សម្ដេចក្រឡាហោម ស ខេង ស្នើគ្រប់ភាគីពាក់ព័ន្ធចូលរួម បង្ក្រាបអំពើជួញដូរមនុស្សគ្រប់ទម្រង់
ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅខេត្តព្រះសីហនុ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា កិច្ចប្រជុំនាថ្ងៃនេះជាផ្នែកមួយនៃការជួយគាំទ្របន្ថែមទៀតដល់ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងខេត្តព្រះសីហនុ ដែលមានការប្រឈមទៅនឹងបទល្មើសប្រភេទនេះ។
សម្ដេច ក៏បានរម្លឹកជាថ្មីទៀតអំពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពិសេសអនុសាសន៍ជំរុញណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
សម្ដេចក្រឡាហោម បានបន្តថា កាលពីពេលថ្មីៗនេះ ក្រសួងបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការកិ ច្ចប្រតិបត្តិការលើការងារនេះ ហើយក្នុងឋានៈជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្ដេចក៏បានអំពាវនាវឱ្យមានការគាំទ្រនិងចូលរួមក្នុងការងារនេះ ដោយបានផ្ដល់បណ្ដាញនិងលេខទូរសព្ទទំនាក់ទំនងរាយការណ៍អំពីករណីនេះ។ សម្ដេចឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ ក្រសួងបានទទួលបណ្ដឹង និងការរាយការណ៍ចំនួន ១៨៦ករណី។
ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានរាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គប្រជុំអំពីវឌ្ឍនភាពនៃការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុសន្សនៅខេត្តព្រះសីហនុ ក្រោមកិច្ចប្រតិបត្តិការរបស់កម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងនោះ រួមទាំងលទ្ធផលនៃកិច្ចប្រតិបត្តិការក្រោយពីមានការដាក់ចេញផែនការដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិ។
ក្នុងកិច្ចប្រជុំនោះ សម្ដេចក្រឡាហោម ស ខេង បានជំរុញរដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ បន្តការខិតខំប្រឹងប្រែងបង្ក្រាបគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ដោយប្រកាន់យកគោលការណ៍៣ក្នុងកិច្ចប្រតិបត្តិការ គឺសង្គ្រោះជនរងគ្រោះ បង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស និងចាប់ខ្លួនជនល្មើស បណ្ដាញ និងមេក្លោងពាក់ព័ន្ធមកផ្ដន្ទាទោសទៅតាមច្បាប់ ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ព្រមទាំងកិត្តិយសជាតិ៕
Post a Comment