ព្រះ​មហា​មាលា ព្រះរាជា​ខ្មែរ​

 ព្រះ​មហា​មាលា គឺ​ជា​គ្រឿង​ប្រដាប់​ព្រះសិរ​ដ៏​សំខាន់​មួយ​របស់ ព្រះករុណា ព្រះ​មហាក្សត្រ​កម្ពុជា​យើង ស្ថិត​ក្នុង​ចំណោម​គ្រឿង​ប្រដាប់​ព្រះសិរ​សំខាន់ៗ​ដ៏ទៃ​ទៀត​មាន​ដូចជា ព្រះ​មហា​មកុដ​រាជ្យ ព្រះ​មហា​ជដាបញ្ចកុដ និង​ព្រះ​មាលា​ទ្រង់​ប្រពាស​ជាដើម។



នៅ​ដើម​សម័យ​អាណា​និគម ដោយ​កាលណោះ​នៅ​តំបន់​អឺរ៉ុប​ជា​សម័យ​ដែល​គេ​និយម​ប្រើប្រាស់​មួក​ជាទី​បំផុត​ដើម្បី​សម្គាល់​ជា​ភាព​ថ្លៃថ្នូរ និង​ជា​របៀប​សង្គម​របស់​អរិយ​ប្រទេស។ ចំណែក​ឯ​កម្ពុជា​យើង​ដែល​ជា​ប្រទេស​ក្នុង​អាណានិគម​នា​សម័យ​នោះ​ក៏​បាន​ចាប់ផ្តើម​ប្រើប្រាស់​មួក​តាម​ការ​និយម​នោះ​ត​រៀង​មក។

ឯ​ព្រះ​មហា​មាលា ដែល​អង្គ​ព្រះ​មហាក្សត្រ ទ្រង់​ប្រើប្រាស់​នោះ តែ​ថា​បើ​ប្រើ​ឬ​ជា​មួក​ធម្មតា​ក៏​ហាក់​នឹង​មិន​សម​ព្រះ​កិត្តិយស ហេតុនេះ​ហើយ​ទើប​បាន​ជា​គេ​រចនា​ព្រះ​មហា​មាលា ដែល​មាន​លក្ខណៈ​វិចិត្រ​ខុស​ពី​មួក​ដ៏ទៃ​ទៀត​នៅ​ជំនាន់​នោះ​សម្រាប់​អង្គ​ព្រះ​មហាក្សត្រ​ទ្រង់​ក្នុង​រាជកិច្ច​ផ្សេងៗ និង​សម្រាប់​ប្រើ​ក្នុង​ព្រះ​រាជពិធី​បរម​រាជាភិសេក​ផង​ដែរ។



ព្រះ​មហា​មាលា ដែល​រចនា​យ៉ាង​ពិសេស​នេះ​មាន​សណ្ឋាន​រាង​មូល​ហើយ​មាន​កំពូល​ស្រួច ដែល​យើង​ក្រឡេក​មើល​ទៅ​ហាក់​ស្រដៀង​នឹង​មួក​ចម្បាំង​សម័យ​បុរាណ ទាស់​តែ​ថា​ព្រះ​មហា​មាលា​នេះ​មាន​ស្លាប​មួក​យ៉ាង​ធំ ឯ​តួ​មួក​មាន​រាង​មូល​មិន​មាន​រាង​កោង​ស្រួច ហើយ​រឹង​ដូច​មួក​បុរាណ​នោះ​ទេ។ ព្រះ​មហា​មាលា ត្រូវ​បាន​ពាស​ដោយ​ក្រណាត់​ពណ៌​ខ្មៅ គែម​ស្លាប​មួក​ពាស​ដោយ​សំពត់​ពណ៌​មាស និង​មាន​ខ្សែ​ចង​ពណ៌​មាស​ដូចគ្នា​ដែរ។ ឯ​តួ​មួក​រាង​មូល​នោះ មាន​បន្ទះ​ក្បាច់​ធ្វើ​អំពី​មាស​ព័ទ្ធជុំវិញ​ស្រដៀង​នឹង​ក្បាំង​ព្រះ​មហា​មកុដ​ដែរ។ នៅ​លើ​តួ​ព្រះ​មហា​មាលា មាន​ចុង​កំពូល​ស្រួច​ធ្វើ​អំពី​មាស ឆ្លាក់​ក្បាច់ ដាំ​ត្បូង​យ៉ាង​ល្អ​វិចិត្រ ដែល​ឃើញ​ថា​មាន​ការ​រចនា​ស្រដៀង​នឹង​កំពូល​ព្រះ​កៀវ ឬ​កំពូល​ព្រះ​មកុដ។

រីឯ​នៅ​ខាង​ឆ្វេង​តួ​ព្រះ​មហា​មាលា​មាន​ក្បាច់​សន្លឹក​ធ្វើ​អំពី​មាស​ប្រដាប់​ដោយ​ត្បូង និង​ពេជ្រ​យ៉ាង​ប្រណិត ហើយ​នៅ​ខាង​លើ​ក្បាច់​សន្លឹក​នេះ​មាន​ប្រដាប់​នូវ ស្លាប​កន្ទុយ​បក្សា​ពណ៌​ស​យ៉ាង​ធំ​មួយ ដោយ​តាម​រយៈ​រូបភាព​យើង​សន្និដ្ឋាន​ថា​អាច​ជា​ស្លាប​កន្ទុយ​របស់​សត្វ​អំបូរ "បក្សី​សួគ៌" (birds of paradise ស.ហៅ សត្វ​ករវិក ដែល​ស្លាប​របស់​សត្វ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ស្លាប​សត្វ​មាន​តម្លៃ​បំផុត​ក្នុង​ជំនាន់​អាណា​និគម ​នា​សតវត្ស​ទី២០ នៅ​តំបន់​អឺរ៉ុប​ពួក​អភិជន​ ​រាជវង្ស​ជា​ដើម និយម​ប្រើប្រាស់​ស្លាប​សត្វ​ប្រភេទ​នេះ​លម្អ​លើ​មួក និង​គ្រឿង​ប្រដាប់​ផ្សេងៗ​របស់​ខ្លួន​ណាស់ ។ ដោយហេតុ​សេចក្តី​ខាង​លើ​នេះ​ហើយ​ទើប​យើង​សន្និដ្ឋាន​ថា​ស្លាប​សត្វ​លើ​ព្រះ​មហា​មាលា​នេះ គឺ​ជា​ស្លាប​តែ​មួយ​នឹង​ស្លាប​សត្វ​ដែល​គេ​និយម​ប្រើ​នៅ​សម័យ​នោះ​ឯង)។

ព្រះ​មហា​មាលា​នេះ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ព្រះ​រាជ​ពិធី​សំខាន់ៗ​របស់​ព្រះ​មហាក្សត្រ​ដូច​ជា ក្នុង​ពិធី​ប្រទក្សិណ​ព្រះ​នគរ ក្នុង​ព្រះ​រាជ​ពិធី​រាជា​ភិសេក​គ្រង​រាជ្យ​សម្បត្តិ​ជាដើម។ តាម​ទំនៀម​ក្នុង​ក្បួន​ប្រទក្សិណ​ព្រះ​នគរ បន្ទាប់​ពី​អង្គ​ព្រះ​មហាក្សត្រ​យាង​ចុះ​ពី​ព្រះ​ទីនាំង​រាជ​រថ​ទឹម​អស្សតរ​៦ ​រួច​ហើយ​នោះ ព្រះ​ករុណា​ទ្រង់​នឹង​ផ្លាស់​ព្រះ​មហា​ជដាបញ្ចកុដ​ចេញ ហើយ​ប្តូរ​មក​គ្រង​ព្រះ​មហា​មាលា​វិញ​ ​ដោយ​យាង​ឡើង​គង់​លើ ​ព្រះ​ទីនាំង​អស្សតរ​ដើម្បី​បន្ត​ព្រះ​រាជ​ដំណើរ មុន​នឹង​ផ្លាស់​ចេញ​ម្តង​ទៀត​ពេល​ស្តេច​ប្តូរ​មក​គង់​ព្រះ​ទីនាំង​គជេន្ទ្រ​វិញ។ លើស​ពី​នេះ​តាម​រយៈ​រូបភាព​ចាស់ៗ​កន្លង​មក យើង​សង្កេត​ឃើញ​ថា ព្រះករុណា ព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិ ទ្រង់​សព្វ​ព្រះរាជ​ហឫទ័យ​ប្រើ​ព្រះ​មហា​មាលា​នេះ​ណាស់ ជា​ពិសេស​នៅ​ពេល​ស្តេច​យាង​ទៅ​ប្រពាស​ប្រទេស​បារាំង​កាល​ដើម​រជ្ជកាល​របស់​ព្រះអង្គ៕





Powered by Blogger.