ជនបរទេស២៣០នាក់ មាន០២សញ្ជាតិ ត្រូវបានបណ្តេញចេញពីកម្ពុជា
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រកាសនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២នេះថា បានបណ្ដេញជនបរទេសចំនួន២៣០នាក់ មានស្រី៥០នាក់ ដែលមាន០២សញ្ជាតិចេញពីកម្ពុជា។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន២៣០នាក់ ស្រី៥០នាក់ មាន០២សញ្ជាតិ ៖ ជនជាតិវៀតណាមចំនួន២២៨នាក់ និងជនជាតិចិនចំនួន០២នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍ នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក។
ជាក់ស្តែងជនបរទេសចំនួន២៣០នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចស្នាក់នៅខុសច្បាប់គ្មានលិខិតឆ្លងដែន លើសទិដ្ឋាការកំណត់ និងប្រើប្រាស់ទិដ្ឋាការខុសគោលដៅ ដែល ល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍៕
Post a Comment