សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅខេត្តបន្ទាយមានជ័យ
បន្ទាប់ពីបញ្ចប់បេសកកម្មដោះស្រាយការងាររើលំនៅឋាន របស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប រយៈពេលពីរថ្ងៃ និងមួយយប់រួចរាល់ហើយនោះ នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញធ្វើដំណើរមកដល់ខេត្តបន្ទាយមានជ័យហើយ។
ដំណើរអញ្ជើញដល់ខេត្តបន្ទាយមានជ័យ ខេត្តជាប់ព្រំដែនថៃនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តើមការងារដោយជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងខេត្តបន្ទាយមានជ័យ ខណៈព្រឹកថ្ងៃអាទិត្យ ស្អែកនេះ សម្តេចនឹងអញ្ជើញចែកស្រូវពូជជូនប្រជាកសិកររងគ្រោះទឹកជំនន់ជាង ៥ពាន់គ្រួសារ។
មន្ត្រីរាជការដែលអញ្ជើញជួបសំណេះសំណាលជាមួយសម្តេចតេជោនៅរសៀលថ្ងៃសៅរ៍នេះ រួមមានក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការទូទៅ ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជាង ១ពាន់នាក់។
ជាកិច្ចចាប់ផ្តើមនៃកិច្ចសំណេះសំណាលនេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញថ្លែងរបាយការណ៍ជម្រាបសម្តេចតេជោ និងអង្គពិធីទាំងមូលពាក់ព័ន្ធសភាពការណ៍មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងការងារផ្សេងៗនៅក្នុងខេត្ត។
ដោយឡែកក្រុមប្រឹក្សាខេត្តមានចំនួនសរុប ២៥នាក់, ក្រុមប្រឹក្សាក្រុង ស្រុកសរុបចំនួន ១៦៩នាក់, ក្រុមប្រឹក្សាឃុំ/សង្កាត់ សរុបចំនួន ៥៣៣នាក់។
លោកអភិបាលខេត្ត ក៏បានជម្រាបសម្តេចតេជោ និងអ្នកចូលរួមក្នុងពិធីសំណេះសំណាលលើការងារគ្រោះទឹកជំនន់, ការចាក់ស្រោចវ៉ាក់សាំងដើម្បីទប់ស្កាត់ជំងឺកូវីដ១៩,ការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល, ការបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ការដោះមីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម, ការវាស់វែងដីប្រជាពលរដ្ឋបានអាស្រ័យផលជាក់ស្តែងយូរហើយក្នុងតំបន់៣, ការផ្ដល់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងប្រយុទ្ធនឹងជំងឺកូវីដ១៩, ការ
ដោះស្រាយទំនាស់ដីធ្លីនៅបឹងជង្រុក និងបឹង៧៥ ភូមិទំនប់ដាច់ ចំណីផ្លូវរថភ្លើងប៉ោយប៉ែតជាដើម។
ក្នុងពិធីនេះលោកអភិបាលខេត្តបន្ទាយមានជ័យ តំណាងឱ្យមន្ត្រីរាជការក្នុងខេត្ត បានប្រកាសគាំទ្រពេញទំហឹងចំពោះសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខជន នាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែតជាបេក្ខជន នាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ដើម្បីប្រជាជន និងប្រទេសជាតិរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។
លោកអភិបាលខេត្ត ក៏បានគោរពថ្លែងអំណរគុណដ៏ខ្ពស់ខ្ពស់បំផុតចំពោះសម្តេច ដែលបានចុះផ្ទាល់ដោះស្រាយបញ្ហានានានៅខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីស្តាប់នូវរបាយការណ៍នានារបស់លោកអភិបាលខេត្តរួចហើយនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញនូវអារម្មណ៍រីករាយ ដែលបានវិលមកជួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តបន្ទាយមានជ័យ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងនៅក្នុងខេត្ត ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់នាពេលថ្មីៗនេះ។ ជាពិសេសការប្រឹងប្រែងរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់នូវទង្វើបង្កចលាចលនានាក្នុងសង្គម។
បើទោះបីជាយ៉ាងណានៅក្នុងជំនួបសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីរាជការ ជាពិសេសក្រុមប្រឹក្សាឃុំ/សង្កាត់ទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿនរហ័ស។ ចៀសវាងដាច់ខាតការបង្កបង្កើតនូវបញ្ហានានា ដែលនាំឱ្យថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ៕
Post a Comment