នាយករដ្ឋមន្ត្រី ៖ អ្នកជឿតាមឃោសនាមេខ្លោងនៅក្រៅប្រទេសមិនសងលុយធនាគារនឹងត្រូវអូសទ្រព្យសម្បត្តិមុនគេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាសាធារណៈថា មុខសញ្ញាណាដែលជឿតាមការឃោសនារបស់មេខ្លោងនៅក្រៅប្រទេសកុំឲ្យសងលុយធនាគារ គឺត្រូវធ្វើការរឹបអូសទ្រព្យសម្បត្តិមុនគេ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី៣ តុលានេះសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា មានអ្នកខ្លះសន្យាថា ពេលដែលឈ្នះឆ្នោតធ្វើមេឃុំកុំសងលុយធនាគារដែលនេះហើយជាមុខសញ្ញា។
សម្ដេចបន្តថា ៖ខ្លួនឯងជាមេខ្យល់ខ្ចីលុយធនាគារយកទិញម៉ូតូជិះ ឬយកទៅលេងល្បែងអស់ រួចហើយទៅដើរឃោសនាថា បើឈ្នះឆ្នោត គឺកុំសងលុយធនាគារ។
សម្ដេចតេជោ បន្ថែមថា ពេលដែលកម្ពុជាជួបវិបត្តិកូវីដ១៩ រូបសម្ដេចនេះហើយដែលជាអ្នកអំពាវនាវស្នើសុំឲ្យធនាគារ ឬមីក្រូហិរញ្ញវត្ថុផ្ដល់ការយោគយល់ចំពោះអ្នកជំពាក់ប្រាក់ ដោយសុំកុំឲ្យធ្វើការរឹបអូសក្នុងពេលនោះ ហើយនិងផ្ដល់ការយោគយល់រៀបចំឥណទានសារជាថ្មី។
សម្ដេចតេជោ នាយករដ្ឋមន្ត្រីគូសបញ្ជាក់យ៉ាងធ្ងន់ៗថា៖«យើងកំពុងតែអំពាវនាវអាហ្នឹង ស្រាប់តែមានចលនានៃបក្សនយោបាយគេហៅថា ក្រុមឧទ្ទាមក្រៅច្បាប់ពីខាងក្រៅថា កុំសងប្រាក់ចឹងខ្ញុំប្រកាសតែម្ដង មើលមុខអ្នកណាដែលចេញធ្វើអាហ្នឹង សូមលើកទឹកចិត្តឲ្យរឹបអូសតែម្ដង«…»ចេះស្ងាត់ដែរតើ បើដឹងថា អ្នកឯងតាមមេខ្លោងរបស់អ្នកឯង ញុះញង់ខ្ញុំលើកទឹកចិត្តឲ្យរឹបអូសតែម្តងទៅ»។
សម្ដេចលើកឡើងទៀតថា បើកុំសងលុយ ខ្ញុំប្រកាសតែម្ដងថា មុខសញ្ញាណាដែលតាមមេខ្លោងពីខាងក្រៅប្រទេសដែលមិនឲ្យសងរឹបអូសអាហ្នឹងមុនគេ៕
Post a Comment