ថៃ ចេញច្បាប់រឹតបន្តឹង អ្នកមានសិទ្ធកាន់កាំភ្លើងទាំងអស់ តម្រូវឱ្យពិនិត្យសុខភាពផ្លូវចិត្តជាប្រចាំ

 នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាឱ្យមានការរឹតបន្តឹងទៅលើច្បាប់នៃការប្រើប្រាស់កាំភ្លើងនៅក្នុងប្រទេសខ្លួន បន្ទាប់ពីមានហេតុការណ៍បាញ់សម្លាប់រង្គាលនៅក្នុងមណ្ឌលថែទាំកុមារ។



លោក ប្រាយុទ្ធ ក្នុងនាមជានាយករដ្ឋមន្រ្តីថៃ បានធ្វើការបញ្ជាឱ្យមានការរឹតបន្តឹងច្បាប់ប្រើប្រាស់កាំភ្លើង ក្រោយពីអតីតមន្រ្តីប៉ូលិសម្នាក់បានបាញ់សម្លាប់មនុស្ស ៣៦នាក់ ដែលក្នុងនោះគេឃើញថាមាន ២៤នាក់ជាកុមារ។ ក្រៅពីរឹតបន្តឹងច្បាប់នៃការប្រើប្រាស់កាំភ្លើង នាយករដ្ឋមន្រ្តីថៃរូបនេះ បានបញ្ជាឱ្យមានការធ្វើតេស្តរកសារធាតុញៀនទៅលើមន្រ្តី និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាប្រចាំ។

តាមការបញ្ជាក់ពីប៉ូលិសថៃ លោក Damrongsak Kittprapas ឱ្យដឹងថា ពេលនេះអ្នកមានសិទ្ធកាន់កាំភ្លើងទាំងអស់នៅក្នុងប្រទេសថៃ តម្រូវឱ្យធ្វើការពិគ្រោះសុខភាពផ្លូវចិត្តជាប្រចាំផងដែរ។ តាមការចុះផ្សាយរបស់សារព័ត៍មាន Channel News Asia បញ្ជាក់ថា ថៃជាប្រទេសមួយដែលមានអ្នកប្រើកាំភ្លើង ក្នុងតួលេខខ្ពស់ បើធៀបទៅនឹងប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

Powered by Blogger.