រឿងដែលអ្នកសារព័ត៌មានគួរធ្វើ

 សារព័ត៌មានត្រូវបានចាត់ទុកថាជាអំណាចទី ៤ នៅក្នុងប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ្យនៅទូទាំងសកលលោក រួមទាំងកម្ពុជាផង។ ក្រៅពីនេះ ទម្រង់នៃការផ្ដល់តម្លៃ និងតួនាទីដល់ស្ថាប័ន និងអ្នកសារព័ត៌មាននៅតាមបណ្ដាប្រទេសទាំងនោះ ក៏មានលក្ខណៈផ្សេងៗគ្នាដែរ។ តទៅនេះសារព័ត៌មាន “កម្ពុជាថ្មី” សូមនាំប្រិយមិត្តអ្នកអានទាំងអស់ មកដឹងថាតើអ្វីដែលអ្នកសារព័ត៌មានត្រូវធ្វើ និងមិនត្រូវធ្វើក្រោមរូបភាពច្បាប់ជាតិ និងអន្តរជាតិមួយចំនួនដូចតទៅ៖



១. អំពីអ្នកសារព័ត៌មាន

អ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីប្រជាជនទៅកាន់រដ្ឋាភិបាល និងនាំពាក្យពីរដ្ឋាភិបាលមកកាន់ប្រជាជនវិញ។ ដំណើការនេះប្រព្រឹត្តឡើងតាមរយ៖ វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្ដី សារអេឡិចត្រូនិច និងប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម។ អ្នកសារព័ត៌មាន ត្រូវប្រាប់ព័ត៌មាន ឬហេតុការណ៍ផ្សេងៗ ដែលកើតមានក្នុងសង្គមដើម្បីឲ្យប្រជាជន និងរាជរដ្ឋាភិបាលបានដឹង ដើម្បីរកដំណោះស្រាយ ឬអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។

ការបញ្ចេញមតិ ត្រូវមានលក្ខណៈច្បាស់លាស់ មានតម្លាភាព និយាយការពិត មិនភូតភរ ឬបោកបញ្ឆោតដល់សាធារណៈជន។ ទន្ទឹមនឹងនេះ សារព័ត៌មានចាំបាច់ត្រូវផ្សព្វផ្សាយព័ត៌មានឲ្យបានទៀងទាត់ពេលវេលា និងបម្រើផលប្រយោជន៍ដល់មនុស្សទូទៅ ដោយមិនត្រូវបម្រើផល់ប្រយោជន៍ដល់គណបក្សនយោបាយណាមួយ នោះឡើយ។

២. តើអ្នកសារព័ត៌មាន មានសិទ្ធិ និងគ្មានសិទ្ធិផ្សព្វផ្សាយអ្វីខ្លះ?

អ្នកសារព័ត៌មាន មានសិទ្ធិផ្សព្វផ្សាយនូវរាល់ព័ត៌មានពិត ច្បាស់លាស់ មានប្រភពត្រឹមត្រូវ។  ប៉ុន្តែមិនត្រូវធ្វើឲ្យប៉ះពាល់ដល់ សិទ្ធិបុគ្គល កេរ្តិ៍ឈ្មោះ ការជេរប្រមាទម៉ាក់ងាយគេ ញុះញ៉ង់បង្កើតអំពើហិង្សា និងបាត់បង់សីលធម៌ ដែលធ្វើឲ្យសង្គមបាត់បង់ស្ថេរភាព បង្កភាពអនាធិ​បតេយ្យ និងត្រូវមានការប្រុងប្រយ័ត្ននៅពេលចេញផ្សាយ ឬផ្សព្វផ្សាយព័ត៌មាន។

អ្នកសារព័ត៌មាន ត្រូវផ្ដល់ព័ត៌មានពិតប្រាកដដោយគ្មានភាពលំអៀង អព្យាក្រឹត្យ ក្នុងគោលបំណងទ្រទ្រង់ និងលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិរបស់ពលរដ្ឋទូទៅ និងផ្សព្វផ្សាយព្រឹត្តិការណ៍ ដែលកើតមានពីរាជរដ្ឋាភិបាលមកកាន់ប្រជាពលរដ្ឋ ឬព្រឹត្តិការណ៍ពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលវិញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ។

អ្នកសារព័ត៌មាន មិនត្រូវផ្សព្វផ្សាយព័ត៌មានណា ដែលធ្វើឲ្យបះពាល់ដល់ផល់ប្រយោជន៍របស់ប្រទេសជាតិ បង្កឲ្យមានជម្លោះ និងធ្វើវិទ្ធង្សនា ឬអំពើបំបះបំបោរក្នុងន័យផ្ដួលរំលំរដ្ឋ ដែលប៉ះពាល់ដល់សន្តិសុខជាតិ។ ជាងនេះទៅទៀត អ្នកកាសែតត្រូវចាំថា ខ្លួនពុំមែនជាអ្នកនយោ​បាយ​ទេ ដូចនេះការសរសេរមិនត្រូវបំរើនយោបាយបុគ្គល អ្នកមានអំណាច ឬគណបក្សនយោបាយណាមួយឡើយ។

៣. អំពីខ្លឹមសារច្បាប់ដែលទាក់ទងជាមួយអ្នកសារព័ត៌មាន

តាមពិតទៅគ្មានច្បាប់ណា ដែលចាប់អ្នកកាសែតយកមកដាក់គុក ឬឃាត់ខ្លួនពួកគេ ដោយគ្រាន់តែពួកគេបានបញ្ចេញសេរីភាពនៃគំនិត ឬការរិះគន់ ដែលស្របទៅនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យនោះទេ។ ប៉ុន្តែប្រការគួរជៀសវាង គឺអ្នកសារព័ត៌មានត្រូវប្រុងប្រយ័ត្ន ចំពោះការសរសេរដែលអាចធ្វើឲ្យប៉ះពាល់ ដល់ការបរិហាកេរ្តិ៍ដល់អ្នកអ្នកដ៏ទៃ ដោយពុំមានប្រភពច្បាស់លាស់។ មិនត្រូវចុះផ្សាយអំពីព័ត៌មានដែលគ្មានប្រភព គ្មានភស្តុតាងត្រឹមត្រូវ ​និងដែលធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីល្អរបស់សង្គម ស្ថាប័នជាតិ ឬញុះញ៉ង់ឲ្យមានអំពើហិង្សា ដែលប្រការនេះ អ្នកសរសេរត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ចំណុចមួយទៀតនៅក្នុងសង្គមប្រជាធិបតេយ្យ សេរីភាពនៃការបញ្ចេញមតិ ត្រូវបើកចំហ ខណៈការរិះគន់ ការកែលម្អក្នុងន័យស្ថាបនា មានន័យតែមួយគត់ គឺចង់បម្រើផលប្រយោជន៍ប្រជាជនទូទៅ។ ក្រៅពីនេះព័ត៌មានដែលមិនគួរចុះផ្សាយ ឬដែលច្បាប់បានហាមឃាត់ គឺព័ត៌មានដែលនាំឲ្យ៖ អន្តរាយដល់សន្តិសុខជាតិ អន្តរាយដល់ទំនាក់ទំនងជាមួយប្រទេសដ៏ទៃ មានការរំលោភបំពានសិទ្ធិបុគ្គលម្នាក់ៗ ដោយរាប់ទាំងសំណុំរឿងមន្ត្រីរាជការ សំណុំរឿងនយោបាយ និងឯកសារសម្ងាត់របស់ជាតិដទៃ ការលាតត្រដាងឯកសារសម្ងាត់ផ្នែកពាណិជ្ជកម្ម ផ្នែកហិរញ្ញវត្ថុរបស់បុគ្គល ឬអង្គភាពចំណាយ និងលាតត្រដាងពីបទបញ្ជា ឬការត្រួតពិនិត្យរបស់ស្ថាប័នហិរញ្ញវត្ថុ ប៉ះពាល់ដល់ជនណាម្នាក់ដែលនាំឲ្យមានការជំនុំជម្រះក្ដីដោយយុត្តិធម៌ និងមានគ្រោះថ្នាក់ដល់មន្ត្រីដែលអនុវត្តច្បាប់ ឬត្រូវបំពេញបេសកកម្មរបស់ខ្លួន។

បន្ថែមលើនេះ សាព័ត៌មានមិនត្រូវបោះពុម្ពផ្សាយ នូវអ្វីដែលប៉ះពាល់ដល់ប្រពៃណីល្អរបស់សង្គមជាតិដូចជា៖ ពាក្យពេចន៍អសុរោះមិនគួរគប្បីដូចជាអាមឹង ពាក្យដែលពិពណ៌នាចំៗអំពីសកម្មភាពរួមរក្ស រូបគំនូរ ឬរូបថតដែលបង្ហាញនូវកេរ្តិ៍ភេទ ឬរូបអាក្រាតលើកលែងតែទិសដៅសម្រាប់អប់រំចេញ។

ជាមួយគ្នានេះ លុះត្រាតែមានការអនុញ្ញាតពីតុលាការ បើមិនដូច្នេះសារព័ត៌មានពុំអាចផ្សាយដំណឹង រូបថត ឬគំនូរ ​ដែលអាចឲ្យអ្នកអានស្គាល់ឈ្មោះនិងភិនភាគនៃ៖ ភាគីក្នុងរឿងរដ្ឋប្បវេណីដែលទាក់ទងទៅនឹងបិតុភាព អាពាហ៍ពិពាហ៍ រឿងលែងលះប្ដីប្រពន្ធ ឬរឿងអាណាព្យាបាលលើកុមារ យុវជនអាយុតិចជាង ១៨ឆ្នាំក្នុងរឿងវិវាទរដ្ឋប្បវេណី ឬព្រហ្មទណ្ឌ ស្ត្រីដែលទទួលរងគ្រោះដោយអំពើរំលោភលើរាងកាយ ឬអំពើចាប់បង្ខំ សេពសន្ទវៈ។ ដោយឡែក ក្នុងករណីដែលសាមីជន ឬអ្នកអាណាព្យាបាលយល់ព្រមជាលាយលក្ខណ៍អក្សរ សារព័ត៌មានអាចផ្សព្វផ្សាយរឿងនេះបាន លើកលែងតែការផ្សាយនេះនាំឲ្យប៉ះពាល់ដល់ការស៊ើបអង្កេតរបស់តុលាការ។

៣. ១. ច្បាប់ដែលទាក់ទងនឹងអ្នកសារព័ត៌មាន

ច្បាប់ដែលជំរុញ និងលើកកម្ពស់វិជ្ជាជីវៈអ្នកសារព័ត៌មាន ត្រូវបានចែកជាពីរគឺ៖ ច្បាប់អន្តរជាតិ និងច្បាប់ជាតិកម្ពុជា។

ក. ច្បាប់អន្តរជាតិ

ក.១. សេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្សៈ នៅត្រង់មាត្រា ១៩ នៃសេចក្ដីប្រកាសនេះចែងថា “មនុស្សគ្រប់រូប មានសិទ្ធិសេរីភាពក្នុងការមានមតិ និងការសម្ដែងមតិ។ សិទ្ធិនេះ រាប់បញ្ចូល ទាំងសេរីភាពក្នុងការប្រកាន់មតិ ដោយគ្មានការជ្រៀតជ្រែក និងសេរីភាពក្នុងការស្វែងរក ការទទួល និងការផ្សព្វផ្សាយព័ត៌មាន និងគំនិតនានាដោយគ្មានព្រំដែនទឹកដី ទោះតាមរយៈមធ្យោបាយសម្ដែង មតិណាមួយក៏ដោយ”។

ក.២. កតិកាសញ្ញាអន្តរជាតិ ស្ដីពី សិទ្ធិពលរដ្ឋនិងសិទ្ធនយោបាយៈ នៅត្រង់មាត្រា ១៩ នៃកតិកាសញ្ញានេះចែងថា “ជនគ្រប់រូប មានសិទ្ធិប្រកាន់យកមតិយោបល់ ដោយគ្មានការជ្រៀតជ្រែក។

ជនគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិនេះត្រូវរាប់បញ្ចូលទាំងសេរីភាពស្រាវ​ជ្រាវព័ត៌មាន ទទួលនិងផ្សព្វផ្សាយព័ត៌មាន និងគំនិតសព្វបែបយ៉ាង ដោយមិនគិតពីព្រំដែនដោយផ្ទាល់មាត់សរសេរ ឬបោះពុម្ពតាមទម្រង់សិល្បៈក្ដី ឬក៏ដោយមធ្យោបាយផ្សព្វផ្សាយដ៏ទៃទៀតក្ដីតាមការជ្រើសរើសរបស់ខ្លួន”។

ខ. ច្បាប់ជាតិ

ច្បាប់ជាតិដែលធានាដល់សេរីភាព និងកំណត់ព្រំដែនរបស់អ្នកសារព័ត៌មានមានដូចជា៖  

ខ.១. រដ្ឋធម្មនុញ (មាត្រា ៤២)

ខ.២. ច្បាប់ ស្ដីពី របបសារព័ត៌មាន ឬច្បាប់ពិសេសសម្រាប់អ្នកសារព័ត៌មាន

ខ.៣. ក្រមសីលធម៌សម្រាប់អ្នកសារព័តមាននៅកម្ពុជា

ខ.៤. ក្រមព្រហ្មទណ្ឌៈ មាត្រា ៣០៥ បទបរិហារកេរ្តិ៍ជាសាធារណៈ មាត្រា ៣០៦ បទបរិហារកេរ្តិ៍តាមសារព័ត៌មាន មាត្រា ៣០៧ បទជេប្រមាទជាសាធារណៈ មាត្រា ៣០៨ បទអំពើជេរប្រមាថតាមសារព័ត៌មាន និងមាត្រា ៤៩៤, ៤៩៥ ឬមាត្រា ៤៩៦ បទញុះញង់ជាដើម៕

ឯកសារយោង៖

រដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា ១៩៩៣

ក្រមព្រហ្មទណ្ឌកម្ពុជា ២០០៩

ច្បាប់ ស្ដីពី របបសារព័ត៌មាន ១៩៩៥

សំ សុគង់ ឯកសារពិគ្រោះយោបល់ផ្លូវច្បាប់ សម្រាប់អ្នកសារព័ត៌មាន ២៨ មិថុនា ២០២២

កតិកាសញ្ញាអន្តរជាតិ ស្ដីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។

Powered by Blogger.