សម្ដេចតេជោ ហ៊ុន សែន៖ វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកាទូត និងទំនាក់ទំនងអន្តជាតិ ព្រមទាំងផ្លាស់ប្ដូរលើវិស័យផ្សេងៗទៀត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យកាទូត និងទំនាក់ទំនងអន្តជាតិ ហើយក៏ជាឱកាសផ្តល់នូវការផ្លាស់ប្តូរលើវិស័យជាច្រើន ទាំងបច្ចេកទេសនៃការរៀបចំ និងបទពិសោធន៍ក្នុងការប្រកួតកីឡា ដែលជាមរតកវប្បធម៌ ទំនៀមទម្លាប់ និងជាសិល្បៈការពារខ្លួន បែបប្រពៃណីរបស់ប្រជាជាតិនីមួយៗ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យកាទូត និងទំនាក់ទំនងអន្តជាតិ។ វិស័យកីឡា ក៏ជាឱកាសផ្តល់នូវការផ្លាស់ប្ដូរលើវិស័យជាច្រើន ទាំងបច្ចេកទេស នៃការរៀបចំ និងបទពិសោធន៍ក្នុងការប្រកួតកីឡាដែលជាមរតកវប្បធម៌ ទំនៀមទម្លាប់ និងជាសិល្បៈការពារខ្លួនបែបប្រពៃណីរបស់ប្រជាជាតិនីមួយៗ»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ដទៀតថា ការរៀបចំ និងការចូលរួមក្នុងការប្រកួតកីឡា ឆ្លុះបញ្ចាំងនូវការរឹតចំណងមិត្តភាពកាន់តែខ្លាំង សាមគ្គីភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋ និងប្រជាជននៃប្រទេសចូលរួមទាំងអស់។
ការរៀបចំព្រឹត្តិការណ៍ពាក់ព័ន្ធនឹងកីឡាក្នុងកម្រិតអន្តរជាតិ ក៏ជាការបំផុសស្មារតី និងលើកទឹកចិត្តមហាជនទូទៅឲ្យកាន់តែស្រឡាញ់ និងគាំទ្រវិស័យកីឡា ហើយក៏ជាការលើកកម្ពស់កិត្តិសព្ទកីឡារបស់ប្រទេសសមាជិកនីមួយៗ ឲ្យកាន់តែល្បីល្បាញ ក៏ដូចជាការធ្វើទីផ្សារអន្តរជាតិរបស់ប្រទេស ចូលរួមនៅលើឆាកអន្តរជាតិផងដែរ។ នេះជាអ្វីដែលសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែម។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, កីឡាក៏រួមចំណែកដល់ការរក្សាបានកម្លាំងកាយរឹងមាំ និងលើកកម្ពស់សុខភាពល្អ នៃធនធានមនុស្សដែលជាកត្តាកំណត់ដ៏សំខាន់នៃផលិតភាពពលកម្ម និងភាពរឹងមាំ នៃសេដ្ឋកិច្ចជាតិ។ ប្រជាពលរដ្ឋដែលមានសុខភាពល្អរស់នៅដោយភាពរីករាយ ងាយចាប់យកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ មានការតាំងចិត្ត និងក្តីសង្ឃឹមខ្ពស់ក្នុងការបង្កើនមូលធនមនុស្ស តាមរយៈការបន្តការសិក្សាបន្ថែមពេញមួយជីវិតដែលរួមចំណែកដល់ការធ្វើបច្ចុប្បន្នភាពចំណេះដឹង និងបច្ចេកវិទ្យាជាប្រចាំ ព្រមទាំងរួមចំណែកដល់ជីវភាព នៃការផ្គត់ផ្គង់កម្លាំងពលកម្មដែលមានគុណភាព និងផលិតភាពខ្ពស់៕
Post a Comment