កិច្ចពិធីបោះបាយបិណ្ឌនារជ្ជកាលព្រះបាទជយវម៌្មទី៧

ពិធីបុណ្យភ្ជុំបិណ្ឌកើតឡើងដំបូងនៅរជ្ជកាលព្រះបាទឥន្ទ្រវម៌្មទី១ (៨៧៧-៨៨៩) ដែលដំបូងឡើយគឺជាកិច្ចពិធីតាមបែបព្រហ្មញ្ញសាសនា និងបន្តរហូតមកដល់រជ្ជកាលក្រោយៗទៀត។ រហូតមកដល់រជ្ជកាលព្រះបាទជយវម៌្មទី៧ (១១៨១-១២១៥) ព្រះអង្គក៏បានធ្វើកិច្ចពិធីបោះបាយបិណ្ឌឧទ្ទិសជូនអ្នកស្លាប់ក្នុងចម្បាំងជាមួយចម្ប៉ា ដែលកិច្ចនេះគឺធ្វើតាមទំនៀមពុទ្ធសាសនាមហាយាន តាំងតែពីជាង៩០០ឆ្នាំមុនមក។


បុរាណវិទូ លោក អ៉ឹម សុខរិទ្ធី បានលើកឡើងថា យោងតាមគម្ពីរព្រះពុទ្ធសាសនាមហាយាន ករណ្ទាវ្យោហៈ (Kāraṇḍavyūha) ដែលបានសរសេរនៅក្នុងតំបន់កាស្មៀនៃប្រទេសឥណ្ឌាតាំងពីសតវត្សទី៥នៃគ្រិស្ដសករាជ និយាយពីរឿងរ៉ាវរបស់ព្រះពោធិសត្វអវលោកេស្វរៈដែលសង្គ្រោះប្រេតឱ្យរួចចាកទុក្ខ។ ព្រះបាទជយវម៌្មទី៧ ដែលជាក្សត្រខ្មែរបដិបត្តិតាមព្រះពុទ្ធសាសនាមហាយាននោះ បានយកមកប្រតិបត្តិតាមទំនៀមនេះក្នុងរជ្ជកាលរបស់ព្រះអង្គរនៅចុងសតវត្សទី១២។

ការណ៍ដែលព្រះបាទជយវម៌្មទី៧ប្រតិបត្តិតាមទំនៀមនេះ គឺដើម្បីស្រោចស្រង់អ្នកស្លាប់ក្នុងចម្បាំងបង្ហូរឈាមដ៏ធំមួយក្នុងបុព្វហេតុដើម្បីរំដោះរាជធានីអង្គរចេញពីទ័ពចម្ប៉ា។ ដោយសារតែចម្បាំងនោះធ្វើឱ្យរាស្ត្រជាច្រើនបានស្លាប់ រួមទាំងព្រះញាតិវង្សផងរងទុក្ខវេទនានិរាសព្រាត់ប្រាស់គ្រួសារ ព្រមទាំងកងទ័ពរបស់ព្រះអង្គជាច្រើនបានពលីជីវិត។ ព្រះអង្គមានព្រះទ័យជឿថា ព្រះញាតិវង្ស មន្រ្តី រាស្ត្រប្រជា និងកងទ័ពទាំងនោះ មិនដឹងវិញ្ញាណក្ខន្ធទៅដល់ទីណា ឬខ្លះដែលអាចនឹងទៅកើតជាប្រេតទទួលរងទុក្ខទោសនៅឯឋានប្រេត។ មានតែព្រះពោធិសត្វអវលោកេស្វរៈទេ ដែលមានអំណាចនិងលទ្ធភាពជួយសង្គ្រោះពួកប្រេតទាំងនោះឱ្យរួចផុតពីទុក្ខទោស និងឱ្យវិលមកកើតជាមនុស្សវិញបាន។

លើសពីនេះទៀត នៅក្នុងជំនឿរបស់ព្រាហ្មណ៍សាសនា ដើម្បីសង្គ្រោះពួកប្រេតទាំងឡាយឱ្យអាចវិលមកកើតជាមនុស្សវិញបាននោះ មានកិច្ចពិធីមួយគឺបោះបាយបិណ្ឌដែលបុព្វបុរសខ្មែរតែងតែធ្វើរហូតក្លាយទៅជាប្រពៃណីរបស់ខ្លួនមកដល់បច្ចុប្បន្ន។ លោក អ៉ឹម សុខរិទ្ធី បានឱ្យដឹងថា តាមសិលាចារិកថ្នល់បារាយណ៍ លេខសម្គាល់ K279 គឺនិយាយអំពីពិធីបុណ្យមួយតាមព្រហ្មញ្ញសាសនា ដែលភាសាសំស្រ្កឹតហៅថា «ស្រាទ្ធ» គឺជាពិធីបោះបាយបិណ្ឌ ដើម្បីជួយស្រោចស្រង់ដល់ព្រលឹងអ្នកស្លាប់ដែលបានទៅកើតជាប្រេតហើយនោះ ឱ្យអាចវិលត្រឡប់មកកើតជាមនុស្សវិញ។

ការបោះបាយបិណ្ឌមិនមែនក្នុងន័យបោះដើម្បីឱ្យពពួកប្រេតដែលកំពុងស្រេកឃ្លានទាំងនោះបានទទួលទានចម្អែតក្រពះទេ។ គឺបាយដែលគេពូតចេញពីអង្ករដំណើបដែលស្អិតចំនួន១៩ពំនូត ជាតំណាងឱ្យរូបកាយដែលអាចឱ្យព្រលឹងរបស់អ្នកស្លាប់ដែលកើតទៅជាប្រេតអាចមកចាប់យករូបកាយបាន ហើយក៏អាចវិលមកកើតជាមនុស្សវិញបាន។ តាមទំនៀមខ្មែរជឿថាមនុស្សគ្រប់រូបគឺមានធាតុពីរសំខាន់គឺ៖ ទី១នាម (ព្រលឹង) ទី២គឺរូប (រាងកាយ)។ នៅពេលដែលមនុស្សស្លាប់ទៅនៅសល់តែនាមគឺព្រលឹង ចំណែកឯរូបវិញគឺបានរលាយបាត់ទៅហើយ។ ដោយសារហេតុផលនេះគេជឿថាដើម្បីឱ្យអ្នកស្លាប់អាចវិលមកកើតជាមនុស្សវិញបាន គឺទាល់តែធ្វើឱ្យនាមនិងរូបបានភ្ជាប់គ្នាឡើងវិញ ដូច្នេះហើយបានជាបុព្វបុរសខ្មែរប្រារព្ធធ្វើពិធីបោះបាយបិណ្ឌនៅក្នុងពេលភ្ជុំបិណ្ឌនេះឡើង។

រឿងរ៉ាវនិងភស្ដុតាងអំពីប្រេតនេះបានឆ្លាក់រូបទុកនៅលើហោជាងថ្មនៃខ្លោងទ្វារខាងកើតរបស់ប្រាសាទតានៃ បន្សល់ទុកមកដល់បច្ចុប្បន្នក្នុងទឹកដីខេត្តសៀមរាប។ អ្នកស្រាវជ្រាវវប្បធម៌ខ្មែរ លោក អាំង ជូលាន បានឱ្យដឹងថា ប្រហែលមានតែចម្លាក់នៅប្រាសាទតានេះតែមួយគត់ដែលចាស់ជាងគេក្នុងសិល្បៈខ្មែរ។

* តើពិធីបោះបាយបិណ្ឌធ្វើបានតែនៅពេលភ្ជុំបិណ្ឌឬនៅពេលណាខ្លះទៀត? តាមអ្នកស្រាវជ្រាវសិលាចារិកសម័យបុរាណបានរកឃើញថាពិធីបោះបាយបិណ្ឌ ដើម្បីជួយស្រោចស្រង់ព្រលឹងអ្នកស្លាប់ដែលបានទៅកើតជាប្រេតឱ្យអាចវិលត្រឡប់មកកើតជាមនុស្សវិញនោះ មិនមែនអាចធ្វើបានតែក្នុងពេលបុណ្យភ្ជុំបិណ្ឌប៉ុណ្ណោះទេ។ ពិធីនេះគឺអាចធ្វើបាន៤ដងក្នុង១ឆ្នាំ គឺនៅពេលបុណ្យភ្ជុំបិណ្ឌ នៅពេលយប់/ថ្ងៃស្មើគ្នា (សមរាត្រី) កើតឡើង២ដងក្នុង១ឆ្នាំ នៅពេលដែលយប់វែងជាងថ្ងៃកើតឡើងម្ដងក្នុង១ឆ្នាំ និងនៅពេលដែលថ្ងៃវែងជាងយប់កើតឡើងម្ដងក្នុង១ឆ្នាំ។

នៅស្រុកឥណ្ឌា តាមជំនឿព្រហ្មញ្ញសាសនា ការបោះបាយបិណ្ឌដើម្បីជួយស្រោចស្រង់ព្រលឹងអ្នកស្លាប់ ដែលបានទៅកើតជាប្រេតឱ្យអាចវិលត្រឡប់មកកើតជាមនុស្សវិញនោះ គឺគេធ្វើឡើងទៅតាមគ្រួសារតូចៗប៉ុណ្ណោះ។ ប៉ុន្តែទំនៀមនេះត្រូវបានព្រះមហាក្សត្រខ្មែរសម័យបុរាណយកមកធ្វើជាទម្រង់ពិធីធំ និងទូលំទូលាយរបស់ខ្មែរសម្រាប់ញាតិសន្តានច្រើនជំនាន់ សាច់សារលោហិត មនុស្សចាស់ក្មេង អ្នកពុំមានទីពំនាក់ ជាពិសេសគឺដឹងគុណដល់អ្នកសេ្នហាជាតិទាំងឡាយដែលបានស្លាប់ដោយសារការធ្វើចម្បាំងការពារទឹកដី ប្រទេសជាតិ ក៏ទទួលបានការឧទ្ទិសនេះផង ហើយបន្តបន្ទាប់មកទៀតកិច្ចពិធីនេះបានក្លាយទៅជាពិធីបុណ្យធំដុំរហូតដល់ក្លាយជាបុណ្យជាតិ និងប្រពៃណីដ៏ធំជាងគេតែម្ដង៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា


Powered by Blogger.