បុរសម្នាក់ប្រើល្បិចលើនារីខារ៉ាអូខេ៣នាក់ជាបន្តបន្ទាប់អស់ជាង១ពាន់ដុល្លារ
បុរសម្នាក់ដើរធ្វើសកម្មភាពឆបោ.កនារីបំរើខារ៉ាអូខេជាបន្តបន្ទាប់ចំនួន៣នាក់ ដោយយកលុយ ទូរស័ព្ទ និងគ្រឿងអលង្ការពីនារីរងគ្រោះរហូតដល់ជាង១ពាន់ដុល្លារឯណោះ រួចមកក៏រត់គេចខ្លួនបាត់ស្រមោល ក្រោយមកក៏ត្រូវបាននារីរងគ្រោះប្រទះឃើញ ខណៈកំពុងជិះម៉ូតូឌុប ក៏ចាប់ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ច ដើម្បីសួរនាំតែម្តង។
ហេតុការណ៍ឃាត់ខ្លួនខាងលើនេះ បង្កអោយមានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១៥នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវចូលវត្តតាំក្រសាំងស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមនារីរងគ្រោះទាំង៣នាក់ បានអោយដឹងថា កន្លងមក បុរសជាជនសង្ស័យរូបនោះ បានធ្វើសកម្មភាពលួងលោម រួចឆបោ.កពួកនាងជាបន្តបន្ទាប់ ដោយយកលុយ៥០ដុល្លារ ទូរស័ព្ទអាយហ្វូនចំនួន២គ្រឿង (ក្នុងនោះម៉ាក១១ម៉ែក មួយគ្រឿង និងមួយគ្រឿងទៀតម៉ាកសាវ៉េនផ្លស) និងកងដៃឈុតប្លាកទីនចំនួន២ឈុត ដែលមានតម្លៃ៨០០ដុល្លារ សរុបអស់ចំនួនជាង១ពាន់ដុល្លារឯណោះ រួចជនសង្ស័យរូបនោះក៏រត់គេចខ្លួនបាត់ស្រមោលតែម្តង ។
នារីរងគ្រោះទាំង៣នាក់ខាងលើបន្តថា លុះរហូតដល់យប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៣និង១៥នាទីយប់នេះ ពួកនាងបានជិះម៉ូតូកង់បីត្រឡប់មកពីញ៉ាំបបរ.សនៅម្តុំផ្សារស៊ិនជូរីផ្លាស្សា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ។ ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែប្រទះឃើញបុរសជាសង្ស័យរូបនោះកំពុងតែជិះម៉ូតូឌុប ដោយមានការសង្ស័យពួកនាងក៏បានអោយអ្នកបើកម៉ូតូកង់បីឈប់ រួចចុះឃាត់ចាប់ខ្លួនជនសង្ស័យ ប្រគល់អោយសមត្ថកិច្ចដើម្បីសួរនាំតែម្តង។
បច្ចុប្បន្ន បុរសសង្ស័យកំពុងសាកសួរនៅប៉ុស្តិ៍នគបាលរដ្ឋបាលកាកាបទី២ ខណ្ឌពោធិ៍សែនជ័យនៅឡើយទេ គឺប្រាកដជាមិនអាចគេចផុតពីច្បាប់ផ្តន្ទាទោសឡើយ៕
Post a Comment