ទឹកឡើងលិចស្ពានតាម៉ុក អាជ្ញាធរខេត្តឧត្តរមានជ័យ ផ្អាកឆ្លងកាត់បណ្ដោះអាសន្ន
ដោយសារភ្លៀងនៅបន្តធ្លាក់ អាជ្ញាធរខេត្តឧត្តរមានជ័យ បានផ្អាកចរាចរណ៍ឆ្លងកាត់ស្ពានតាម៉ុក ជាបណ្ដោះអាសន្ន ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ព្រោះស្ថានភាពទឹកនៅទំនប់អាងទឹកតាម៉ុក នៅវេលាម៉ោង៨យប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ទឹកក្នុងអាងមានកម្ពស់ ៣,៩៤ម៉ែត្រ លើសកម្រិតកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ ខណៈកម្រិតកម្ពស់ត្រូវប្រកាសអាសន្នគឺ ៤,៥០ម៉ែត្រ ។
បើតាមមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានឲ្យដឹងថា ស្ថានភាពទឹកនៅទំនប់អាងទឹកតាម៉ុក នៅវេលាម៉ោង ១១និង៣០នាទីថ្ងៃទី១៩ កញ្ញានេះ ទឹកក្នុងអាងមានកម្ពស់ ៣,៨២ម៉ែត្រ ឡើងដល់កម្រិតកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ក្រុមការងារបានបញ្ជូនគ្រឿងចក្រ ចុះកាយបិទលើខ្នងទំនប់កណ្ដែក បង្ការកុំឲ្យទឹកហូរកាត់ (ព្រោះបរិមាណធារទឹក នៅផ្នែកខាលើបន្តហូរចូលបង្កឲ្យកម្ពស់ទឹកក្នុងអាងបន្តហក់ឡើងជាលំដាប់) ៕
Post a Comment