ឧទ្យាន​អាង​ចិញ្ចឹម​ត្រី​លំដាប់​ពិភពលោក​កំពុង​លេច​រូបរាង​ក្នុង​ខេត្ត​មួយ​នៅ​កម្ពុជា

  ជា​រឿង​មួយ​ដ៏​គួរ​អោយ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន ដោយ​ថ្មី​ៗ​នេះ លេច​ចេញ​នៅ​កន្លែង​កម្សាន្ត​ដ៏​ប្លែក​ភ្នែក​ថ្មី​មួយ​មិន​ធ្លាប់​មាន ជា​ពិសេស​ជា​កន្លែង​កម្សាន្ត​លំដាប់​ពិភពលោក ហើយ​កុំ​ច្រឡំ​ថា នៅ​ប្រទេស​គេ​អោយ​សោះ ព្រោះថា​វា​កំពុង​ផុស​ឡើង​ក្នុង​ប្រទេស​កម្ពុជា​យើង​តែ​ម្ដង​។

ឧទ្យាន​កម្សាន្ត​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​បង្កើត​ឡើង​នៅ​លើ​ទឹកដី​ខេត្តសៀមរាប ដែល​ជាទី​កន្លែង​ប្រវត្តិសាស្ត្រ​ដ៏​មហិមា ហើយ​បច្ចុប្បន្ន​មានការ​អភិវឌ្ឍន៍​ខ្លាំង​គ្រប់​វិស័យ​។ ប្រាកដ​ណាស់ កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២២ ម្សិលមិញ​នេះ លោក​អភិ​បាន​ខេត្តសៀមរាប ឯកឧត្តម ទៀ សីហា និង​លោក​ជំទាវ ទាង អេ​ង ជា​ភរិយា បាន​ទស្សនា​កម្សាន្ត​នៅ​កន្លែង​កម្សាន្ត​ថ្មី​មួយ ដែល​ជា​ឧទ្យាន​កម្សាន្ត​លំដាប់ថ្នាក់​ពិភពលោក ត្រូវ​បាន​សាងសង់​លើ​ផ្ទៃដី​ជាង ១០០ ហិ​កតា ជាមួយនឹង​ទុន​វិនិយោគ​សរុប ៧០ លាន​ដុល្លារ​អា​មេ​រិ​ក លើ​ទឹកដី​ខេត្តសៀមរាប ក្នុង​ប្រទេស​កម្ពុជា​។



នេះ​បើ​យោង​តាម​ប្រភព​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​លោក​ជំទាវ ទាង អេ​ង ភរិយា លោក​អភិបាលខេត្ត​សៀមរាប ឯកឧត្តម ទៀ សីហា បានអោយ​ដឹង​ថា «​កុំ​ច្រឡំ​ថា​នៅ​ស្រុក​ក្រៅ ពុក​ម៉ែ បងប្អូន នេះ​ជា​ឧទ្យាន​អាង​ចិញ្ចឹម​ត្រី​លំដាប់​ពិភពលោក គ្រោង​នឹង​បើក​នៅ​ចុងខែ​១០​ឆ្នាំ ២០២២ នា​ពេល​ខាង​មុខ​នេះ​ហើយ ឧទ្យាន​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ខេត្តសៀមរាប ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ច្រើន​អម​ជាមួយ​ប្រាសាទ​អង្គរ​» ។

លោក​ជំទាវ ទាង អេ​ង បាន​លើក​ឡើង​ថា «​ឧទ្យាន​មួយ​នេះ បង្កើត​ឡើង​ដោយ Angkor Wildlife and Aquarium អាង​ចិញ្ចឹម​ត្រី និង​អាណាចក្រ​អង្គរ សួនសត្វ នឹង​ត្រូវ​សាងសង់​លើ​ផ្ទៃដី​ជាង ១០០ ហិ​កតា ជាមួយនឹង​ទុន​វិនិយោគ​សរុប ៧០ លាន​ដុល្លារ​អា​មេ​រិ​ក​»​។

លោក​ជំទាវ​សម្ដែង​ក្ដី​រំភើប​ថា «​ខ្ញុំ​មិន​នឹក​ស្មានថា ប្រទេស​ខ្មែរ​យើង​ឥឡូវ​ជឿនលឿន​មិន​ចាញ់​ស្រុក​គេ​ទេ អ្វី​ៗ​ក៏​មាន​ហើយ​ទំនើប​ទៀត សំខាន់​នោះ​គឺ​មាន​សន្តិភាព សុវត្ថិភាព​គ្រប់​ទីកន្លែង ល្បឿន​នៃ​ការ​អភិវឌ្ឍន​លឿន​ហួស​ពី​ការ​រំពឹង​ទុក​ទៅ​ទៀត​» ។ លោក​ជំទាវ​បាន​ពោល​ពី​ចំណុច​ពិសេស​ៗ​នៅ​ទីនោះ​ថា «​ខ្ញុំ​បាន​ដើរ​មើល​នៅ​ក្នុង​ឧទ្យាន​មួយ​នេះ គឺ​មាន​ចំណុច​ពិសេស​ជា​ច្រើន ៖ មួយ គឺ​ខ្ញុំ​មិន​ធ្លាប់​បានឃើញ​ត្រី​ទឹកសាប​ដែល​រស់នៅ​ក្នុង​ទន្លេមេគង្គ ដែល​មាន​រូបរាង​ប្លែក​ធំ គឺ​ត្រី​រាជ ទម្ងន់​ដល់​ទៅ ១០០​គីឡូ​ជាង និង​កម្រ​បានឃើញ ។ ទី​ពីរ មាន​អ្នកជំនាញ​មើលថែ​ត្រី និង​អភិរក្ស​ត្រី​ប្លែក​ៗ​យ៉ាង​យកចិត្តទុកដាក់ ។ ខ្ញុំ​គិត​ថា យើង​គួរ​យក​កូន​ៗ​មក​លេង​ម្តង ហើយ​ឲ្យ​ពួក​គាត់​បាន​ស្គាល់​ថា នេះ​ជា​ត្រី​កម្រ​របស់​ខ្មែរ​យើង ។ ទី​បី កន្លែង​នេះ​នាំ​មក​នូវ​ការ​អប់រំ​សម្រាប់​ប្រជាជន​ក្នុងស្រុក និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​ខេត្តសៀមរាប​។

លោក​ជំទាវ​បន្ត​ថា «​ទីនោះ ស្អាត​ប្លែក​ភ្នែក​រៀបរាប់​មិន​អស់​ឡើយ ដូច្នេះ​សូម​បងប្អូន​អញ្ជើញ​មក​ទស្សនា ដោយ​ផ្ទាល់​វិញ​ល្អ​ជាង​។ សូម​អរគុណ​ដល់​បងប្រុស និង​បងស្រី ដែល​បាន​អញ្ជើញ​ខ្ញុំ និង​ក្រុម​គ្រួសារ​មក​លេង​នៅ Aquarium ហើយ​ទទួល​បាន​ភាព​កក់ក្តៅ​យ៉ាង​ពេញលេញ​។ សៀមរាប​ផ្ទះ​ខ្ញុំ សៀមរាប​ធ្វើ​បាន​»​។

យ៉ាងណា​ម៉ិ​ញ​ការ​បង្ហោះ​ខាងលើ​នេះ យើង​សង្កេត​ឃើញ​ថា កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​បងប្អូន​ប្រជាជន​ខ្មែរ​យើង រហូត​មានការ​ស៊ែរ​ចែករំលែក​ភ្លូកទឹកភ្លូកដី​ជាមួយ​ពាក្យពេចន៍​លើក​សរសើរ​ពី​កន្លែង​ដ៏​ស្រស់​ស្អាត​មួយ​នេះ និង​នាំ​គ្នា​អបអរសាទរ​ផង​ដែរ​។ ជា​ពិសេស​នោះ​ឃើញ​ថា បងប្អូន​យើង​ពិតជា​ចង់ទៅ​ទស្សនា​លេង​កម្សាន្ត​ទីនោះ​ច្រើន​ខ្លាំង​មែនទែន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ឧទ្យាន​អាង​ចិញ្ចឹម​ត្រី​លំដាប់​ពិភពលោក​មួយ​នេះ បង្កើត​ឡើង​ដោយ Angkor Wildlife and Aquarium អាង​ចិញ្ចឹម​ត្រី និង​អាណាចក្រ​អង្គរ សួនសត្វ នឹង​ត្រូវ​សាងសង់​លើ​ផ្ទៃដី​ជាង ១០០ ហិ​កតា ជាមួយនឹង​ទុន​វិនិយោគ​សរុប ៧០ លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្តសៀមរាប និង​ជា​សមិទ្ធផល​ថ្មី​របស់​កម្ពុជា ដែល​នឹង​គ្រោង​នឹង​បើក​ដំណើរការ​នៅ​ចុងខែ​១០ ឆ្នាំ​២០២២ នា​ពេល​ខាង​មុខ​៕

Powered by Blogger.