ស្ថានភាពទឹកនៅឃុំសឿង និងឃុំចំណោម ដែលកំពុងរងការលិចលង់ដោយទឹកជំនន់
ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពទឹកនៅឃុំសឿង និងឃុំចំណោម ដែលកំពុងរងការលិចលង់ដោយសារទឹកជំនន់ បណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងស្រុកមង្គលបូរី។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានប្រាប់ថា ស្រុកមង្គលបូរី រងគ្រោះដោយសារទឹកជំនន់ ធ្វើឱ្យប៉ះពាល់ចំនួន៥ឃុំ ស្មើនឹង១៩ភូមិ ដែលមានប្រជាពលរដ្ឋរស់នៅចំនួន១៥២គ្រួសារ និងផ្ទះមានប្រជាពលរដ្ឋ៦៧១នាក់ ក្នុងនោះស្រី៣៥៨នាក់ បណ្តាលឱ្យពលរដ្ឋស្លា.ប់ដោយសារលង់ទឹកចំនួនម្នាក់ និងទឹកជំនន់លិចលង់ស្រូវដែលកំពុងប្រមូលផលអស់ផ្ទៃដី២.៥៦៣ហិកតា លិចវត្ត១កន្លែង ព្រមទាំងទឹកហូរលិចផ្លូវ១៩ខ្សែ ដែលមានប្រវែង១០.១៦៧ម៉ែត្រផងដែរ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ទឹកដែលរងផលប៉ះពាល់មាននៅតាមបណ្តាឃុំដែលជាប់មាត់ស្ទឹង ផ្នែកខាងលិច ដែលមានឃុំសឿ, ឃុំចំណោម, ឃុំរហាត់ទឹក និងឃុំបត់ត្រង់ ដែលកំពុងរងការលិចលង់ ធ្វើឱ្យប៉ះពាល់ស្រូវជាង២ពាន់ហិកតា និងផ្លូវជិត២០ខ្សែ ដែលមានប្រវែងជាង១ពាន់ម៉ែត្រ ដែលផ្លូវនេះតភ្ជាប់ពីស្រុកមង្កលបូរី ទៅស្រុកម៉ាឡៃ ។ នៅឃុំសឿ ផ្លូវលិចទឹកមិនអាចឆ្លងកាត់ទៅមកបានទេ ទើបអាជ្ញាធរមូលដ្ឋានឃុំសឿ បានធ្វើស្ពានឈើឆ្លងបណ្តុះអាសន្នចំនួន២កន្លែង ប្រឡាយព្រែកសឿ សម្រាប់ប្រជាពលរដ្ឋទៅមក។
ឯកឧត្តម កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿ.ង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ដែលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រោយដឹង អាជ្ញាធរខេត្ត និងមន្ត្រីជំនាញ បានចុះពិនិត្យមើលស្ថានភាពនៅចំណុចប្រឡាយព្រែកសឿ ហើយឃើញថា ទឹកជំនន់ដែលជន់លិចផ្លូវ និងលិចស្រូវប្រជាកសិករ ដោយសារស្ថានភាពទឹកធ្លាក់ពីផ្នែកខាងលើ បានបាក់ទំនប់សំណង់អូរសណ្តាន់ ឃុំល្វារ ស្រុកបវិល ខេត្តបាត់ដំបង ទើបបណ្តាលឱ្យទឹកជន់លិចស្រូវ និងផ្លូវ ហើយអាជ្ញាធរឃុំ និងប្រជាពលរដ្ឋបានធ្វើស្ពានឆ្លងបណ្តោះអាសន្នចំនួន២កន្លែង ដែលជាផ្លូវតភ្ជាប់ពីឃុំសឿ ស្រុកមង្គលបូរី ទៅឃុំតាគង់ ស្រុកម៉ាឡៃ សម្រាប់ប្រជាពលរដ្ឋទៅមកឱ្យបានងា.យស្រួល និងឆាប់រហ័ស។
ក្នុងឱកាសផងដែរ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី បានចុះពិនិត្យស្ថានភាពទឹកនៅប្រឡាយព្រែកសឿ និងបានជួយថវិការចំនួន១លានរៀលដល់ក្រុមការងារកំពុងកសាងស្ពានឈើ សម្រាប់ឆ្លងទៅមកចំនួន២កន្លែង ហើយសុំអោយប្រធានមន្ទីរអភិវឌ្ឍន៍ និងជនបទខេត្តបន្ទាយមានជ័យ ត្រូវដាក់គម្រោងកសាងផ្លូវដែលតភ្ជាប់ពីឃុំសឿ ស្រុកមង្គលបូរី ទៅឃុំតាគង់ ស្រុកម៉ាឡៃ សម្រាប់ប្រជាពលរដ្ឋទៅមក និងដឹកកសិផល៕
Post a Comment