សម្ដេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ប្រតិភូ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ចូល​ជួប​សម្ដែង​ការ​គួរសម

 នៅ​សណ្ឋាគារ​សុខា សៀមរាប នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២២នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាតឲ្យ​ប្រតិភូ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ដឹកនាំ​ដោយ​លោក​ជំទាវ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ព្រុយ​ណេ ចូល​ជួប​សម្ដែង​ការ​គួរសម ​ក្នុង​ឱកាស​ដែល​ប្រតិភូ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន លើក​ទី​៥៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ទឹកដី​អង្គរ ខេត្តសៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។



លោក​ជំទាវ បាន​គោរព​សម្ដែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ តាង​នាម​ឲ្យ​ប្រតិភូ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ចំពោះ​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ជាទី​បំផុត និង​ការ​រៀបចំ​ឲ្យ​មាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ខេត្តសៀមរាប​នា​ពេល​នេះ​ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ លោក​ជំទាវ ក៏​បាន​សូម​គោរព​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​តេ​ជោ ដើម្បី​ធ្វើ​យ៉ាងណា ឲ្យ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​នេះ ទទួល​បាន​ជោគជ័យ ​។











ជា​ការ​ឆ្លើយ​តប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍​ប្រតិភូ​ទាំងមូល​ដោយ​ក្ដី​រីករាយ ជាមួយ​ប្រសាសន៍​ថា កម្ពុជា បាន​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​-១៩ បាន​យ៉ាង​ជោគជ័យ ។ កម្ពុជាបាន​បើក​ប្រទេស​ឡើង​វិញ បាន​បើក​កិច្ចប្រជុំ​ផ្ទាល់​នេះ សបញ្ជាក់​ឲ្យ​ឃើញ​ថា កូ​វី​ដ​-១៩ មិនមែន​ជា​បញ្ហា​ទៀត​នោះ​ទេ​ ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ទៀត​ថា អ្វី​ជា​បញ្ហា​នៅ​ពេល​នេះ គឺ​ភាព​មិន​ច្បាស់លាស់​ផ្នែក​សេដ្ឋកិច្ច សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ​ជា​បញ្ហា​មួយ ប៉ុន្តែ​ភាព​ច្របូកច្របល់​ផ្នែក​សេដ្ឋកិច្ច​ ជា​បញ្ហា​មួយទៀត ដែល​បង្ក​ឡើង​ដោយ​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​រុ​ស្ស៊ី ដោយ​ទណ្ឌកម្ម​ទាំង​អស់នោះ មិន​ប៉ះពាល់​តែ​សេដ្ឋកិច្ច​នៅ​អឺរ៉ុប​ប៉ុណ្ណោះ​ទេ គឺ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក្នុង​កាលៈទេសៈ​នេះ បាន​រំលេច​ចេញ​នៅ​កាលានុវត្តភាព​ខាង​សេដ្ឋកិច្ច ពី​ការ​កើនឡើង​លើ​វិស័យ​ពាណិជ្ជកម្ម​ក្នុង​តំបន់ ជា​អាទិ៍​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​វៀតណាម ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ថៃ ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ឡាវ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​ទៀត មានការ​កើនឡើង ក្នុង​ន័យ​នេះ សម្ដេច​តេ​ជោ បាន​ផ្ដល់​ឱ្យ​ប្រតិភូ​ទាំងមូល​នូវ​អនុសាសន៍​ឲ្យ​មានការ​ពង្រីក​បន្ថែម​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ក្នុង​ក្រប​ខណ្ឌ​អា​ស្តា ដែល​ជា​ពាណិជ្ជកម្ម​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ជាមួយនឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ដទៃ​ទៀត រួម​ទាំង​ក្នុង​ក្រប​ខណ្ឌ អា​ស៊ឹ​ម (ASEM) ផង​ដែរ​ ៕

Powered by Blogger.