បណ្តាខេត្តនៅភាគពាយព្យ ៨ខេត្ត ប្រឈមនឹងទឹកជំនន់ ព្រោះឥទ្ធិពលខ្យល់ព្យុះ
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង នៅថ្ងៃទី២៤ ខែកញ្ញានេះថា ឥទ្ធិព្យុះទី១៦ ឈ្មោះ ណូរុ ដែលកើតនៅភាគខាងកើតប្រទេសហ្វីលីពីន នឹងធ្វើឱ្យប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយលើភាគខាងជើងកម្ពុជា បានចុះថមថយឥទ្ធិពលជាលំដាប់។ ប៉ុន្តែតាមការព្យាករ នៅថ្ងៃទី២៧កញ្ញា ព្យុះណូរុ នឹងវិវត្តទៅជាព្យុះទីហ្វុង នៅពេលបក់ចូលកៀកឆ្នេរភាគកណ្តាលប្រទេសវៀតណាម ។ព្យុះនេះ នៅពេលឆ្លងកាត់ប្រទេសវៀតណាម និងអាងទន្លេមេគង្គប្រទេសឡាវ និងថៃ នៅថ្ងៃទី២៨-៣០កញ្ញា បានថមថយឥទ្ធិពលបន្តបន្ទាប់ជាព្យុះកម្រិត TS និង TD និងសម្ពាធទាប។ ជាមួយគ្នានោះ ចាប់ពីថ្ងទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ខ្យល់មូសុងនិរតី នឹងបង្កើនល្បឿនបក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង មកលើតំបន់មាត់សមុទ្រ។
សេចក្តីប្រកាស បន្តថា លក្ខណៈបែបនេះ នឹងធ្វើឱ្យកម្ពុជាយើង ចាប់ពីថ្ងៃទី២៧-៣០ ខែកញ្ញា ឆ្នាំ២០២២ បណ្តាខេត្តនៅភាគពាយព្យ មានជាអាទិ៍៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរ ទៅច្រើន បូកផ្សំនឹងបរិមាណទឹកភ្លៀង ដែលហូរមកពីប្រទេសថៃបន្ថែមទៀត អាចបង្កឱ្យទីទំនាបជាប់ផ្លូវទឹក និងផ្លូវទឹកនៅក្នុងភូមិសាស្ត្រនៃបណ្តាខេត្តទាំងនោះ ប្រឈមនឹងជំនន់ទឹកភ្លៀង និងជំនន់ដោយបរិមាណទឹកហួសកម្រិត។ ចំណែកបណ្តាខេត្តដទៃទៀត និងរាជធានីភ្នំពេញ មានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លើកលែងតែបណ្តាខេត្តជាប់មាត់សមុទ្រ មានខេត្តកោះកុង និងខេត្តព្រះសីហនុ ដែលអាចមានភ្លៀងធ្លាក់ច្រើន។ នៅលើផ្ទៃសមុទ្រ ក៏នឹងអាចមានភ្លៀងច្រើន ខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានប្រកាសថា ភ្លៀងនឹងបន្តធ្លាក់ច្រើន នៅតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងទន្លេមេគង្គ ដែលអាចធ្វើឱ្យទឹកទន្លេមេគង្គ មានការងើបកើនឡើងវិញជាបន្តបន្ទាប់៕
Post a Comment