ទាហានពីរនាក់ស្លាប់ និងរបួសម្នាក់ នៅក្នុងហេតុការណ៍បាញ់ប្រហារមួយ នៅឯបន្ទាយយោធាក្នុងក្រុងទេពមហានគរ (បាងកក) ប្រទេសថៃឡង់ដ៍

 យោងទៅតាមការបញ្ជាក់ពីមន្ត្រីនគរបាល និងទាហានថៃ បានឱ្យដឹងនៅរសៀលថ្ងៃនេះថា ទាហានថៃម្នាក់បានបាញ់សម្លាប់មនុស្ស ២នាក់ និងបង្កឱ្យម្នាក់ទៀតរងរបួស តាមរយៈការបាញ់ប្រហារ ស្ថិតនៅឯបន្ទាយយោធាមួយកន្លែងក្នុងទីក្រុងទេពមហានគរ (បាងកក) នៅថ្ងៃពុធនេះ។



ខ្មាន់កាំភ្លើងជាវរសេនីយ៍ទោ មានឈ្មោះថា យ៉ុងយុទ្ធ មុងកនគីម (Yongyuth Mungkornkim) វ័យ ៥៩ឆ្នាំ មានតួនាទីជាស្មៀន នៅឯមហាវិទ្យាល័យទាហានថៃ (Royal Army War College) ។ បុរសខាងលើ បានបើកសកម្មភាពបាញ់សម្លាប់ទៅលើជនរងគ្រោះបីនាក់ផ្សេងទៀតដែលជាទាហានដូចគ្នា នៅម៉ោងប្រមាណជា ៨.៤៥ នាទីព្រឹក។ ក្រោយមកគេព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន នៅម៉ោង ១០ព្រឹក។ ខណៈមូលហេតុ ដែលបណ្តាលឱ្យកើតមានឧបទ្ទវហេតុនេះ គឺកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ។




ជនរងគ្រោះដែលស្លាប់នោះជា វរសេនីយ៍ទោ ណុបប៉ារ៉ាត់ អ៊ីនថាស៊ុនថន (Nopparat Inthasunthorn) និងវរសេនីយ៍ទោ ប្រាកាន ស៊ិនសុង (Prakarn Sinsong) ។ ស្របពេលដំណាលគ្នានេះដែរ ទាហានរងគ្រោះម្នាក់ទៀត ដែលជា វរសេនីយ៍ទោមានឈ្មោះ យ៉ុងយុទ្ធ ផាន់យ៉ានុវ៉ាត់ (Yongyuth Panyanuwat) ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីទទួលការព្យាបាល ។
ទោះបីជាមានអត្រាកាន់កាប់កាំភ្លើងខ្ពស់នៅក្នុងប្រទេសថៃឡង់ដ៍ក៏ដោយ ក៏ការបាញ់ប្រហារទ្រង់ទ្រាយធំក៏កម្រកើតមានណាស់។ បើយោងតាមកាសែត Bangkok Post របស់ថៃ បានចេញផ្សាយថា កាលពីមួយឆ្នាំមុន យ៉ាងហោចណាស់ ក៏មានករណីបាញ់សម្លាប់គ្នា២ករណីដែរបានកើតឡើងនៅក្នុងជួរមន្ត្រីយោធាថៃ។
បន្ថែមលើសពីនេះទៅទៀត កាលពីឆ្នាំ ២០២០ ឧប្បត្តិហេតុដ៏សាហាវបំផុតមួយបានកើតឡើងនៅក្នុងប្រទេសថៃឡង់ដ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយគឺ ទាហានម្នាក់ បាញ់សម្លាប់មនុស្ស ២៩នាក់ និងច្រើននាក់រងរបួស មុនពេលដែលទាហានកុម្ម៉ង់ដូ (ទាហានពិសេស) បាញ់សម្លាប់ខ្មាន់កាំភ្លើងខាងលើ ។ ក្រោយពេលខាងក្រោយមកទៀតត្រូវបានគេរកឃើញមូលហេតុ គឺបណ្តាលមកពីមូលហេតុជម្លោះរឿងបំណុលដែលមិនទាន់បានដោះស្រាយទៅវិញ ៕
Powered by Blogger.