សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីលទ្ធផល នៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់
ទីស្ដីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០២២ នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពងខ្ពស់ដឹកនាំកិច្ចប្រជុំ ស្ដីពីលទ្ធផល នៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងការងារត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស ដោយមានការចូលរួមពីក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ, រដ្ឋលេខាធិការប្រចាំការ- រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ, អភិបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធ ជាច្រើនរូបទៀត។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ មានគោលបំណង ដើម្បីធ្វើការបូកសរុប និងដកបទពិសោធន៍ជំហ៊ានដំបូងនូវប្រតិបត្តិការបង្ក្រាបល្បែង ដើម្បីវាយតម្លៃចំណុចខ្លាំង និងចំណុចខ្សោយ សម្រាប់ដាក់ចេញទិសដៅជាបន្ដបន្ទាប់ទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍សង្ខប ស្ដីពីការងារប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ជូន សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី និងអង្គពិធីទាំងមូល ថា គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ការដាក់ចេញផែនការប្រតិបត្តិការ និងយន្ដការពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ធ្វើឱ្យសំណើសុំអន្ដរាគមន៍ជួយដល់ជនបរទេស មានការថយចុះគួរឱ្យកត់សម្គាល់ ធានាបាននូវសុវត្ថិភាពដល់ជនរងគ្រោះ និងធ្វើឱ្យស្ថានភាពប្រែប្រួលប្រសើរឡើងវិញ។
Post a Comment