សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បញ្ជាក់ពីមូលហេតុដែលរាជរដ្ឋាភិបាលសម្រេចផ្អាកព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅថ្នាក់ជាតិឆ្នាំ២០២២
ចាប់តាំងពីរាជរដ្ឋាភិបាល បានប្រកាសពីការសម្រេចផ្អាករៀបចំព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ កាលពីថ្ងៃទី ០៩ កញ្ញាមក សាធារជនជាច្រើនបានទទួលយក ប៉ុន្តែខ្លះក៏បានវិភាគផ្សេងៗគ្នាថា ការផ្អាកនេះ ដោយសារតែរាជរដ្ឋាភិបាលមិនមានថវិកាគ្រប់គ្រាន់ ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន បានទាត់ចោល និងបានបញ្ជាក់ថា មានហេតុផល២ផ្សេងគ្នា។
តាមសារសំឡេង រយៈពេល ៦នាទី ដែលត្រូវបានចែកចាយកាលពីយប់មិញ សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងថា មានមូលហេតុ២សំខាន់ៗ ដែលរាជរដ្ឋាភិបាល ត្រូវតែបង្ខំចិត្តផ្អាកព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ សម្រាប់ឆ្នាំទី៣នេះ ក្នុងនោះមាន៖
១.បញ្ហាកូវីដ១៩ៈ សម្ដេច បានគូសបញ្ជាក់ថា ត្បិតថាកម្ពុជាបានធ្វើល្អប្រសើរក្នុងការទប់ស្កាត់មេរោគកូវីដ១៩ ប៉ុន្តែវាមិនទាន់ចប់ជាស្ថាពរនោះទេ។ ដូច្នេះហើយ កង្វល់ធំរបស់រាជរដ្ឋាភិបាល គឺមិនចង់មានការប្រមូលផ្ដុំទ្រង់ទ្រាយធំនៅក្នុងទីក្រុងភ្នំពេញធំហួសហេតុនោះទេ។ ព្រោះរាល់ឆ្នាំ មានមនុស្សរាប់លាននាក់មកផ្ដុំគ្នា។ ក្រៅពីនេះ ក៏មិនចង់រំខានដល់បងប្អូនចំណុះទូកនៅតាមបណ្ដាខេត្ត ដែលត្រូវឡើងនាំទូកមកអំឡុងពេលបង្កបង្កើនផលនោះទេ។
២.នេះជាមូលហេតុធំ និងកាន់តែសំខាន់ជាងទៀត នោះក៏ព្រោះថ្ងៃអុំទូក គឺត្រូវចំថ្ងៃទី ៧-៩ ដែលវេលានេះ គឺកៀកជាប់នឹងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើម្ចាស់ ហើយត្រូវរៀបចំចាប់ពីថ្ងៃទី ១០-១៣ វិច្ឆិកា។ មិនត្រឹមប៉ុណ្ណឹង នៅថ្ងៃនៃព្រះរាជពិធីនោះទៀតសោត រាជរដ្ឋាភិបាល ត្រូវទទួលដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាម នាយករដ្ឋមន្ត្រីចិន និងទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីហ្វីលីពីនថែមទៀត នាថ្ងៃទី ៧-៩នោះតែម្ដង។ នេះមិនទាន់គិតដល់ភារកិច្ចរបស់រាជរដ្ឋាភិបាលត្រូវទទួលប្រារព្ធពិធីបុណ្យជាតិ ដោយព្រះមហាក្សត្រត្រូវយាងទៅដុតទានជ័យនៅវិមានឯករាជ្យផង។
“សម្រាប់ខ្ញុំព្រះករុណាខ្ញុំ ដែលជានាយករដ្ឋមន្ត្រី គឺមិនអាចលៃលកពេលវេលាគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងជាមួយនឹងសភាពការណ៍បុណ្យអុំទូក ដែលមានមនុស្សដ៏ច្រើន នៅក្នុងពេលវេលាដែលយើងត្រូវត្រៀមការពារសន្តិសុខ សម្រាប់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ាន និងដៃគូអាស៊ាន ក៏ដូចជាស្ថាប័នពាក់ព័ន្ធដទៃទៀត ដែលត្រូវមកប្រជុំនៅទីក្រុងភ្នំពេញនោះទេ!”។
សម្ដេចតេជោ បញ្ជាក់ទៀតថា កិច្ចប្រជុំអាស៊ានលើកនេះ រាប់ថាជាកិច្ចប្រជុំដ៏ធំដែលកម្រកើតមានក្នុងប្រវត្តិសាស្ត្រអាស៊ាន បន្ទាប់ពីខកខានធ្វើនៅវៀតណាម និងប្រ៊ុយណេ។
ដូច្នេះចំពោះការលើកឡើងរបស់មនុស្សមួយចំនួន ដែលថារដ្ឋាភិបាលអស់លុយ គ្មានលទ្ធភាពដើម្បីហ្នឹងបម្រើឲ្យពិធីបុណ្យអុំទូក សម្ដេចថា សូមវិភាគតាមការគួរ។ "ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែបញ្ជាក់ថា ក្នុងឋានៈជាម្ចាស់ផ្ទះទទួលខុសត្រូវ យើងកំពុងទទួលនូវសំណូមពរទស្សនកិច្ចផ្សេងៗទៀត...ប៉ុន្តែយើងគ្រាន់តែអាចទទួលបាននាយករដ្ឋមន្ត្រីវៀតណា នាយករដ្ឋមន្ត្រីចិន និងប្រធានាធិបតីហ្វីលីពីន សម្រាប់ថ្ងៃទី ៧-៨ និងទី ៩ វិច្ឆិកា។ ហើយចាប់ពីថ្ងៃទី ១០ យើងចាប់ផ្ដើមប្រជុំអាស៊ានតែម្ដង។ ដូច្នេះនេះហើយ គឺជាមូលហេតុធំនៃការលុបព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នៅឆ្នាំនេះ។
កម្ពុជា បានសម្រេចផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ចំនួន២ឆ្នាំជាប់គ្នា គឺនៅក្នុងឆ្នាំ ២០២០ និង ២០២១ ដែលមេរោគកូវីដ១៩ កាលនោះកំពុងរីករាលដាលខ្លាំង។ ងាកមកការបន្តផ្អាកឆ្នាំទី៣ទៀតនេះ ជាមួយមូលហេតុខាងលើ សម្ដេចសង្ឃឹមថា ប្រជាពលរដ្ឋមានការយោគយល់។ "យើងរង់ចាំឆ្នាំក្រោយ ក៏មិនទាន់យឺតពេល...សង្ឃឹមថា ប្រជាពលរដ្ឋយើងនឹងមានការយោគយល់"៕
Post a Comment