ពិធី​បំបោលក្របី បំផាយសេះ ​​​និងបោកចំបាប់ របស់​ប្រជាពលរដ្ឋ​ឃុំ​វិហារ​សួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលតែងតែធ្វើជា​រៀងរាល់ឆ្នាំ នៅថ្ងៃ​ភ្ជុំបិណ្ឌ​ ដែលប្រារព្ធនៅ​ក្នុង​បរិវេណ​វត្ត​វិហារសួគ៌

ដើម្បី​អបអរសាទរ​បុណ្យ​ភ្ជុំបិណ្ឌ
ព្រមទាំង​បួងសួង​សុំ​សេចក្តីសុខ​ដល់​អ្នកភូមិ និង​សត្វពាហនៈ ក្រុម​អ្នក​ភូមិ
ក្នុង​ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល បាន​ប្រារព្ធ​ពិធី​ប្រណាំង
ឬ​ការ​បំបោល​ក្របី ក្នុង​វត្ត​ព្រះវិហារ​សួគ៌ នៅ​ចំ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ។ ​អ្នកស្រុក
​រៀបចំ​ពិធី​ប្រណាំង​ក្របី តាម​ប្រពៃណី ​ធ្វើឡើង​នៅ​ព្រឹក​ព្រលឹម
ត្រូវ​នឹង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។​





​ក្រៅពី​ការប្រណាំង ឬ​បំបោរ​ក្របី
នៅ​វត្ត​វិហារ​សួគ៌ នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ ​ជា​រៀងរាល់ឆ្នាំ
គឺ​មាន​ការ​ប្រណាំងសេះ បោក​ចំបាប់ ឡើង​សរសរ​ខ្លាញ់ និង​រាំវង់ រាំ​ក្បាច់
នៅ​បរិវេណ​វត្ត​វិហារ​សួគ៌​។​



​ជា​រៀងរាល់ឆ្នាំ ក្រុម​យុវជន​វ័យក្មេង​ជាច្រើន​នាក់ បាន​នាំយក​ក្របី
មកជួបជុំ នៅ​ខាងលិច​វត្ត​វិហារ​សួគ៌ ដោយ​រៀបចំ​តុបតែង​ក្របី​ទាំងនោះ
មុននឹង​ចាប់ផ្តើម​ពិធី​ប្រណាំង ឬ​ការ​បំបោល​ក្របី នៅ​ព្រឹក​ព្រលឹម
ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។​



​ការប្រណាំង ឬ​ការ​បំបោល​ក្របី 
ត្រូវ​ធ្វើឡើង​ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ ២០០ ម៉ែត្រ តាម​ផ្លូវ​ដី
ខាងលិច​វត្ត​វិហារ​សួគ៌ និង​ឆ្លងកាត់ ខ្លោងទ្វារវត្ត ចូល​ឆ្ពោះទៅកាន់​ព្រះវិហារ​។
ទីលាន​នោះ មិន​ត្រូវបាន​រៀបចំ​អ្វី​ទេ តែ​ជា​ផ្លូវលំ​ក្នុង​ភូមិ​។



​មុន​ចាប់ផ្តើម​ពិធី ក្រុម​អ្នក​ប្រកួត ជា​យុវជន​ក្នុងភូមិ
បាន​ជិះ​ក្របី នាំ​ចូល​ទៅ​ក្នុង​វត្ត​ព្រះវិហារ​សួគ៌ ដើម្បី​បន់ស្រន់
ដល់​វិញ្ញាណក្ខន្ធ លោកតា ប្រា​សុខ និង​បារមី​ព្រះអង្គ នៅក្នុង​វត្ត​វិហារ​សួគ៌​។​



​ក្រុម​អ្នកចូលរួម​ប្រកួត​ជិះ​ក្របី
ត្រូវបាន​គេ​ផ្តល់ឲ្យ​នូវ​ខោ​ជើងវែង​ពណ៌​ខៀវ និង​អាវដៃខ្លី ពណ៌​ផ្ទៃមេឃ
ព្រមទាំង​អាវកាក់​ពណ៌​ឈាមជ្រូក ជាមួយនឹង​កន្សែង​ឆ្នូត​ក្បាល​ពណ៌​លឿង​។​
ក្រុម​អ្នក​ជិះ​ក្របី ជា​យុវជន​វ័យក្មេង​ក្នុងភូមិ​វិហារ​សួគ៌
ក៏​ចូល​ចិត្ត​ស្លៀក​ខោខ្លី និង​ក្រមា ជាមួយ​អាវយឺត ឬក៏​លេងខ្លួន​ទទេ
ជិះ​លើ​ខ្នង​ក្របី ព្រមទាំង​វាយ​បំបោល ដើម្បី​បំផាយ​ក្របី ក្នុង​ពិធី​ប្រចាំ​ឆ្នាំ​នោះ​ផងដែរ​។​



​រីឯ​ក្របី ត្រូវបាន​គេ​តុបតែង ដោយ​មាន​របាំងមុខ
រចនា​ពី​ក្រណាត់​ចម្រុះ​ពណ៌ មាន​ឌិន​គ្រាប់​អង្កាំ នៅលើ​ក្បាល និង​ស្រោប​ស្នែង
ដោយ​ស្បង់​លោក ទុក​តែ​ចន្លោះ​នៅត្រឹម​មាត់ ច្រមុះ
និង​ភ្នែក​ទាំង​ពីរ​តែប៉ុណ្ណោះ​។​



​ការ​ប្រារព្ធ​ពិធី​បំបោល​ក្របី​នេះ
ធ្វើឡើង​ជា​ប្រពៃណី​ប្រចាំឆ្នាំ​របស់​អ្នកភូមិ​វិហារ​សួគ៌
ដើម្បី​បួងសួង​សុំ​ឲ្យ​អ្នកតាម្ចា​ស់​ស្រុក និង​បារមី​ព្រះអង្គ​វត្ត​វិហារ​សួគ៌
ថែរក្សា​ការពារ​អ្នកភូមិ និង សត្វពាហនៈ​ពី​ជម្ងឺ​ដង្កាត់​នានា​។



ពិធី​បំបោល​ក្របី​នេះ
ក៏​ដើម្បី​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ លោកតា​ម្ចាស់​ស្រុក​ដែល​មាន​បារមី
នៅក្នុង​វត្ត​វិហារ​សួគ៌​ដ៏​សក្តិ​សិទ្ធិ​ផងដែរ​។



​ជា​ទម្លាប់ អ្នក​ប្រកួត​កម្រ​នឹង​បោះបង់​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ
ក្នុង​ពិធីបុណ្យ​ភ្ជំបិណ្ឌ​នេះ​ណាស់ ដោយសារ​អ្នកភូមិ​វិហារ​សួគ៌
ត្រូវ​ចូលរួម​ជិះ​ក្របី​បំបោល
កាលពី​ឆ្នាំមុន​ហើយ​បើ​មិនបាន​ចូលរួម​ក្នុង​ពិធី​នៅ​ឆ្នាំ​នេះ​វិញ អ្នកភូមិ​នោះ
នឹង​ជួប​គ្រោះភ័យ​ផ្សេងៗ ទៅ​តាម​ជំនឿ​ពី​បុរាណ​តៗ​គ្នា​។



​ ក្នុង​ពិធី​ប្រចាំ​ឆ្នាំ​នោះ ក៏​មាន​អ្នកភូមិ​ខ្លះ
ដែល​មាន​វ័យ​ចំណាស់ ត្រូវ​ជិះ​ក្របី ដើម្បី​ថ្វាយ​ដល់​ដួងព្រលឹង​អ្នកតា​ម្ចាស់​ស្រុក
និង​បារមី​ព្រះអង្គ ដើម្បី​បង្គ្រប់កិច្ច នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ផងដែរ​។​​ក្នុង​ព្រឹត្តិការណ៍​
ប្រចាំឆ្នាំ នៅ​វត្ត​វិហារ​សួគ៌ ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ
ក្រៅ​តែ​ពី​ការ​បំបោល​ក្របី ក៏​មាន​ការប្រណាំង​ជិះសេះ និង​កីឡា​បោក​ចំបាប់
ដែល​ជា​ការបង្ហាញ​នូវ​ក្បាច់គុណ​បុរាណ​ខ្មែរ បុក្ក​តោ និង​គុណដំបង​។

កីឡាករ
មិន​ត្រូវបាន​កំណត់​ទុក​ជាមុន​ទេ គឺ​អាស្រ័យ​លើ​អ្នកចូលរួម​ពិធី
និង​ក្រុម​កូនចៅ​អ្នកភូមិ​វិហារ​សួគ៌ ដែល​បាន​ស្ម័គ្រចិត្ត​ចុះឈ្មោះ
ចូលរួម​ប្រកួត​ភ្លាមៗ ដើម្បី​ថែរក្សា​នូវ​កេរ្តិ៍មរតក​ក្បាច់គុណ​បុរាណ​ខ្មែរ
និង​ទំនៀមទម្លាប់​របស់​អ្នកភូមិ​វិហារ​សួគ៌​៕
 

Powered by Blogger.