ពលរដ្ឋនៅបន្ទាយមានជ័យ ជាង៧ពាន់គ្រួសារ កំពុងជួបគ្រោះទឹកជំនន់ និងស្លាប់៤នាក់

ក្រុង-ស្រុកចំនួន៥ នៅក្នុងខេត្តបន្ទាយមានជ័យ កំពុងជួបបញ្ហាគ្រោះទឹកជំនន់ ដោយក្នុងនោះបានប៉ះពាល់ប្រជាពលរដ្ឋ ប្រមាណជាង៧ពាន់គ្រួសារ ហើយគ្រោះទឹកជំនន់នេះ បានបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន ៤នាក់ ។




យោងតាមរបាយការណ៍ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា សម្រាប់ក្រុង-ស្រុកទាំង៥ កំពុងជួបគ្រោះទឹកជំនន់នោះ មានស្រុកសិរីសោភ័ណ ស្រុកមង្គលបូរី ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ និងស្រុកម៉ាឡៃ ។
របាយការណ៍បានបន្តថា ទឹកជំនន់នេះ បានប៉ះពាល់ពលរដ្ឋសរុបចំនួន ៧ ៤៩១គ្រួសារ គិតជាមនុស្សរាយចំនួនជាង ៣៣ ០០០នាក់ និងបានជម្លៀសទៅទីទួលសុវត្ថិភាពចំនួន ២៩៧គ្រួសារ និងប៉ះពាល់ស្រូវជាង២៦ ០០០ហិកតា, ដំឡូងមីជាង៩០០ហិកតា, វត្តអារាមចំនួន ២២, សាលារៀន៤១, មណ្ឌលសុខភាពចំនួន៣ និងផ្លូវចំនួន ២៧៣កន្លែង ស្មើនឹងប្រវែង ១៧២,២៣៣ម៉ែត្រ ។
ក្នុងពេលចុះពិនិត្យស្ថានភាពទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញទៅអាជ្ញាធរខេត្ត និងកងកម្លាំងទាំងអស់ ត្រូវត្រៀមជានិច្ច និងចុះជួយសង្គ្រោះពលរដ្ឋពីគ្រោះទឹកជំនន់ រួមទាំងបញ្ជូនពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពឲ្យបានទាន់ពេលវេលា ។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៨ ដល់២៩ ខែកញ្ញា កម្ពុជាទទួលរងឥទ្ធិពលពីព្យុះទី១៦ ឈ្មោះណូរុ ហើយចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា នៅតាមបណ្ដាខេត្តមួយចំនួន មានភ្លៀងធ្លាក់ក្នុងកម្រិងខ្សោយ ទៅមធ្យម ហើយទី២៨ និង២៩ ខែកញ្ញា៕



















Powered by Blogger.