កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ហ្វឹកហាត់ពង្រឹងជំនាញបើកបរទូកម៉ាស៊ីន និងវិធីជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយទឹកជំនន់

 បន្ទាយមានជ័យ: នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាល ចំនួន88នាក់ ទូកម៉ាស៊ីន០៩គ្រឿង ដើម្បីហ្វឹកហាត់ពង្រឹង ជំនាញបើកបរទូកម៉ាស៊ីន និងវិធីជួយសង្គ្រោះប្រជាពលរដ្ឋ ពេលរងគ្រោះដោយទឹកជំនន់និងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។







គោលបំណងនៃការហ្វឹកហាត់នេះគឺ ដើម្បីពង្រឹង សមត្ថភាពជំនាញលើការបើកបរទូកម៉ាស៊ីន ដើម្បីត្រៀមអន្តរាគមន៍ ដោះស្រាយរាល់យថាហេតុ២៤ម៉ោងលើ២៤ម៉ោង និងចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ (ទឹកជំនន់)និងគ្រោះថ្នាក់ផ្សេងៗ។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោក លោកស្រី ស្នងការរង នាយ នាយរង និងពលនគរបាលទាំងអស់ ដែលបានបំពេញនូវតួនាទីភារកិច្ចតាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕
Powered by Blogger.