លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជូនកម្លាំងនគរបាលបន្ថែម១០០នាក់ អេស្ការ ១គ្រឿង ទៅកាន់សាកលវិទ្យាល័យជាតិមានជ័យ ដើម្បីពន្លឿនការរំដោះទឹកជំនន់ ខណះទំនប់ត្រូវទឹកហូរច្រោះប្រឈមការបាក់ស្រុត
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនកម្លាំងនគរបាលចំនួន១០០នាក់ គ្រឿងចក្របន្ថែម ដើម្បីទៅជួយរំដោះទឹកជំនន់ចេញពីបរិវេណទីធ្លាសាកលវិទ្យាល័យជាតិមានជ័យ ខណះទឹកបន្តហូរច្រោះ ដែលអាចប្រឈមការបាក់ទំនប់ការពារទឹក។
លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានចាត់តាំង លោកស្នងការរងចំនួន៣រូប រួមមានលោកឧត្តមសេនីយត្រី អ៊ុន សំអន ស្នងការរង លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង លោកវរសេនីយឯក យី ប៊ុនរឿង ស្នងការរង ទទួលផែនការដឹកនាំបញ្ជាកម្លាំងនគរបាលមកពីបណ្តាការិយាល័យជំនាញ និងកម្លាំងនគរបាលមកពីវរ:សេនាតូចការពារព្រំដែនគោគទាំង៤ ដើម្បីទ្រោលសភាពណ៍ រំដោះទឹក បូម ច្រកដីដាក់ការរ៉ុងធ្វើទំនប់ និងបញ្ជាគ្រឿងចក្រឈូសឆាយ កាយបង្ហាប់បិតកន្លែងដែលប្រឈមទឹកហូរច្រោះនិងបាក់ស្រុត។ ដើម្បីឲ្យទឹកឆាប់រីងស្ងួត ហើយនិស្សិតក៏ឆាប់បានចូលរៀនសូត្រវិញ ក្រោយពីផ្អាកការសិក្សាអស់រយះពេលជាង១សប្តាហ៍។
ទន្ទឹមគ្នានេះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បាននាំយកនូវអំណោយមានដូចជា ទឹកក្រូច ២៥កេស មី ២៥កេស ត្រីខ ២៥កេស ទឹកត្រី ១៥យួរ ទឹកសុីវអុីវ ១០យួរ និង ថវិកា ១លាន រៀល ទៅឧបត្ថម្ភដល់កងកម្លាំងដែលកំពុងចុះបំពេញបេសកកម្ម។ ក្រៅពីនេះលោកក៏បាននាំយកអំណោយប្រេងម៉ាសូត ២៥០០លីត្រ របស់ ឯកឧត្តម សេង ផល្លី និង ឯកឧត្តម ឯក មនោសែន ទៅឧបត្ថម្ភដល់គណ:គ្រប់គ្រងសាកលវិទ្យាល័យជាតិមានជ័យ ដើម្បីចាត់ចែងដោះស្រាយការចាក់ម៉ាស៊ីនបូមទឹក ខ្នាតធំចំនួន២គ្រឿង និងគ្រឿងចក្រ(អេស្កាវូទ័រ)១គ្រឿង ផងដែរ៕
Post a Comment