កម្ពុជា-វៀតណាមគ្រោងបើកច្រកអន្តរជាតិនៅត្រង់តំបន់កោះថ្ម X16 ខេត្តត្បូងឃ្មុំ

 ខេត្ត​ត្បូងឃ្មុំ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កម្ពុជា និង​វៀតណាម​គ្រោង​នឹង​បើក​ច្រក​អន្តរជាតិ​នៅ​ត្រង់​តំបន់​កោះ​ថ្ម X ១៦ ស្ថិត​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​មួយទៀត ដែល​ផ្តល់​ប្រយោជន៍​ពី​គ្នា​ច្រើន ។



ការ​បញ្ជាក់​បែប​នេះ ខណៈ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម អញ្ជើញ​ជា​អធិបតី​ខួប​លើក​ទី​៤៥ នៃ​ទិវា​ការ​ចង​ចាំ​ដំណើរ​ឆ្ពោះទៅ​កាន់ការ​ផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និង​សម្ពោធ​សមិទ្ធផល​នានា​នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា តេ​ជោ​កោះ​ថ្ម X16 ស្ថិត​នៅ​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​២០ មិថុនា ឆ្នាំ​២០២២ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា ៖«​ខ្ញុំ និង​ឯកឧត្តម​ផា​ម មិ​ញ​ជិ​ញ នាយក​រដ្ឋមន្ត្រី​វៀតណាម មាន​គម្រោង​ថា ថ្ងៃក្រោយ​នៅ​មាន​ពេលវេលា​សម​ស្រប​យើង​អាច​បើក​ច្រក​នេះ​ទៅ​ជា​ច្រក​អន្តរជាតិ​មួយ ។ យើង​ត្រូវ​បំពេញ​កិច្ចការ​ការងារ​មួយ​ចំនួន​ទាក់ទិន​នឹង​ការ​កសាង និង​នីតិវិធី ដើម្បី​ឈាន​ទៅ​បើក​ច្រកព្រំដែន​ឲ្យ​ទៅ​ជា​ច្រកព្រំដែន​អន្តរជាតិ​»​។

សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា បើសិន​បើក​ច្រកព្រំដែន​អន្តរជាតិ​នេះ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​-​វៀតណាម​នឹង​ធ្វើ​ទំនាក់ទំនង​កាន់តែ​ជិត​ស្និ​ទ​ជាមួយ​ច្រក​ពាណិជ្ជកម្ម ដែល​ប្រទេស​ទាំង​២​កាន់តែ​មានការ​រីក​ចម្រើន​កាន់​ខ្លាំង ។






សម្តេច​តេ​ជោ ក៏​បាន​អរគុណ​ដល់​ប្រជាជន​វៀតណាម​ដែល​បាន​ជួយ​ដល់​ប្រជាជន​កម្ពុជា​ពិសេស​សម្តេច​នៅ​ពេលរ​ត់ទៅ​ចូល​ក្នុង​ទឹកដី​វៀតណាម ។ សម្តេច​បញ្ជាក់​ថា ៖«​យើង​មិន​អាច​ភ្លេច​ពាក្យបុរាណ​ខ្មែរ​ថា​«​ជួយ​គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក​» នេះ​ហើយ​ដែល​បញ្ហា​ដែល​យើង​មិន​អាច​បំភ្លេច​បាន​នូវ​គុណ​បំណាច់​ដែល​វៀតណាម​ធ្វើ​ដាក់​កម្ពុជា​» ។

គួរ​រំលឹក​ថា នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២២ នេះ​គឺជា​ខួប​គម្រប់ ៤៥​ឆ្នាំ​នៃ​ដំណើរ​តស៊ូ​ឆ្ពោះទៅ​រក​ការ​រំដោះជាតិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​យុទ្ធ​មិត្ត ដើម្បី​រំដោះជាតិ និង​ប្រជាជន​កម្ពុជា​ចេញពី​ការ​កាប់​ស​ម្លា​.​ប់​របស់​ខ្មែរក្រហម ។ ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ ជា​ពេល​ដែល​សម​មិត្ត ហ៊ុន សែន ក្នុង​វ័យ​២៥​ឆ្នាំ រួម​នឹង​យុទ្ធ​មិត្ត​ដ៏​ស្ម័គ្រស្មោះ ៤​រូប​ផ្សេង​ទៀត​បាន​សម្រេចចិត្ត​ក្នុង​ស្ថានភាព​ដ៏​តាន់តឹង​បំផុត​លាចាក​ទឹកដី​លាចាក​ឧត្តម​ភរិយា និង​កូន​ក្នុង​ផ្ទៃ​ជាទី​ស្រឡាញ់​ធ្វើ​ដំណើរ​ជ្រែក​ស្បៃ​រាត្រី​ឆ្លងកាត់​ព្រំដែន​ទាំង​គ្រោះថ្នាក់​បំផុត​ឆ្ពោះទៅ​កាន់​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​គាំទ្រ​ក្នុង​ការ​រំដោះជាតិ និង​ប្រជាជន​កម្ពុជា​ចេញពី​ក្រញាំ​បិសាច​ដ៏​សែន​ឃោ​.​ឃៅ ប៉ុ​ល​ពត ។

តើម​ចេញពី​ដំណើរ​តស៊ូ​ជាមួយ​ទឹកចិត្ត​ដ៏​មុះ​មុត​នោះ​ហើយ​ទើប​នាំ​ឱ្យ​មានការ​រំដោះប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា ចេញពី​របប​វាល​ពី​ឃាត ប៉ុ​ល ពត នៅ​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​១៩៧៩ ហើយ​ឈាន​ឆ្ពោះទៅ​រក​ការ​បិទ​បញ្ចប់​ភ្លើងសង្គ្រាម​បិទ​បញ្ចប់​ការ​បែកបាក់​ជាតិ​នាំ​មក​នូវ​ការ​បង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ និង​ការ​កសាង​អភិវឌ្ឍ​ប្រទេស​ឱ្យ​រីក​ចម្រើន​ដូច​ពេល​បច្ចុប្បន្ន ។

ដើម្បី​រំលឹក​ដល់​ស្លាកស្នាម​ប្រវត្តិសាស្ត្រ​ដ៏​មានគុណ​តម្លៃ​សម្រាប់​ជាតិ និង​ប្រជាជន និង​ដើម្បី​គាស់​រំលើង​ឱ្យ​ឃើញ​នូវ​វីរភាព​របស់​កុលបុត្រ​ខ្មែរ​ក្នុង​ការ​តស៊ូ​ដើម្បី​ជាតិ និង​ប្រជាជន​សម្រាប់​កុលបុត្រ​ខ្មែរ​ជំនាន់​ក្រោយ​នោះ នៅ​ឆ្នាំ​២០១៧ ដែល​ជា​ខួប​៤០​ឆ្នាំ​នៃ​ការ​ចេញ​តស៊ូ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន រួម​នឹង​យុទ្ធ​មិត្ត​ដែល​នៅ​មានជីវិត​បាន​ធ្វើ​ដំណើរ​រួម​គ្នា​ទៅ​កាន់​គ្រប់​ចំណុច​ក្នុង​ដំណាក់កាល​តស៊ូ​នោះ ។

ចាប់តាំងពី​ឆ្នាំ​២០១៧​នោះ​មក ក្រសួងការពារជាតិ ក៏​បាន​ទទួល​ភារកិច្ច​រៀបចំ​ប្រារព្ធ​ពិធី​មួយ​នេះ​ជា​រៀង​រាល់​ឆ្នាំ ។ បន្ថែម​ពីលើ​នោះ ក៏​មានការ​រៀបចំ​សាងសង់​នូវ​សំណង់​នានា នៅ​លើ​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ​ផង​ដែរ ដើម្បី​តម្កល់​ទុកជា​មរតក​ដល់​មនុស្ស​ជំនាន់​ក្រោយ​៕

Powered by Blogger.