ចំណេះដឹងពី Soft Skill និង Hard Skill នៅក្នុងជីវិតប្រចាំថ្ងៃ
តើ Soft Skill និង Hard Skill គឺជាអ្វី?
Hard Skill សំដៅទៅលើជំនាញដែលមនុស្សគ្រប់រូបត្រូវតែមាន វាចំណេះដឹងក្នុងការធ្វើអ្វីមួយដូចជា ឱសថការី គ្រូបង្រៀន គណនេយ្យ ឬក៏ជំនាញផ្សេងទៀតដែលយើងអាចរៀនសូត្របានតាមរយៈសាលារៀន។ ផ្ទុយទៅវិញ Soft Skill គឺជាជំនាញដែលយើងមិនអាចរៀនសូត្របាននៅក្នុងសាលារៀននោះទេដូចជា របៀបនៃការទំនាក់ទំនងជាមួយអ្នកដ៏ទៃ ភាពជាអ្នកដឹកនាំ ភាពអាចបត់បែនបានតាមកាលៈទេសៈ ការធ្វើការងារជាក្រុម ចំណេះដឹងទាក់ទងទៅនឹងសង្គម របៀបក្នុងការដោះស្រាយបញ្ហា ជាដើម។
ជាការពិតណាស់ មិនថានៅក្នុងជីវិតរស់នៅប្រចាំថ្ងៃក្តី ឬនៅក្នុងការសិក្សាប្រចាំថ្ងៃក្តី យើងគួរតែចេះ Soft Skill ព្រោះ Soft Skill មានប្រយោជន៍ច្រើនណាស់ដល់ខ្លួនយើង។ ជាពិសេសសម្រាប់អ្នកធ្វើការងារ ឬអ្នកធ្វើមុខជំនួញ ពួកគេមិនគួរចេះតែ Hard Skill នោះទេ គួរតែចេះ Soft Skill ផងដែរ។ ប្រសិនបើគេមិនចេះ Soft Skill ទេ គេមិនអាចមានទំនាក់ទំនងល្អជាមួយអ្នកដ៏ទៃ មិនចេះបត់បែនតាមកាលៈទេសៈ មិនអាចឡើងដំណែង ឬទទួលបានជោគជ័យដូចអ្នកដែលចេះ Soft Skill នោះឡើយ។
ខាងក្រោមនេះ ជាជំនាញ Soft Skill ដែលអ្នកគ្រប់គ្នាគួរតែដឹង៖
១. ជំនាញក្នុងការទំនាក់ទំនងប្រចាំថ្ងៃ
ជំនាញនេះជាជំនាញដែលមានសារៈសំខាន់បំផុតសម្រាប់មនុស្សម្នាក់ៗ ដូចយើងដឹងស្រាប់ហើយថាមនុស្សម្នាក់ៗមិនអាចរស់នៅដោយឯកឯង ដោយគ្មានទំនាក់ទំនងជាមួយអ្នកដ៏ទៃបាននោះទេ។ ប្រសិនបើយើងមានទំនាក់ទំនងល្អជាមួយអ្នកដ៏ទៃ យើងអាចទទួលបានពត៌មានច្រើនពីពួកគេ ព្រមទាំងឱកាសនៃការទទួលបានការងារក៏មានច្រើនជាងអ្នកដែលមិនសូវមានទំនាក់ទំនងល្អជាមួយអ្នកដ៏ទៃដែរ។ ពិតណាស់ ជំនាញក្នុងការទំនាក់ទំនងគឺជាប្រការមួយដ៏សំខាន់នៅពេលដែលយើងដាក់ពាក្យទៅធ្វើការនៅទីណា ព្រោះគេតែងតែចង់ដឹងថាយើងជាមនុស្សដែលមានទំនាក់ទំនងល្អជាមួយអ្នកដ៏ទៃដែរឬក៏អត់ ព្រោះជំនាញនេះអាចបង្ហាញថាយើងជាមនុស្សដែលងាយស្រួលចុះសម្រុង និងងាយស្រួលធ្វើការជាមួយអ្នកដ៏ទៃ។
២. ការចេះបែងចែកពេលវេលាឲ្យបានត្រឹមត្រូវ ព្រមទាំងអាចធ្វើការនៅក្រោមសម្ពាធបាន
ការចេះកំណត់ពេលវេលាឲ្យបានច្បាស់លាស់ គឺជារឿងមួយដែលអ្នកគ្រប់គ្នាគួរតែចេះ មិនថាអ្នកធ្វើការ ឬអ្នកសិក្សាក៏ដោយ។ ប្រសិនបើយើងមិនចេះបែងចែកពេលវេលាទេ យើងមិនអាចបញ្ចប់ការងាររបស់យើងឲ្យបានទាន់ពេលវេលាឡើយ។ រីឯចំពោះសិស្សនិស្សិតវិញ ប្រសិនបើគេចេះបែងចែកពេលវេលារៀនសូត្រឲ្យបានល្អ ពួកគេនឹងអាចធ្វើកិច្ចការដែលគ្រូដាក់ឲ្យបានទាន់ពេល ព្រមទាំងអាចក្លាយជាសិស្សពូកែទៀតផង។ ម្យ៉ាងវិញទៀត ចំពោះកន្លែងធ្វើការណាក៏ដោយ គេត្រូវការបុគ្គលិកដែលមានសមត្ថភាពអាចធ្វើការបានច្រើន ឆាប់រហ័ស និងមានគុណភាពល្អ។
៣. ជំនាញក្នុងការធ្វើការងារជាក្រុម
ដើម្បីធ្វើការងារបានឆាប់រហ័ស យើងមិនអាចជៀសវាងពីការធ្វើការងារជាក្រុមបានឡើយ។ យើងមិនអាចជៀសវាងពីការធ្វើការងារជាមួយមនុស្សច្រើននាក់នោះទេ មិនថាយើងជាប្រធានក្រមហ៊ុន ឬជាបុគ្គលិកក៏ដោយ។ ដើម្បីធ្វើការងារជាក្រុមបានល្អ យើងមិនត្រូវមានគំនិតសួនតួ មិនគួរប្រកាន់គោលការណ៍ថាគំនិតរបស់ខ្លួនតែងតែត្រូវជានិច្ច ហើយគំនិតរបស់អ្នកដ៏ទៃខុសរហូតនោះទេ យើងគួរព្យាយាមស្តាប់ពីហេតុផល និងទទួលយកគំនិតរបស់ពួកគេមកពិចារណាផង។ យើងត្រូវចាំថាគំនិតច្រើន ប្រសើរជាងគំនិតមួយ។
៤. ជំនាញក្នុងការដឹកនាំ
មិនមែនសុទ្ធតែមនុស្សគ្រប់គ្នាមានជំនាញនេះនោះទេ ហើយក៏វាមិនងាយក្នុងការអភិវឌ្ឍបានដែរ ប៉ុន្តែទោះជាយ៉ាងណាក្តី យើងគួរតែព្យាយាមយល់ថាជំនាញនេះជាអ្វី ហើយគួរព្យាយាមអភិវឌ្ឍវា។ ត្រូវចាំថាអ្នកដែលចេះដឹកនាំមនុស្ស គេមិនចាំបាច់ចំណាយកម្លាំងខ្លួនឯងច្រើននោះទេ ព្រោះពួកគេចេះពីរបៀបប្រើអ្នកដ៏ទៃឲ្យធ្វើការងារបានយ៉ាងមានប្រសិទ្ធភាព។
៥. ការចេះច្នៃប្រឌិត និងជំនាញក្នុងការដោះស្រាយបញ្ហា
ជំនាញទាំងនេះមានមនុស្សតិចណាស់ដែលចេះ ហើយចំពោះគំនិតច្នៃប្រឌិត ភាគច្រើនមនុស្សម្នាក់ៗមានតាំងតែពីកំណើត។ ចំណែកឯវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហាសំខាន់ខ្លាំងណាស់ ព្រោះយើងដឹងហើយ នៅក្នងជីវិតរស់នៅប្រចាំថ្ងៃ មិនថាតិច ឬច្រើន យើងតែងតែជួបប្រទះនៅបញ្ហា ហើយប្រសិនបើយើងមិនចេះពីវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហាឲ្យបានល្អនោះទេ យើងមិនអាចរស់នៅក្នុងសង្គមនេះបានដោយភាពសុខដុមឡើយ។
Post a Comment