ឃាត់ខ្លួនជនជាតិចិន៧នាក់ ពាក់ព័ន្ធករណីចាប់ជំរិត
សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចុះបង្ក្រាបឃាត់ខ្លួនជនជាតិចិន៧នាក់ ដែលពាក់ពន្ធ័បទល្មើសចាប់ជំរិតនៅក្នុងបុរី មួយកន្លែង។
ប្រតិបត្តការណ៍នេះធ្វើឡើង កាលពីវេលាម៉ោង០៨យប់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ដែលស្ថិតក្នុងបុរីប៉េង ហួត ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថបានឲ្យដឹងថា នៅក្នុងរង្វង់ប្រតិបត្តការណ៍នេះកម្លាំងកងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនបរទេស (ជនជាតិចិន) ចំនួន៧នាក់ រួមទាំងជនរងគ្រោះផងដែរ ដែលជនសង្ស័យទាំងនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន សង្ស័យពាក់ព័ន្ធបទល្មើសចាប់ជំរិត។
ប្រភពដដែលបានឲ្យដឹងថា បន្ទាប់ពីបញ្ចប់ប្រតិបត្តការណ៍កម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ដែលក្នុងនោះក៏មានជនរងគ្រោះផងដែរ ហើយបន្ទាប់ពីកើតហេតុកម្លាំងជំនាញបានបញ្ជូនជនសង្ស័យទាំង៧នាក់យកទៅសួរនាំនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសួរនាំរកជនរងគ្រោះ និងចាត់ការបន្តទៀតលើជនសង្ស័យដែលពាក់ព័ន្ធបន្តទៀត៕
Post a Comment