សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅ​គោរពវិញ្ញាណក្ខន្ធ​ព្រះមហាក្សត្រិយានី អេលីហ្សាប៊ែត​ ទី២​

 ភ្នំពេញ៖ តាមកម្មវិធី ដែលបានគ្រោងទុក នៅថ្ងៃចន្ទ ទី១២កញ្ញា បន្ទាប់ពីអញ្ជើញ​បើកវេទិកា​ភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញ​ទៅគោរព​វិញ្ញាណក្ខន្ធ​ព្រះមហាក្សត្រិយានី អេលីហ្សាប៊ែត​ ទី២​ នៅស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា​។



តាមកម្មវិធី នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នឹងអញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាភាពជា​អ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២។ កម្មវិធីនេះ នឹងធ្វើឡើង នៅសណ្ឋាគារ Hyatt ក្នុងរាជធានីភ្នំពេញ។



ដោយឡែក នៅរសៀលម៉ោង ៣ ថ្ងៃចន្ទ ទី១២កញ្ញា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅ​គោរព​វិញ្ញាណក្ខន្ធព្រះមហាក្សត្រី អេលីហ្សាប៊ែត ទី២ នៅទូតអង់គ្លេស ប្រចាំកម្ពុជា​។

សូមរម្លឹកថា បន្ទាប់ពីទទួលដំណឹងពីការយាងចូលទិវង្គត កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន រួមទាំង​ថ្នាក់ដឹកនាំកំពូលៗ របស់កម្ពុជា រួមមាន ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្របរមនាថ នរោត្តម សីហមុនី សម្តេចសាយឈុំ ប្រធានព្រឹទ្ធសភា និង​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានផ្ញើព្រះរាជសារ និងសារលិខិត​ចូលរួម​រំលែកមរណទុក្ខ​ចំពោះ​ការសោយទិវង្គតរបស់​ព្រះមហាក្សត្រិយានី អេលីហ្សាប៊ែត ទី២។



ក្នុងសារលិខិតរំលែកមរណទុក្ខ ជូន​នាយករដ្ឋមន្ត្រី​អង់គ្លេស កាលពីថ្ងៃទី៩ ខែកញ្ញា សម្តេច​តេជោ ហ៊ុន សែន លើកឡើងថា ការយាងសោយ​ទិវង្គតរបស់ព្រះមហាក្សត្រិយ៍ អេលីហ្សាបែត ទី២ គឺជាការបាត់បង់​ចំពោះពិភពលោទាំងមូលផងដែរ​។ ​ព្រះមហាក្សត្រិយ៍ អេលីហ្សាបែត ទី២ គឺជា​ឥស្សរជន​ដ៏គួរឱ្យ​ស្ងប់ស្ញែង​មួយអង្គ ដែលតែងតែ​ប្រកាន់យ៉ាងខ្ជាប់ខ្ជួន​នូវ​រាជកិច្ច រាជវិន័យ និងប្រកបដោយ​ព្រះរាជ​បញ្ញាញាណ។

តាមសម្តេចតេជោ ព្រះមហាក្សត្រិយ៍ នឹងគង់​នៅក្នុងការចងចាំរបស់​ប្រជាជន​អង់គ្លេសគ្រប់ៗរូប និងពលរដ្ឋជាច្រើនទៀត ក្នុងពិភពលោកជារៀងរហូត។

ស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា បានប្រកាសថា វិមាន Buckingham បានប្រកាសថា ព្រះមហាក្សត្រិយានី Elizabeth II បានសោយទិវង្គត នៅ Balmoral Castle នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២២។

ទង់សហភាពរបស់ចក្រភពអង់គ្លេស ត្រូវបានបង្ហូតចុះពាក់កណ្តាល នៅតាមអគាររដ្ឋាភិបាលចក្រភពអង់គ្លេស និងបេសកកម្មការទូតជុំវិញពិភពលោក រួមទាំងស្ថានទូតអង់គ្លេស ប្រចាំទីក្រុងភ្នំពេញ ដើម្បីជាការគោរពដល់​ព្រះវិញ្ញាណក្ខន្ធរបស់ព្រះមហាក្សត្រី។

ស្ថានទូតអង់គ្លេស ក៏បានប្រកាសពី​ការផ្ញើរសាររំលែកទុក្ខ ដោយស្ថានទូត រៀបចំ​សៀវភៅរំលែកទុក្ខតាមប្រពន័្ធអនឡាញ មាននៅលើគេហទំព័ររបស់ The Royal សម្រាប់អ្នក ដែលចង់ផ្ញើសាររំលែកទុក្ខផ្ទាល់ខ្លួន៖ https://www.royal.uk/

ចំណែក​សៀវភៅរំលែកទុក្ខ នៅស្ថានទូតអង់គ្លេស ប្រចាំរាជធានីភ្នំពេញ នឹងបើកនៅចន្លោះម៉ោង ១០.០០ ដល់ ១៥.០០ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

ប្រសិនបើជនជាតិអង់គ្លេស និងប្រជាជន ដែលជាសមាជិករបស់ប្រទេស Commonwealth ចង់ចុះហត្ថលេខា និងផ្ញើរសារក្នុងសៀវភៅរំលែកទុក្ខ សូមធ្វើដំណើរមកកាន់ស្ថានទូត​អង់គ្លេសភ្នំពេញ។

សូមពិចារណាថា អាចមានការតម្រង់ជួរយូរនៅដើមសប្តាហ៍ក្រោយ។ ភ្ញៀវទាំងអស់ នឹងត្រូវបានត្រួតពិនិត្យសុវត្ថិភាព មុនអនុញ្ញាតអោយចូលទៅក្នុងស្ថានទូត៕

Powered by Blogger.