សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបើកមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីនៅចុងសប្ដាហ៍នេះ

 កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​លើក​ទី​៤ (41st OCA General Assembly) ដែល​កម្ពុជា​ទទួលបាន​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះនឹងត្រូវ​រៀបចំ​ចុង​សប្ដាហ៍​នេះចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២២ ដោយមាន​ប្រតិភូ​កីឡា និង​ឥស្សរជន​ជាន់ខ្ពស់នៃ​ចលនា​អូឡាំពិក​អាស៊ី និង​ពិភពលោក​ប្រមាណ ៤០០​នាក់​ចូលរួម។​



​បើតាម​ការបញ្ជា​ក់រប​ស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ឲ្យ​ដឹងថា ពិធី​បើក​មហាសន្និបាត​នេះនឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​សម្ដេច​នឹង​ថ្លែង​នូវ​សន្ទរកថា​គន្លឹះ ដើម្បី​បង្ហាញ​នូវ​សុច្ឆន្ទៈ​ដ៏​ខ្លាំងក្លា​របស់​រាជរដ្ឋាភិបាល ក្នុង​ការកសាង និង​ជំរុញ​ចលនា​កីឡា​ជាតិ ចលនា​កីឡា​អូឡាំពិក ក៏ដូចជា​សន្ទរកថា​គ​ន្លឹះ បង្ហាញជូន​នូវ​សក្ដានុពល​របស់​រាជរ​ដ្ឋា​ភិ​បាល ចំពោះ​នយោបាយ​កីឡា​ជាតិ ជាមួយ​ចលនា​អូឡាំពិក​អន្ដរជាតិ ដើម្បី​កសាង​សង់​ពិភពលោក​មួយ​ដ៏​ល្អប្រសើរ តាម​ពាក្យស្លោក​របស់​អូឡាំពិក “Sports Build Better World” ដែល​បានន័យថា កីឡា​គឺ​បាន​កសាង​ពិភពលោក​មួយ​ឲ្យ​មាន​សុខដុមរមនា​ផងដែរ។

​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដដែលបាន​បញ្ជាក់ថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចរាល់ដើម្បី​ស្វាគមន៍ និង​រៀបចំ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នេះ ពោលគឺ​រង់ចាំតែ​ការទទួល​បដិសណ្ឋារកិច្ច​ប្រតិភូ និង​ភ្ញៀវ​ពេល​អញ្ជើញ​មកដល់​ប៉ុណ្ណោះ ពិសេស​ដើម្បី​បង្ហាញ​ពី​សភាពការណ៍​ពិត សន្ដិភាព និង​ការអភិវឌ្ឍ ដល់​បណ្ដា​ប្រទេស​ចលនា​អូឡាំពិក​អន្ដរជាតិ​ទាំងអស់ ដែល​នឹង​មក​ចូលរួម​មហាសន្និបាត​នេះ។​ ​កម្ពុជា​បានចាត់ទុក​មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​នេះ គឺជា​ពេលវេលា​មួយ​ដ៏​កម្រសម្រាប់​កម្ពុជាដែល​ត្រូវបាន​សហគមន៍​អន្ដរជាតិ ក៏ដូចជា​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី មើលឃើញ​ពី​ភាពជាក់លាក់ និង​សក្ដានុពល​ផ្នែក​កីឡា សេដ្ឋកិច្ច ពិសេស​សន្ដិភាព​ពេញលេញ​នៅ​កម្ពុជា និង​ជា​ប្រទេស​គោលដៅ​សុវត្ថិភាព​ក្នុង​បញ្ហា​កូ​វីដ​-១៩ ដែល​នាំ​ឲ្យ OCA សម្រេច​លើកយក​មហាសន្និបាត​ក​ម្រិ​ត​ពិភព​លោក​នេះមក​រៀបចំ​នៅ​កម្ពុជា ដ្បិត​ដំបូង​ឡើងមហាសន្និបាត​នេះត្រូវធ្វើ​នៅ​ចិន តែដោយសារ​ការអាក់ខានដោយ​សារ​បញ្ហា​កូ​វីដ​-១៩។​

​ឯកឧត្តម វ៉ា​ត់ ចំរើន មានប្រសាសន៍ថា ផលចំណេញ​នៃ​ការរៀបចំ​មហាសន្និបាត​នេះ អ្វីដែល​សំខាន់គឺ​កេរ្ដិ៍ឈ្មោះ​របស់​កម្ពុជា និង​ការ​ផ្ដល់នូវ​ការគាំទ្រ​ដល់​កម្ពុជា​ពេញទំហឹង ក្នុង​ការធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ និង​ការធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អូឡាំពិក​យុវជន​អាស៊ីឆ្នាំ​២០២៩ ដែលជា​ព្រឹត្តិការណ៍​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​របស់​កម្ពុជា​។ នេះ​គឺជា​អ្វីដែល​កម្ពុជា​ចង់បាន ហើយ​ចង់​ឲ្យ​ប្រទេស​ទាំងអស់ មើលឃើញ​ពី​សក្ដានុពល​កីឡា​ជាតិ ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍ និង​ការ​ប្រែ​មុខមាត់​ថ្មីនៃ​ប្រទេស​កម្ពុជា ពិសេស​ទីក្រុង​ភ្នំពេញក្រោម​ម្លប់​សន្ដិភាព សម័យ​តេ​ជោ ហើយ​បណ្ដា​ប្រទេស​ចូលរួម​ទាំងអស់ នឹង​ផ្ដល់នូវ​សភាពការណ៍​ពិត​របស់​កម្ពុជា​ទៅកាន់​ពិភពលោក។​

​ឯកឧត្តម វ៉ា​ត់ ចំរើន បានបញ្ជាក់​បន្ថែមថា ក្រោម​ការគិតគូរ និង​យកចិត្តទុកដាក់​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍ CAMSOC ក្រៅពី​ការត្រៀម​លក្ខណៈ​រៀបចំ​មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​នេះ ឯកឧត្តម​រដ្ឋមន្ដ្រី ក៏បាន​ដាក់ចេញ​នូវ​វិធានការ​ផ្សេងៗ ដូចជា​ការត្រៀម​រៀបចំ​ពិ​ព័រ​ណ៌​អំពី​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣, ទស្សនា​កម្ពុជាឆ្នាំ​២០២៣, ពិ​ព័រ​ណ៌​ទេសចរណ៍ និង​ការរៀបចំ​កញ្ចប់​ទស្សន​កិច្ច​ទៅតាម​គោលដៅ​ទេសចរណ៍​សំខាន់​ដល់​ប្រតិភូ​កីឡា​ទាំងអស់ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ទៀតផង​៕

Powered by Blogger.