សម្តេចតេជោ ប្រកាសឱ្យ ខឹម វាសនា ចេញមុខមកបញ្ជាក់ថា «ជាអាយ៉ង» របស់សម្តេច ឬយ៉ាងណា?

 ខេត្តសៀមរាប​៖ ថ្លែង​ចេញពី​ស្រុក​បន្ទាយស្រី ទឹកដី​ខេត្តសៀមរាប​ទីកន្លែង​ដែល​អ្នក​ជឿ​លោក ខឹ​ម វាសនា ប្រមូលផ្តុំ​គ្នា​កន្លង​មក​ដើម្បី​គេច​ចេញពី​អបិយ​ជំនឿ​ថា​នឹង​មានទឹក​លិចលង់​ពិភពលោក​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​លើក​ចំ​ឈ្មោះ លោក ខឹ​ម វាសនា​ថា គួរ​ចេញ​មុខ​មក​ឆ្លើយ​តប​ការ​ចោទប្រកាន់​ថា មេ​បក្ស​ជួង​នេះ​ជា «​អា​យ៉ង​» របស់​សម្តេច​តេ​ជោ​នោះ​។

សម្តេចតេជោស្នើឲ្យលោក ខឹម វាសនា ចេញមុខបកស្រាយជាមួយអ្នកនិយាយថាសម្តេចឲ្យ បង្កើតឲ្យមានព្រឹត្តិការណ៍ជួបជុំនៅភ្នំគូលែន ក៏ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់សម្ដេចតេជោ ផងដែរ។ ព្រោះកាលពីពេលថ្មីៗនេះ មានអ្នកខ្លះបានចោទប្រកាន់ថា សម្ដេចជាអ្នកបញ្ជាឲ្យបង្កើតព្រឹត្តិការណ៍ ជួបជុំនោះឡើង។

ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅ ឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២២ សម្តេចបញ្ជាក់យ៉ាងដូច្នេះថា «​ហើយ​អ្នកខ្លះ ខ្ញុំ​ផ្តាំ​ទៅ​លោក ខឹ​ម វាសនា ឯកឧត្តម ខឹ​ម វាសនា ដែល​តាំងខ្លួន​ជា​ព្រះព្រហ្ម​នោះ​។ មានការ​ជម្រុញ លើកទឹកចិត្ត​ថា វៃ​ប្រហារ​ខ្ញុំ ថា​ហេតុ​អី​មិន​បង្ក្រាប មិន​ចាប់ ខឹ​ម វាសនា ដាក់គុក ឱ្យ​ខឹ​ម វាសនា ទៅ​ធ្វើ​សមាធិ នៅ​ក្នុង​គុក ក៏​បាន​ដែរ​។ នែ វា​ទៅ​អ​ញ្ចែ​ក វា​ឱ្យ​អនុសាសន៍​ឯង ទៅ​ចាប់​ខឹ​ម វាសនា ឱ្យធ្វើ​សមាធិ (​ក្នុង​គុក​)​។ អ៊ីចឹង វា​ចង់​ប្រើ កម្លាំង​យើង​នេះ​ទៅ​បង្ក្រាប​បងប្អូន​។ នេះ​គ្រាន់តែ​ជា​អបិយ​ជំនឿ​ទេ ការ​ប្រមូលផ្តុំ​»​។

សម្តេច​បាន​ថ្លែង​បន្ត​ថា «​ខ្ញុំ​មិន​យក​កម្លាំង​ទៅ​បង្ក្រាប​កម្លាំង​ដែល​គ្រាន់តែ​មក ជំនឿ​ខុស​រឿង​។ អ៊ីចឹង​ខាង​បងប្អូន ខឹ​ម វាសនា ឯកឧត្តម ខឹ​ម វាសនា គេ​បាន​និយាយ​ថា ខ្ញុំ​ជា​អ្នកបញ្ជា ឯកឧត្តម ដើម្បី​ធ្វើ​រឿង​ហ្នឹង អ៊ីចឹង​ឯកឧត្តម គួរតែ​ឆ្លើយ​តប ឬ​អ្នកគាំទ្រ ឯកឧត្តម ខឹ​ម វាសនា ឆ្លើយ​តប បើ​ហ៊ុន សែន បញ្ជា ព្រះព្រហ្ម​បាន​ហើយ អាហ្នឹង​គឺ​ល្អ​ហើយ​។ អ៊ីចឹង​ខ្ញុំ​នឹង​ធំ​ជាង ព្រះព្រហ្ម ខឹ​ម វាសនា?វា​ទៅ​ជា​ឆ្កួត​ឡប់​អ៊ីចឹង​ទៅ​ណា?​»

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់​ចំ​ឈ្មោះ​លោក ខឹ​ម វាសនា​ថា «​ដូច្នេះ ខ្ញុំ​អំពាវនាវ​ទៅ​ឯក​ឧ​ត្តំ ខឹ​ម វាសនា និង​អ្នកគាំទ្រ ឆ្លើយ​តប​ត្រឡប់​ទៅ​វិញ ព្រោះ​គេ​ចោទ ថា​ខ្ញុំ​ជា​អ្នកបញ្ជា ឱ្យ​ខឹ​ម វាសនា បង្កើត​ព្រឹត្តិការណ៍​ហ្នឹង ដើម្បី​បង្វែរ​ពី​រឿង​នេះ រឿង​នោះ វា​ចោទ​ទៅ​ជា​អ៊ីចឹង​»​។

«​អ៊ីចឹង​មាន​តែ​ឯកឧត្តម ខឹ​ម វាសនា ទេ តើ​ឯកឧត្តម សុទ្ធចិត្ត​ឱ្យ​គេ​ចោទ ថា​ឯកឧត្តម ជា​អា​យ៉ង​របស់ខ្ញុំ? អ្នកគាំទ្រ​របស់​ឯកឧត្តម ជា​អា​យ៉ង​របស់ខ្ញុំ ឬ​ក៏​ឯកឧត្តម​ចេញ​មុខ​បដិសេធ? ខ្ញុំ​គ្រាន់តែ​លើក​ប៉ុណ្ណឹង​ទេ​»៕

សូម​រម្លឹក​ផង​ដែរ​ថា តាំងពី​ថ្ងៃ​ទី ២៣ រហូត​មក​មាន​ពលរដ្ឋ​រាប់​ពាន់​ម៉ឺន​នាក់ រួម​ទាំង​ពលករ​មក​ពី​ក្រៅប្រទេស​ផង​បាន​សម្រុកចូល​មក​កាន់​ដីចម្ការ​២​កន្លែង​នៅ​ជើងភ្នំ​គូលែន ដែល​ជាទី​កន្លែង​មនុស្ស​ជា​ច្រើន​មក​ជួបជុំ​ជាមួយ​លោក ខឹ​ម វាសនា មេ​បក្ស​ជួង បាន​ឃោសនា​ប្រជា​ភិ​ថុ​ត​បែប​អបិយ​ជំនឿ​ថា​ពិភពលោក​នឹង​ជន់​លិច​ខ្ទេចខ្ទី គឺ​មាន​តែ​តំបន់​ភ្នំ​គូលែន​ទើប​មាន​សុវត្ថិភាព​។ ពលរដ្ឋ​មួយ​ចំនួន​ដែល​ជឿ​លង់​លើ​លោក ខឹ​ម វាសនា បាន​បោះបង់​ចោលផ្ទះ​សំបែង ការងារ និង​មុខរបរ​ទៅ​ប្រមុខ​ផ្តុំ​គ្នា​នៅ​ដីចម្ការ នៅ​ជើងភ្នំ​គូលែន​នេះ ។ ការ​ប្រមូលផ្តុំ​គ្នា​នេះ​ដែល បើ​តាម​អាជ្ញាធរ​ខេត្តសៀមរាប បាន​បញ្ជាក់​ថា​បាន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព និង​សុខភាព​ពលរដ្ឋ ហើយ​ក្មេង​ៗ មិន​ត្រឹមតែ​មិន​បាន​ទៅ​សាលារៀន​ទេ តែ​ក៏​មាន​បញ្ហា​ប្រឈម​ច្រើន​ដូច​មនុស្ស​ដែល​មាន​វ័យ​ចំណាស់​ដែរ​។


Powered by Blogger.