មនុស្សម្នាជាច្រើននាក់ បានចូលរួមគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដែលស្លាប់ដោយសារតែការរត់ជាន់គ្នាក្នុងពហុកីឡដ្ឋានមួយនៅឥណ្ឌូនេស៊ី

ឥណ្ឌូណេស៊ី៖ មនុស្សម្នាជាច្រើននាក់ បានប្រមូលផ្តុំគ្នានៅខាងមុខពហុកីឡដ្ឋាន Kanjuruhan ក្នុងទីក្រុង Malang ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកាន់ទុក្ខ និងឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់ក្នុងឧបទ្ទវហេតុរត់ជាន់គ្នា (និងឈ្លក់ផ្សែង) ក្នុងភាពចលាចល កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅ ហើយនេះគឺជាគ្រោះមហន្តរាយស្ថិតនៅក្នុងពហុកីឡដ្ឋានដ៏អាក្រក់បំផុតមួយលើពិភពលោកលើវិស័យកីឡា។


ក្នុងចំណោមនោះ អ្នកដែលពាក់អាវ (Arema FC) រួមទាំងអ្នកចាត់ការ និងគ្រូបង្វឹករបស់ក្លឹប Arema FC បានដាក់បាច់ផ្កានៅខាងក្រៅពហុកីឡដ្ឋាន Kanjuruhan ដើម្បីជាការគោរពដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ។ ក្នុងនោះ អ្នកខ្លះយំ ឯអ្នកខ្លះទៀតក៏កំពុងបួងសួងយ៉ាងស្ងៀមស្ងាត់បែបស្មឹងស្មាធិ៍ទៅតាមនិយមសាសនពិធី។

គួររំលឹកផងដែរថា ក្រុម Arema FC បានប្រកួតចាញ់ក្រុម Persebaya Surabaya ក្នុងលទ្ធផល ៣ ទល់នឹង ២ ស្ថិតនៅក្នុងការប្រកួតក្នុងស្រុក BRI Liga 1 កាលពីថ្ងៃសៅរ៍ (ទី១ ខែតុលា)។
ភ្លាមៗនោះ ភាពចលាចលក៏បានកើតឡើង និងធ្វើឱ្យអ្នកទស្សនាមានការភ័យស្លន់ស្លោបាននាំគ្នារត់ជាន់គ្នា ខណៈដែលពួកគេព្យាយាមរត់គេចចេញពីក្នុងពហុកីឡដ្ឋាន Kanjuruhan ក្នុងខេត្ត East Java ក៏បានធ្វើឱ្យកម្លាំងសន្តិសុខដែលបានពង្រាយការពារនៅទីនោះ ក៏បានចាប់ផ្តើមបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកភាពចលាចល ។ តែចុងក្រោយ សោកនាដកម្មក៏បានកើតមានឡើងមក បណ្តាលឱ្យមនុស្សប្រមាណជា ១២៥នាក់ រួមទាំងកុមារ ៣២នាក់ផងនោះ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានេះ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរនគរបាលជាតិឥណ្ឌូណេស៊ី ។
ជុំវិញហេតុការន៍ដ៏រន្ធត់នេះ លោកប្រធានាធិបតី Joko Widodo ក៏បានបញ្ជាឱ្យសមាគមបាល់ទាត់ខាងលើ ផ្អាកការប្រកួតទាំងអស់ រហូតដល់ការស៊ើបអង្កេតត្រូវបានបញ្ចប់។ ខណៈក្រុមមន្ត្រីទទួលបន្ទុកផែនកីឡា និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀត ត្រូវបានបញ្ជូនទៅកាន់ទីក្រុង Malang ដើម្បីស៊ើបអង្កេតទៅលើករណីនេះ ៕
Powered by Blogger.