អភិបាលខេត្តជាច្រើននៅក្រសួងមហាផ្ទៃ ខណៈលោកគ្រោងធ្វើដំណើរទៅកាន់ខេត្ត Ubon Ratchathani និងKhon Kaen នៅថ្ងៃអង្គារ ទី ៤ តុលាស្អែកនេះ។
សូមបញ្ជាក់ថា តុលាការធម្មនុញ្ញថៃ បានសម្រេចកាលពីថ្ងៃសុក្រកន្លងទៅនេះថា ការកាន់តំណែងរយៈពេល ៨ឆ្នាំរបស់លោកត្រូវរាប់ចាប់ពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០១៧ នៅពេលមានការអនុម័តរដ្ឋធម្មនុញ្ញថ្មី។ វាមានន័យថាលោកនឹងអាចកាន់តំណែងរហូតដល់ខែមេសា ឆ្នាំ ២០២៥៕ (យោងតាមប្រភព៖ Bangkok Post)
Post a Comment