ក្រសួង​សាធារណការ ប្រើ​រ៉ូបូត​ជំនួស​កម្លាំង​មនុស្ស ចុះ​ពិនិត្យ​ប្រព័ន្ធ​លូ

 ការ​ចុះ​ពិនិត្យ​ប្រព័ន្ធ​លូ ដែល​កាល​ពី​មុន​ប្រើ​កម្លាំង​មនុស្ស​សុទ្ធសាធ ឥឡូវ​មាន​ការ​ផ្លាស់​ប្ដូរ​ខ្លះ​ហើយ ក្រោយ​ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បានដាក់​រ៉ូបូត​ទៅ​ក្នុង​សេវាកម្ម​ខ្លះ​របស់​ខ្លួន ដោយ​ថ្មី​ៗ​នេះ រ៉ូបូត​ត្រូវ​បាន​យក​ទៅ​បំពេញ​កិច្ចការ​ពិនិត្យ​ប្រព័ន្ធ​លូ​ក្នុង​ខេត្ត​សៀមរាប។



ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំ ក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូនៅក្នុងក្រុងសៀមរាប ខេត្ត សៀមរាប ដោយមានការចូលរួមថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញពាក់ព័ន្ធ។



តាម​ការ​បញ្ជាក់​របស់​ក្រសួង បេសកកម្ម​ការងារ​នេះ ក្រសួង​បាន​ប្រើប្រាស់នូវម៉ាស៊ីនរ៉ូប៉ូតត្រួតពិនិត្យប្រព័ន្ធលូ ដែលជាបច្ចេកវិទ្យាទំនើបមានភ្ជាប់ជាមួយកាមេរ៉ា ដែល​អាចមើលឃើញ​ស្ថានភាព​ជាក់​ស្ដែង​ប្រព័ន្ធ​លូផ្ទៃខាងក្នុង ការកកស្ទះ ឬការខូចខាត ដើម្បីចាត់វិធានការដោះស្រាយបានទាន់ពេលវេលា។

ឯកឧត្តម ស៊ុន ចាន់ថុល បាន​គូស​បញ្ជាក់​ថា នេះ​ជា​ការ​សាក​ល្បង​របស់​ក្រសួង ក្នុង​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​រ៉ូបូត​នេះ​។ ឯកឧត្តម មានប្រសាសថា ៖ «ក្រសួងសាធារណការកំពុងសាកល្បង ប្រើម៉ាស៊ីនទំនើបពិនិត្យលូទឹកកខ្វក់ និងលូទឹកភ្លៀង នៅក្នុងក្រុងសៀមរាប ដែលម៉ាស៊ីននេះនឹងបង្កភាពងាយស្រួលដល់មន្រ្តីជំនាញក្នុងការត្រួតពិនិត្យប្រព័ន្ធលូ...»

ក្រៅ​ពី​នាំ​យក​រ៉ូបូត​ដល់​ពិនិត្យ​ប្រព័ន្ធ​លូ​នៅ​សៀមរាប ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏​បានពិនិត្យ និងចាត់​វិធានការដោះស្រាយ មូលហេតុនៃការបង្កឱ្យមានជំនន់ទឹកភ្លៀង ជន់លិចបណ្តាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប បង្កការបាក់ច្រាំងដងស្ទឹងសៀមរាប និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ។

ឆ្លង​តាម​ការ​អង្កេត សំរាម គឺ​ជា​មូលហេតុ​មួយ។ នៅ​ក្នុងបទសម្ភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើ និងសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវថ្នល់របស់យើងទាំងអស់គ្នា សម្អាតចិញ្ចើមផ្លូវមុខផ្ទះឱ្យបានស្អាត ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ពីព្រោះសំរាមជាប្រភពនាំមកនូវកកស្ទះដល់ប្រព័ន្ធលូ ជាពិសេសកុំចាក់ដីខ្ពស់ជាងផ្លូវ ដែលអាចបង្កឱ្យមានការជន់លិច ធ្វើឱ្យផ្លូវឆាប់ខូចមុនអាយុកាល៕
Powered by Blogger.